ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ ភ្ញៀវទេសចរ ចូល​កម្សាន្ត​ខេត្តបាត់ដំបង ជាង ១៤ ម៉ឺន​នាក់​

​ដោយៈ ភ្នំ​ខៀវ / បាត់ដំបងៈ អំឡុង​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ ប្រពៃណី​ជាតិខ្មែរ ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ ចូល​លេង​កម្សាន្ត ក្នុង​ខេត្តបាត់ដំបង ជាង ១៤ ម៉ឺន​នាក់​។ នេះ​បើតាម​លោក អ៊ុច អ៊ុ​ភី​នីសា​រ៉ា ប្រធាន​មន្ទីរ​ទេសចរណ៍ ខេត្តបាត់ដំបង បានបញ្ជាក់​ឲ្យ​ដឹង នៅ​ថ្ងៃទី ២៦ ខែកញ្ញា​នេះ​។

​លោក អ៊ុច អ៊ុ​ភី​នីសា​រ៉ា បានបញ្ជាក់​ថាៈ អំឡុង​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ ប្រពៃណី​ជាតិខ្មែរ ត្រឹម​រយៈពេល ២​ថៃ្ង នៅ​ថ្ងៃទី ២៤ -២៥ ខែកញ្ញា ឆ្នាំ​២០២២ នេះ តំបន់​ទេសចរណ៍ ខេត្តបាត់ដំបង មាន​ភ្ញៀវទេសចរ​ក្នុង និង​ក្រៅ​ខេត្ត ចូល​លេង​លំហែ​អារម្មណ៍ យ៉ាងច្រើន​កុះករ ក្នុងនោះ នៅ​ថ្ងៃទី​២៤ មាន​ចំនួន ៨១.៨៦៩ នាក់ និង​នៅ​ថ្ងៃទី​២៥ ខែកញ្ញា មាន​ចំនួន ៦៣.៧៩៨ នាក់​។​

​ប្រធាន​មន្ទីរ​ទេសចរណ៍​រូបនេះ បាន​បន្តថាៈ ក្នុងចំណោម​ភ្ញៀវទេសចរ ដែល​កើនឡើង​នេះ សរុប​រយៈពេល ២​ថ្ងៃ ក្នុង​ឆ្នាំ​២០២២ មាន​ចំនួន ១៤៥.៦៦៧ នាក់ ធៀប​នឹង​ឆ្នាំ ២០២១ ត្រឹមតែ​ចំនួន ២៧.១៥៨ នាក់​ប៉ុណ្ណោះ ខណៈ​ប្រទេស​ឋិត​ក្នុងស្ថានភាព ជួប​វិបត្តិ​នូវ​ជំងឺ​កូ​វីដ​-១៩​។​

​រមណីយដ្ឋាន និង​គោលដៅ​ទេសចរណ៍​សំខាន់ៗ ជា​តំបន់​លំហែកាយ ក្នុងភូមិ​សាស្ត្រ ខេត្តបាត់ដំបង មាន​ជាច្រើន​កន្លែង រួមមាន រមណីយដ្ឋាន​ប្រាសាទ​បាណន់​, រមណីយដ្ឋាន ភ្នំ​សំពៅ​, ទស្សនា​ហ្វូង​សត្វ​ប្រចៀវ​ល្អាង​ភ្នំ​ភ្នំ​ពៅ​, រមណីយដ្ឋាន ប្រាសាទឯកភ្នំ​, អាងទឹក​កំពីងពួយ​, រមណីយដ្ឋាន​ស្ទឹង​ថ្មដា ចំការ​ទុរេន​, រមណីយដ្ឋាន​ទឹកធ្លាក់ ៥៣ ក្នុងស្រុក​ភ្នំព្រឹក​, រមណីយដ្ឋាន​នគរជុំ​ភ្នំព្រឹក​, ភ្នំ​កំពូល​, រមណីយដ្ឋាន​ចំការ​ទុរេន​អូរ​តង​, ស្ទឹង​ថ្វាក​, វត្ត​នាង​រំសាយសក់​, វត្តភ្នំ​ជី​ហង្ស​, រមណីយដ្ឋាន​វត្តភ្នំ​ចំបាំង​, និង​សហគមន៍​អេកូ​ទេសចរណ៍ ទឹកធ្លាក់​អូរ​ជាំ ល្អាង​ភ្នំ​ប្រាំពីរ ជាដើម​៕/V​