ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ រយៈពេល ៣​ថ្ងៃ នៃ​ថ្ងៃ​ឈប់សម្រាក​ពិធីបុណ្យ​ភ្ជុំបិណ្ឌ គឺ​ចាប់ពី​ថ្ងៃទី ២៤-២៥-២៦ ខែកញ្ញា ឆ្នាំ​២០២២ គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស កើតឡើង​ចំនួន ៣៤ លើក បាន​បណ្តាល​ឲ្យ​មនុស្ស​ចំនួន ២៧ នាក់ បាត់បង់​ជីវិត និង​របួសធ្ងន់​ស្រាល ចំនួន ៥៧ នាក់ ដោយ​ក្នុងនោះ​របួសធ្ងន់ ចំនួន ៣៤ នាក់ និង​ស្រាល​ចំនួន ២៣ នាក់​។ នេះ​បើតាម​ការបញ្ជាក់​របស់​អ្នកនាំពាក្យ អគ្គស្នងការដ្ឋាន នគរបាលជាតិ នៅ​រសៀល ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០២២​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ប្រាប់​រស្មី​កម្ពុជា​ថាៈ គ្រោះថ្នាក់​ចរាចរណ៍ រយៈពេល ៣​ថ្ងៃ នៃ​ថ្ងៃ​ឈប់សម្រាក បុណ្យ​ភ្ជុំបិណ្ឌ គឺ​ចាប់ពី​ថ្ងៃទី ២៤-២៥-២៦ ខែកញ្ញា ឆ្នាំ​២០២២ គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស កើតឡើង​ចំនួន ៣៤ លើក បាន​បណ្តាល​ឲ្យ​មនុស្ស​ចំនួន ២៧ នាក់ បាន​ស្លាប់ និង​រងរបួស​ចំនួន ៥៧ នាក់ ដោយ​ក្នុងនោះ របួសធ្ងន់​ចំនួន ៣៤ នាក់ និង​របួសស្រាល ចំនួន ២៣ នាក់​។

​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​រៀបរាប់ថាៈ គ្រោះថ្នាក់​ចរាចរណ៍ ទូទាំងប្រទេស នា​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២២ កើតឡើង​ចំនួន ៨ លើក ស្លាប់ ៨ នាក់ និង​របួស ១៤ នាក់ ដោយ​ក្នុងនោះ របួសធ្ងន់​ចំនួន ៩​នាក់ និង​ស្រាល​ចំនួន ៥​នាក់​។ នៅ​ថ្ងៃទី​២៥ ខែកញ្ញា គ្រោះថ្នាក់​ចរាចរណ៍ កើតឡើង​ចំនួន ១៣ លើក ស្លាប់ ១១ នាក់ និង​របួស ១៩ នាក់ ដោយ​ក្នុងនោះ របួសធ្ងន់​ចំនួន ១២ នាក់ និង​ស្រាល​ចំនួន ៧ នាក់​។ នៅ​ថ្ងៃទី​២៦ ខែកញ្ញា គ្រោះថ្នាក់​ចរាចរណ៍ កើតឡើង​ចំនួន ១៣ លើក ស្លាប់ ៨ នាក់ និង​របួស ២៤ នាក់ ដោយ​ក្នុងនោះ របួសធ្ងន់​ចំនួន ១៣ នាក់ និង​ស្រាល​ចំនួន ១១ នាក់​។​/V​