ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ ពិធីបុណ្យ​អុំទូក​ថ្នាក់​ខេត្ត នៅ​ខេត្តបន្ទាយមានជ័យ ធ្វើជា​ប្រក្រតី ពីថ្ងៃ​ទី ២៩-៣០ ខែតុលា ឆ្នាំ​២០២២ បើទោះបីជា​នៅ​ថ្នាក់ជាតិ មិនមាន​រៀបចំ ហើយ​រដ្ឋបាលខេត្ត បាន​ជំរុញ​ឱ្យ​គ្រប់​ស្រុក ក្រុង មន្ទីរ​អង្គភាព ត្រូវ​ប្រញាប់​ឡើង បន្ទាប់ពី​កម្មវិធី​នេះ បាន​ផ្អាក ៣ ឆ្នាំកន្លងមក ដោយសារ​វិបត្តិ​សាកល នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ ១៩ ។ ក៏ប៉ុន្តែ​រដ្ឋបាលខេត្ត មិន​តម្រូវឱ្យ​ស្រុក ក្រុង មន្ទីរ​អង្គភាព រៀបចំ​បណ្តែតប្រទីប នោះទេ ។​

​ក្នុង​លិខិត​មួយច្បាប់​របស់​រដ្ឋបាល​ខេត្តបន្ទាយមានជ័យ ដែលមាន​វាយ​អក្សរ​ក្រហម បន្ថែមថា ” ប្រញាប់​ណាស់ ” ស្តីពី​ការត្រៀម​រៀបចំ​ទូក និង​គណៈកម្មការ​គ្រប់គ្រង​ទូក ដើម្បី​ចូលរួម​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ ឆ្នាំ​២០២២ នៅ​ខេត្តបន្ទាយមានជ័យ បានបញ្ជាក់​ថាៈ ឆ្នាំនេះ រាជរដ្ឋាភិបាល បានសម្រេច​ឱ្យ​ខេត្ត រាជធានី រៀបចំ​ប្រណាំងទូក ង​។​

​ដោយឡែក ខេត្តបន្ទាយមានជ័យ គណៈកម្មាធិការ​រៀបចំ​ពិធីបុណ្យ​ជាតិ អន្តរជាតិ សម្រេច​រៀបចំ នៅ​ថ្ងៃទី​២៩-៣០ ខែតុលា នៅ​ស្ទឹង​សិរីសោភ័ណ ខាងក្រោយ សាកលវិទ្យាល័យ​មានជ័យ​។​

​ដូច្នេះ មុនពេល​ពិធី​ប្រណាំង គ្រប់​ស្រុក ក្រុង មន្ទីរ អង្គភាព ត្រូវ​ពិនិត្យ ជួសជុល កែលម្អ និង​តុបតែង​ទូក​នីមួយៗ និង​រៀបចំ​គណៈកម្មការ​គ្រប់គ្រង​ទូក ប្រវត្តិ​ទូក រួច​បញ្ជូនមក សាលាខេត្ត (​នាយក​រដ្ឋបាល​) ឱ្យបាន​មុន​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២២៕/V

​កៀក​ថ្ងៃ​ដែរ​ហើយ រដ្ឋបាល ខេត្ត បន្ទាយ មានជ័យ ឆ្នាំ ២០២២ នេះ មាន រៀបចំ អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ​ថ្នាក់​ខេត្ត ធ្វើ​នៅ​ក្រុង​សិរីសោភ័ណ​ដែល​នឹង ប្រព្រឹត្ត ទៅ ថ្ងៃទី​២៩-៣០ ខែតុលា ឆ្នាំ​២០២២​ខាង មុខ នេះ ៕/V​