ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ សាលា​ជាតិ​រដ្ឋបាល​មូលដ្ឋាន ក្រសួងមហាផ្ទៃ បាន​សហការ​ជាមួយ រដ្ឋបាលខេត្ត​បន្ទាយមានជ័យ រៀបចំ​បិទ​វគ្គ​បណ្តុះបណ្តាល​បឋម ដល់​មន្ត្រីរាជការ​ស៊ីវិល ក្របខ័ណ្ឌ​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់ និង​មន្ត្រី​ក្រមការ ដែល​បាន​ប្រឡង​ជាប់ ក្នុង​ឆ្នាំ​២០២១ ដែលមាន​សិក្ខាកាម​សរុប​ចំនួន ១៣៥ រូប ស្រី​៤១​រូប ដែល​អញ្ជើញ​មកពី​២៣ រាជធានី ខេត្ត​។ ពិធី​នេះ បានធ្វើ​ឡើង​នៅ​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២២ នៅ​សាលប្រជុំ​សាលាខេត្ត​បន្ទាយមានជ័យ ដែល​ខេត្ត​ជា​ម្ចាស់ផ្ទះ ផ្តល់​កន្លែង​រៀបចំ ក្រោយពេល​បើក​វគ្គ កាលពី​ថ្ងៃទី​១៩ ខែកញ្ញា កន្លងមកនេះ​។​

​លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ លោក លឹម ពុទ្ធា​វី ប្រធាន​នាយកដ្ឋាន បណ្តុះបណ្តាល នៃ​សាលា​ជាតិ​រដ្ឋបាល​មូលដ្ឋាន ក្រសួងមហាផ្ទៃ លោក លី សុ​វណ្ណា​រឹទ្ធិ អភិបាលរង​ខេត្ត លោក ណង វុទ្ធី នាយក​រដ្ឋបាល​និង គ្រូឧទ្ទេស មន្ត្រី​ពាក់ព័ន្ធ​ជាច្រើនរូប បាន​អញ្ជើញ​ចូលរួម ក្នុងឱកាស​នោះ ។​

​លោក គឹម គ័ង​ឆេ គ្រូឧទ្ទេស​ថ្នាក់ជាតិ នៃ​វគ្គ​នេះ បានឱ្យដឹងថាៈ សាលា​ជាតិ​រដ្ឋបាល មូលដ្ឋាន ក្រសួងមហាផ្ទៃ បាន​សហការ​ជាមួយ​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ រៀបចំ​វគ្គ​បណ្តុះបណ្តាល​បឋម នៅ​សាលប្រជុំ​សាលាខេត្ត ដែលមាន​សិក្ខាកាម​សរុប ចំនួន​១៣៥​រូប /​ស្រី​៤១​រូប ដែល​មកពី​២៣ រាជធានី ខេត្ត​។

​ទន្ទឹមនឹង​នេះដែរ វគ្គ​បណ្តុះបណ្តាល​នេះ រៀបចំឡើង​ក្នុង​គោលបំណង ដើម្បី​លើកកម្ពស់ សមត្ថភាព​របស់​មន្ត្រី​រាជការ ដែល​បាន​ប្រឡង​ជាប់​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ស៊ីវិល ក្នុង​ឆ្នាំ​២០២១ ដោយមាន​ការចូលរួម ផ្តល់​បទឧទ្ទេសនាម ពី​សំណាក់​គ្រូឧទ្ទេស ដែល​អញ្ជើញ​មកពី​សាលា​ជាតិ​រដ្ឋបាល​មូលដ្ឋាន ក្រសួងមហាផ្ទៃ និង​ធើ្វ​ការបណ្តុះ បណ្តាល ទៅលើ​មេរៀន សំខាន់ៗ​មួយចំនួន ដូចជា មេរៀន​ទី​១ នីតិ​មុខងារសាធារណៈ​។
​មេរៀន​ទី​២ កំណែទម្រង់​វិមជ្ឈការ និង​វិ​ស​ហម​ជ្ឍ​ការ ។ មេរៀន​ទី​៣ រចនាសម្ព័ន្ធ ក្រសួងមហាផ្ទៃ ។ មេរៀន​ទី​៤ រចនាសម្ព័ន្ធ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។ មេរៀន​ទី​៥ អភិបាលកិច្ច​ល្អ​។ មេរៀន​ទី​៦ កិច្ចការរដ្ឋបាល ។ មេរៀន​ទី​៧ ការតាក់តែង​អត្ថបទ​។​
​អ្នកសម្របសម្រួល បាន​ប្រើ​វិធីសាស្ត្រ​មួយចំនួន ដូចជា ប្រើ​សំណួរ​បំផុសគំនិត និង ការពិភាក្សា ជាដើម​។​

​លោក លឹម ពុទ្ធា​រី ប្រធាន​នាយកដ្ឋាន​បណ្តុះបណ្តាល នៃ​សាលា​ជាតិ​រដ្ឋបាល​មូលដ្ឋាន ក្រសួងមហាផ្ទៃ បាន​និយាយថាៈ ទោះបីជា​យ៉ាងណា ក៏ដោយ វគ្គ​បណ្តុះបណ្តាល​នេះ ក៏​ជួបប្រទះ​នូវ​បញ្ហា​ប្រឈម​មួយចំនួន ផងដែរ ដោយសារតែ​ការបណ្តុះបណ្តាល មាន​រយៈពេល​ខ្លី​។​

​ជា​ចុងក្រោយ វគ្គ​បណ្តុះបណ្តាល​នេះ ត្រូវបាន​បញ្ចប់ តាម​ការគ្រោងទុក ហើយ​សង្ឃឹម ជឿជាក់ថា ធនធានមនុស្ស​ដ៏​មានតម្លៃ សម្រាប់​រដ្ឋបាលខេត្ត រាជធានី និង​ទាំង​ប្រទេស នេះ ជា​កម្លាំងចលករ​មួយ ក្នុងការ​រួមចំណែក​នូវ​ចំណេះដឹង សម្រាប់​ការ​ផ្តល់នូវ​សេវា រដ្ឋបាល​សាធារណៈ កាន់តែ​មាន​ភាព​ស័ក្តិសិទ្ធិ និង​ប្រសិទ្ធភាព ហើយក៏​អាច​កាត់បន្ថយ ការ​ប្រឈម​របស់​ប្រជាពលរដ្ឋ​ផងដែរ ។​

​លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ បាន​មានប្រសាសន៍ថាៈ ដោយសារ​ទេព កោសល្យ និង​វិធីសាស្ត្រ​ល្អ នៃ​ការបណ្តុះបណ្តាល នឹង​ធ្វើឱ្យ​សិក្ខាកាម អាច​យកទៅ អនុវត្ត​ភារកិច្ច នៅ​មូលដ្ឋាន​ខ្លួន​បាន ប៉ុន្តែ​សិក្ខាកាម ត្រូវ​បើកចំហរ និង​ស្វះ​ស្វែងរក ថែមទៀត ក្នុង​ការរក​ចំណេះដឹង ជំនាញ សមត្ថភាព​ដែល​គ្មាន​ដែន​កំណត់​នេះ ។​

​លោក​អភិបាលខេត្ត​បន្ទាយមានជ័យ បាន​លើក​ពីបទ​ពិសោធន៍ និង​ណែនាំ​បន្ថែម ក្នុងនាម​រៀមច្បង នូវ​ចំណុច​មួយចំនួន មានដូចជាៈ សូម​សិក្ខាកាម​ព្យាយាម​អាន​សៀវភៅ លិខិតបទដ្ឋាន​គតិយុត្តិ និង​ឯកសារ​ពាក់ព័ន្ធ​បន្ថែម ។ ដើម្បី​បំពេញការងារ​របស់ខ្លួន ឱ្យមាន​ប្រសិទ្ធភាព លោកអ្នក គួរ​បើក​ចិត្ត​ឱ្យ​ទូលាយ ចេះ​ស្តាប់ និង​ស្វែងយល់ ពី​រចនាសម្ព័ន្ធ បុគ្គលិកលក្ខណ​:​សំខាន់ៗ នីតិវិធី និង​របៀបរបប នៃ​ការអនុវត្ត​ការងារ នីមួយៗ ។ ក្រមសីលធម៌ ត្រូវ​ប្រកាន់ខ្ជាប់ ចេះ​យោគយល់​អធ្យាស្រ័យ​គ្នា សហការ គោរព​គ្នា​។ កុំ​គិតថា​គ្នា​នរណា​ចេះ គ្រាន់បើ​ជាង​ខ្លួន ហើយ​ស្វែងយល់​ពី​សុភាសិត ” ងើយ​ស្កក ឱនដាក់គ្រាប់​” ។ ត្រូវ​ចេះ​ច្នៃប្រឌិត កុំ​ធ្វើតាម​ទម្លាប់ ផ្លាស់ប្តូរ​បត់បែន តាម​ជាក់ស្តែង ។ ធ្វើ​បច្ចុប្បន្នភាព ចំណេះ​ជំនាញ​របស់​ខ្កួ​ន ឱ្យនៅតែ​មុត​ថ្លា ប្រើការ​បានជា​ប្រចាំ មិន​ដូច​កាំបិត មុត​តែ​ក្នុង​ស្រោម​។ ត្រូវ​ដើរ​ឱ្យទាន់​បច្ចេកវិទ្យា​ទំនើប ហើយ​សិក្សា​ស្រាវជ្រាវ រៀនសូត្រ សួរ​គេឯង កុំ​ខ្លា​ចអន់ ” ថោក​អី​នឹង​ដៃ ថ្លៃ​អី​នឹង​មាត់ ” នោះគេ​នឹង​ប្រាប់ សហការ​ជួយ​អ្នក ៕/V​