ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ លោក គង់ ភោគ រដ្ឋលេខាធិការ នៃ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ជា​ប្រធានការិយាល័យ ប្រេសិត​ពិសេស​របស់ ប្រធាន​អាស៊ាន ស្ដីពី​មី​យ៉ាន់​ម៉ា បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ ទៅ​បំពេញ​ទស្សនកិច្ច ការងារ នៅ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា ចាប់ពី​ថ្ងៃទី​២០-២៤ ខែកញ្ញា ឆ្នាំ​២០២២​។ នេះ​បេ​ី​តាម​ការបញ្ជាក់​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២២​។

​ក្នុងឱកាស​នោះ ប្រធានការិយាល័យ​ប្រេសិត​ពិសេស របស់​ប្រធាន​អាស៊ាន ស្ដីពី​មី​យ៉ាន់​ម៉ា បាន​ជួបពិភាក្សា​ការងារ ជាមួយ​ថ្នាក់ដឹកនាំ ពាក់ព័ន្ធ​មី​យ៉ាន់​ម៉ា សំខាន់ៗ រួមមាន (១) លោក វ៉ុ​ន​ណា ម៉ោង​ល្វី​ន រដ្ឋមន្ត្រីការបរទេស (២) លោក កូ កូ ឡាំង រដ្ឋមន្ត្រី​សហប្រតិបត្តិការ​អន្តរជាតិ និង​ជា​ប្រធាន​ក្រុមការងារ​មី​យ៉ាន់​ម៉ា ទទួលបន្ទុក ជំនួយ​មនុស្សធម៌ (៣) លោក​បណ្ឌិត ទិ​ត ខា​ញ​វីន រដ្ឋមន្ត្រី​សុខាភិបាល (៤) លោកស្រី បណ្ឌិត ទិ​ត ទិ​ត​ខា​ញ រដ្ឋមន្ត្រី​សុខា​មាល​ភាព​សង្គម និង (៥) ឧ​ត្ត​ម​សេនីយ៍​ឯក មីន ណុង លេខាធិការ​គណៈកម្មាធិកា​រ​សាមគ្គី​ជាតិ និង​ការបង្កើត​សន្តិភាព (NSPNC)​។​

​កិច្ច​ពិភាក្សាបាន​ផ្តោតលើ​វី​ធី ក្នុងការ​ជំរុញឱ្យមាន​វឌ្ឍនភាព​បន្ថែម​ក្នុងការ​អនុវត្ត កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​ប្រាំ​ចំណុច និង​ព​ន្លឿ​ន​ការផ្តល់​ជំនួយ​មនុស្សធម៌ របស់​អាស៊ាន ដល់​ប្រជាជន​មី​យ៉ាន់​ម៉ា រួមទាំង​ការបញ្ចប់​ឱ្យបាន​ឆាប់ នូវ​ការវាយតម្លៃ​តម្រូវ​ការរួម (JNA) របស់​មជ្ឈមណ្ឌល​សម្រប​សម្រួល​អាស៊ាន សម្រាប់​ជំនួយ​មនុស្សធម៌ និង​គ្រោះមហន្តរាយ (AHA Centre)៕/V​