​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ កូរ៉េខាងជើង​នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី​២៥​កញ្ញា​នេះ​បាន​បាញ់​កាំជ្រួច​ផ្លោង​មួយ​ឆ្ពោះ​ទៅកាន់​ឆ្នេរ​ខាងកើត​របស់ខ្លួន នៅមុន​សមយុទ្ធ​យោធា​រួម​គ្នា​រវាង​យោធា​កូរ៉េ​ខាងត្បូង​និង​​អាម៉េរិក ដែល​មាន​ការចូលរួម​ពី​នាវា​ដឹក​យន្តហោះ​មួយ​និង​នៅ​មុន​ដំណើរ​ទស្សនកិច្ច​មក​កាន់​តំបន់​នេះ​ពី​សំណាក់​អនុ​ប្រធានាធិបតី​អាម៉េរិក​លោកស្រី កា​ម៉ា​ឡា ហារី​ស​។​

​យោធា​កូរ៉េខាងត្បូង​បាន​និយាយថា​វា​ជា​កាំជ្រួច​ផ្លោង​ទោល​ចម្ងាយ​ខ្លី​មួយ​ដែល​ត្រូវបាន​បាញ់​ចេញពី​ក្បែរ​តំបន់​តេ​ឆុន​( Taechon )​ក្នុង​ខេត្ត​ព្យុង​យ៉ាន​ខាងជើង​នៅមុន​ម៉ោង​៧​ព្រឹក​បន្តិច​។​

​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ជប៉ុន​លោក យ៉ា​ស៊ូ​កាហ្ស៊ូ ហា​ម៉ា​ដា បាន​និយាយថា ជប៉ុន​ប៉ាន់ស្មាន​ថា​វា​ហោះ​ក្នុង​ល្បឿន​អតិបរមា​៥០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​និង​ហោះ​ក្នុង​គន្លង​មិន​ស្មើ​មួយ​មុន​ធ្លាក់ចូល​​ក្នុង​ទឹក​នៅ​ក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ជប៉ុន និង​មិន​មាន​សេចក្តីរាយការណ៍​អំពី​បញ្ហា​ទាក់ទង​នឹង​នាវាចរណ៍​និង​អាកាសចរណ៍​ដោយសារការបាញ់នេះទេ​។​

​ពួក​អ្នកជំនាញការ​បាន​និយាយថា កូរ៉េ​ខាងជើង​បាន​សាកល្បង​កាំជ្រួច​ចម្ងាយ​ខ្លី​ជាច្រើន​នៅ​ប៉ុន្មាន​ឆ្នាំ​មក​នេះ​ដែល​រចនា​ឡើង​ដើម្បី​គេច​ពី​ប្រព័ន្ធ​ការពារ​កាំជ្រួច ដោយ​បន្ថែម​ល្បិច​ហោះ​និង​ហោះ​កាន់​​តែ​ទាប​ជាង​មុន ។​

​លោក​រដ្ឋមន្រ្តី ហា​ម៉ា​ដា បាន​បន្ថែមថា «​បើ​បូក​រួម​ទាំង​ការសាកល្បង​កាំជ្រួច​បណ្តែត នេះ​ជា​ការសាកល្បង​លើក​ទី​១៩​ជា​ចំនួន​ច្រើន​មិន​ធ្លាប់​មាន​មួយ​សំរាប់​ប្រទេស​នេះ​។​អំពើ​របស់​កូរ៉េខាងជើ​តំណាងអោយ​ការ​​គំរាម​មួយ​ចំពោះ​សន្តិភាព​និង​សន្តិសុខ​នៃ​ប្រទេស​របស់​យើង តំបន់​និង​សហគមន៍​អន្តរជាតិ …​ជប៉ុន​បាន​ធ្វើ​ការប្រឆាំង​តវ៉ា​ទៅ​តាម​ស្ថានទូត​កូរ៉េ​ខាងជើង​នៅ​ក្រុង​ប៉េកាំង​»​។​

​ការបាញ់​កាំជ្រួច​នេះ​ធ្វើឡើង​បន្ទាប់​ពី​នាវា​ដឹក​យន្តហោះ​អាម៉េរិក​USS Ronald Reagan បាន​ទៅ​ដល់​កូរ៉េខាងត្បូង​ដើម្បី​ចូលរួម​សមយុទ្ធ​រួមគ្នា​ជាមួយ​កងកម្លាំង​កូរ៉េខាងត្បូង នៅមុន​ការ​ទៅដល់​​ទីក្រុង​សេ​អ៊ូ​ល​របស់​លោកស្រី​ហារី​ស​នៅក្នុង​សប្តាហ៍​នេះ​។​

​វា​ក៏​ជា​លើកដំបូង​ដែល​កូរ៉េខាងជើង​ធ្វើ​ការសាកល្បង​ដូច្នេះ​ក្រោយ​ការបាញ់​កាំជ្រួច​ផ្លោង​៨​គ្រាប់​ក្នុង​មួយថ្ងៃ​កាលពីដើម​ខែ​មិថុនា ដែលនាំអោយ​សហរដ្ឋ​អាម៉េរិក​អំពាវនាវ​អោយមាន​ការដាក់ទណ្ឌកម្ម​​បន្ថែម​ដោយសារតែ​​រដ្ឋ​កុំម្មុយនីស្ត​ឯកោ​មួយ​នេះ​រំលោភ​លើ​សេចក្តីសំរេចចិត្ត​របស់​​អង្គការសហប្រជាជាតិ​។

​កូរ៉េខាងជើង​ច្រានចោល​សេចក្តីសំរេចចិត្ត​របស់​អង្គការសហប្រជាជាតិ ដោយ​ចាត់ទុក​វា​ថា​ជា​ការរំលោភ​សិទ្ធិ​អធិបតេយ្យ​របស់ខ្លួន​ក្នុង​ការការពារ​ខ្លួន​និង​ការសិក្សា​ស្រាវជ្រាវ​អវកាស​ហើយ​កន្លងមក​​បាន​រិះគន់​សមយុទ្ធ​រួម​គ្នា​រវាង​អា​ម៉េ​រិក​និង​កូរ៉េខាងត្បូង​នេះ​ថា​ជា​តឹកតាង​បញ្ជាក់​ពី​គោលនយោបាយ​អរិភាពរ​បស់​ពួកគេ​។​

​សមយុទ្ធ​នេះ​ក៏​រង​ការរិះគន់​ពី​រុស្ស៊ី​និង​ចិន ដែល​បាន​អំពាវនាវ​អោយ​គ្រប់​ភាគី​កុំ​ចាត់​វិធានការ​ណា​ដែ​លប​ង្ក​ភាព​តាន​តឹង​នៅក្នុង​តំបន់ និង​ក៏​បាន​អំពាវនាវ​អោយ​សម្រាល​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​​ផងដែរ​៕

​កូរ៉េខាងជើង​បាញ់​កាំជ្រួច​ផ្លោង​នៅមុន​ដំណើរ​ទស្សនកិច្ច​របស់​អនុ​ប្រធានាធិបតី​អាម៉េរិក​នៅ​សប្តាហ៍​នេះ​