​ដោយ​៖​ដេប៉ូ / បាត់ដំបង​៖ ប្រជា​សហគមន៍ នៅ​តំបន់ការពារធម្មជាតិ ទឹកធ្លាក់​អូរ​ជាំ បាននាំគ្នា​ឡើង​ភ្នំ ដើររក​ដក​រុក្ខជាតិ​ម្យ៉ាង ដែល​ដុះ​លើ​ថ្ម ហើយ​ដែល​អ្នកស្រុក​នាំគ្នា ហៅថា “ ផ្កាថ្ម ” ដើម្បី​ទុក​លក់​ទៅឱ្យ​ឈ្មួញ ដែល​អាចជួយ​ដោះស្រាយ​ជីវភាព​គ្រួសារ របស់​ពួកគាត់​។​

​សូមបញ្ជាក់ថា ទឹកធ្លាក់​អូរ​ជាំ គឺជា​រមណីយដ្ឋាន​ធម្មជាតិ​មួយ ដែល​ស្ថិតនៅ ប៉ែក​ខាងលិច​ឆៀង​ខាងត្បូង ទី​រួម​ខេត្តបាត់ដំបង មាន​ចម្ងាយ ៨០ គឺ​ឡូ​ម៉ែត្រ ពី​ទី​រួម​ខេត្ត ស្ថិតនៅ​ក្នុងភូមិ​អូរ​ជាំ ឃុំ​កំពង់​ល្ពៅ ស្រុក​សំឡូត ខេត្តបាត់ដំបង ។​

​ទាក់ទិន​ក្នុង​រឿងនេះ លោក វឹង វីន អនុប្រធាន​សហគមន៍ តំបន់ការពារធម្មជាតិ ទឹកធ្លាក់​អូរ​ជាំ បានឱ្យដឹងថាៈ រុក្ខជាតិ​ដុះ​លើ​ផ្ទាំង​ថ្ម ឬ​គេ​ហៅថា ផ្កាថ្ម​នេះ វា​ដុះ​តែ​តាម​លើ ផ្ទាំង​ថ្មភ្នំ​ប៉ុណ្ណោះ​។ រុក្ខជាតិ​ប្រភេទ​នេះ វា​ដុះ​ស្ទើរ​គ្រប់​រដូវ​កាល គ្រាន់តែ​រដូវភ្លៀង​ធ្លាក់ វា​ដុះ​ច្រើន​។ ដោយ​ឃើញ​មាន​ទីផ្សារ បច្ចុប្បន្ននេះ ប្រជា​សហគមន៍ តែង​នាំគ្នា​ឡើង​ភ្នំ រក​អនុផល​ព្រៃឈើ ដោយ​ដក​ផ្សិត ដក​ផ្កាថ្ម និង​បន្លែបង្ការ មក​ទុក​ធ្វើ​ម្ហូប​លក់​ជូន ភ្ញៀវទេសចរ​។​

​អនុប្រធាន​សហគមន៍ តំបន់ការពារធម្មជាតិ ទឹកធ្លាក់​អូរ​ជាំ​រូបនេះ បានបញ្ជាក់​ប្រាប់ថាៈ ”​ខ្ញុំ​បាន​ដើររក​ដក​ផ្កាថ្ម​នេះ មក​លក់​ឱ្យ​ឈ្មួញ ក្នុង​មូ​យ​ថ្ងៃ អាច​រកបាន ៦ ទៅ ១០ គីឡូក្រាម បាន​ប្រាក់​គ្រាន់​ដោះស្រាយ​ជីវភាព​ដែរ​។ ទោះបីយ៉ាងណា ពេលនេះ ឈ្មួញ​គេ​ចាប់ផ្តើម​បន្ថោក​តម្លៃ ឱ្យ​ត្រឹមតែ ៣ ម៉ឺន​ទៅ ៥ ម៉ឺន​ទេ​”​។​

​លោក វឹង វីន បានឱ្យដឹង​បន្ថែមថាៈ រុក្ខជាតិ​ផ្កាថ្ម​នេះ ភាគច្រើន ជនជាតិ​ចិន គេ​ដើរ​ប្រមូល​ទិញ ដើម្បី​យកទៅ​ធ្វើ​ឱសថ​បុរាណ​។ បើតាម​គេ​ប្រាប់​នោះ គឺ​វា​ជា​ឱសថ ពូកែ​គ្រាន់បើ តែ​លោក​ក៏​មិនដឹងថា គេ​យកទៅ​ធ្វើ​ឱសថ សម្រាប់​ព្យាបាល​ជំងឺ​អ្វី​ដែរ​ទេ ។​

​ដោយឡែក លោក នី​ម រ៉ុ​ម ប្រជា​សហគមន៍ តំបន់ការពារធម្មជាតិ ទឹកធ្លាក់​អូរ​ជាំ មួយរូប បានឱ្យដឹងថាៈ រយៈពេល ៤-៥ ឆ្នាំ​មកហើយ ពួកគាត់​តែង​នាំគ្នា​ដើរ​ដក​រុក្ខជាតិ​មួយ ប្រភេទ​នេះ ដើម្បី​យកទៅលក់​ឱ្យ​ក្រុម​ឈ្មួញ ដែល​អាចរ​រក​ចំណូល​បន្ថែម ក្រៅពី​របរ​កសិកម្ម ការលក់ដូរ​សម្រាប់​ភ្ញៀវទេសចរ ហើយ​ការរក​អនុផល​ព្រៃឈើ​នេះ ជា​រឿង​មួយ​សំខាន់ សម្រាប់​ពួកគាត់​ផងដែរ​។​

​បុរស​រូបនេះ បានឱ្យដឹង​បន្ថែមថាៈ “ ផ្កាថ្ម​នេះ ច្រើន​ដុះ​នៅ​ខែវស្សា ហើយ​វា​ដុះ​តែ​តាម លើ​ថ្មភ្នំ​ទេ​។ រុក្ខជាតិ​ប្រភេទ​នេះ ដុះ​ជាដើមៗ កំពស់​ត្រឹម ១៥-២៥ សង់ទីម៉ែត្រ​។ រៀងរាល់​ឡើង​ភ្នំ ខ្ញុំ​តែង​ដើររក​ដក​ផ្កាថ្ម​នេះ ទុក​លក់​ឱ្យ​ឈ្មួញ​គេ​មក​ទិញ​”​។​

​ជា​អ្នកដើរ​ដក​រុក្ខជាតិ​ផ្កាថ្ម​នេះ សម្រាប់​ទុក​លក់ លោក នី​ម រ៉ុ​ម បានឱ្យ​ដឹងផង​ថាៈ ” ផ្កាថ្ម​នេះ ឈ្មួញ​គេ​ចុះមក​ទិញ ដោយ​ក្នុង​មួយ​គីឡូក្រាម លក់បាន​តម្លៃ ៨ ម៉ឺន​រៀល ហើយ​បើ​មាន​ប៉ុន្មាន គឺ​គេ​យក​អស់ៗ មិន​សល់​ទេ​”​។​

​គួរ​បញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា តែង​បាន​អនុញ្ញាតឱ្យ​ប្រជាពលរដ្ឋ អាស្រ័យ​ផល ចេញពី​ព្រៃ​ធម្មជាតិ តាមរយៈ​បេះ​ផ្លែឈើ តាម​រដូវ បោចវល្លិ រក​បន្លែ​ជា​ស្លឹក និង​ដក​ផ្សិត លក់​ជាដើម​៕/V​