ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ នៅវេលា​យប់ ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២២ ស្ពានឈើ​មួយកន្លែង នៅ​តំបន់​ចាក់​ទឹម បាន​រង​បាក់ស្រុត ដោយសារ​ទឹកជំនន់​ទឹកភ្លៀង ហូរ​បុក​ស្ពាន ធ្វើ​ឲ្យ​អ្នកដំណើរ និង​រថយន្ត ឆ្លងកាត់ ជាប់គាំង ។ ដោយឡែក ផ្លូវលំ ក្រាល​ក្រួស​ក្រហម មួយ​ខ្សែ ប្រមាណ​ជាង ៣០ គីឡូម៉ែត្រ រង​ការខូចខាត​ស្ទើរតែ ទាំងស្រុង និង​ពិបាក ក្នុងកា​ធ្ចើ​ដំណើរ​ចូល​ទី​កម្សាន្ត ក្នុង​តំបន់​រមណីយដ្ឋាន​ធម្មជាតិ ទឹកធ្លាក់​ថ្ម​ក្រាល ។ ផ្លូវ​ទៅកាន់​តំបន់​ទឹកធ្លាក់ ថ្ម​ក្រាល​នោះ ស្ថិតក្នុង​ភូមិ​កោះ​ខ្ទម្ព ឃុំ​ជៀប ស្រុក​ទឹកផុស ។​

​ដោយមាន​ការយកចិត្ត​ទុកដាក់ ចំពោះ​សុខទុក្ខ​លំបាករ​បស់បង​ប្អូន​ប្រជាពលរដ្ឋ ដែល​ចូល​មកលេង​កម្សាន្ត នៅ​តំបន់​ទេសចរណ៍​ទឹកធ្លាក់​ថ្ម​ក្រាល​នេះ លោក ស៊ុន សុ​វណ្ណា​រិ​ទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង និង​លោកស្រី កែ ច័ន្ទ​មុនី តំណាងរាស្ត្រ​មណ្ឌល កំពង់ឆ្នាំង រួម​ដំណើ​ដោយ​មន្ត្រី​ជាច្រើនរូប បាន​ចុះមក​ពិនិត្យមើល​ស្ថានភាព​ជាក់ស្ដែង នៅ​ចំណុច​ទំនប់ទឹក​ចាក់​ទឹម ដែល​កំពុង​សាងសង់ ដោយ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ។​

​ភ្លាមៗ​នោះ លោក ស៊ុន សុវណ្ណារិទ្ធ បាន​ជំរុញ​ឱ្យ​ក្រុមការងារ ធ្វើការ​ដោះស្រាយ​បន្ទាន់ ដើម្បី​ឲ្យ​ស្ពានឈើ​បណ្ដោះអាសន្ន​មួយ​នេះ ដំណើរការបាន​ឡើងវិញ ជា​ប្រក្រតី និង​បាន​ជួយ​សម្រួល​ចរាចរណ៍ ជូន​បងប្អូន​ប្រជាពលរដ្ឋ ឆ្លងកាត់​ស្ពានឈើ​នេះ ដោយ​សុខ​សុវត្ថិភាព​ទាំងអស់គ្នា ដោយ​មិន​បណ្ដោយ​ទុក​ឲ្យ​រងគ្រោះ ដល់​បងប្អូន ប្រជាពលរដ្ឋ ជា​អ្នកដំណើរ​ឆ្លងកាត់​នោះឡើយ​។​

​បើ​យោងតាម​របាយការណ៍ ដែល​រស្មី​កម្ពុជា ទទួលបាន​នៅ​ថ្ហៃ​ទី​២៥ កញ្ញា​នេះ​ថា យប់ម្សិល​មិញ​នេះ លោក​អភិបាលខេត្ត បាន​បញ្ជា​ឱ្យ​កក់​បន្ទប់​ចំនួន ៣០ បន្ទប់ សម្រាប់​បងប្អូន​ភ្ញៀវទេសចរ ស្នាក់នៅ នៅពេល​ស្ពានឈើ ដែល​រង​ការបាក់​ស្រុត មិនទាន់​អាចធ្វើ​ដំណើរ​ទៅមក​បាន​នោះ​។​

​ក៏ប៉ុន្តែ ដោយមាន​ការអន្តរាគមន៍​ពី​លោក​អភិបាលខេត្ត​កំពង់ឆ្នាំង ក្រុមការងារ និង​សមត្ថកិច្ច​ជំនាញ​ទាំងអស់ បាន​ខិតខំ​ប្រឹងប្រែង​ជួសជុល កែសម្រួល​ឱ្យ​ស្ពាន​មួយ កំណាត់​នេះ ធ្វើការ​ឆ្លងកាត់​ទៅមក បាន​ឡើងវិញ​ជា​ប្រក្រតី នៅវេលា​ម៉ោង ៦ ល្ងាច នា​ថ្ងៃនោះ​។​

​ជាមួយនឹង​ការថ្លែងអំណរគុណ ចំពោះ​ការអន្តរាគមន៍ ក្នុងការ​ជួសជុល​ស្ពានឈើ​នេះ អ្នកទេសចរ​មួយចំនួន ក៏បាន​សំណូមពរ​ដល់​លោក​អភិបាលខេត្ត​កំពង់ឆ្នាំង ក៏ដូចជា ក្រុមការងារ​ទាំងអស់ សូមមេត្តា​ជួសជុល​កែលម្អ​ផ្លូវ​មួយ​ខ្សែ ប្រវែង​ប្រមាណ​ជា ៣០ គីឡូម៉ែត្រ ទៅដល់​រមណីយដ្ឋាន​ទឹកធ្លាក់​ថ្ម​ក្រាល ដើម្បី​ងាយស្រួល​ក្នុងការ​ធ្វើដំណើរ​ទៅមក របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់ ជាពិសេស របស់​ភ្ញៀវទេសចរ ដែល​ចង់​មកលេង កម្សាន្ត នៅ​តំបន់​រមណីយដ្ឋាន​ទឹកធ្លាក់​ថ្ម​ក្រាល​៕/V​