ផ្អាក​ចរាចរណ៍​រថយន្ត ដឹកទំនិញ​ធុន​ធ្ងន់​គ្រប់​ប្រភេទ លើ​កំណាត់​ផ្លូវ ក្នុងភូមិ​សាស្ត្រ ខេត្តកំពង់ធំ ជា​បណ្តោះអាសន្ន​

​ដោយៈ​មុនី​រ័ត្ន / ភ្នំពេញៈ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកំពង់ធំ នៅ​ថ្ងៃទី​២៦ ខែកញ្ញា នេះ បាន​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ ដែលជា​ម្ចាស់​រថយន្ត ដឹកទំនិញ​ធុន​ធ្ងន់ ទាំងអស់ ជ្រាបថាៈ ដោយ​ស្ថានភាព​ជំនន់​ទឹកភ្លៀង បាន​នឹង​កំពុង​ជន់​ឡើង​យ៉ាងខ្លាំង ជាហេតុ​បណ្ដាលឱ្យ​លិចលង់ នៅតាម​កំណាត់​ផ្លូវ​មួយចំនួន ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ធំ ដែល​ស្ថានភាព​បែបនេះ ធ្វើឱ្យ​ផ្លូវ​-​ស្ពាន មិនអាច​ទ្រ​នឹង​ទម្ងន់ របស់​រថយន្ត​ធុន​ធ្ងន់​បានទេ ។​

​ដើម្បី​បង្ការ​គ្រោះថ្នាក់​ជាយថាហេតុ និង​ទប់ស្កាត់​ការខូចខាត​រចនាសម្ព័ន្ធ​ផ្លូវ ថ្នល់ ស្ពាន មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកំពង់ធំ សូម​ធ្វើ​ការបិទ​ចរាចរណ៍ រថយន្ត​ដឹកទំនិញ ធុន​ធ្ងន់​គ្រប់​ប្រភេទ ជា​បណ្ដោះ អាសន្ន​លើ​កំណាត់​ផ្លូវ​ដូចខាងក្រោម​៖

-​ផ្លូវជាតិ​លេខ​៦ ចាប់ពី​គីឡូម៉ែត្រ​លេខ​២២០ ដល់​គីឡូម៉ែត្រ​លេខ​២២៤ ស្ថិតក្នុង​ភូមិ​ត្រាច ឃុំ​កំពង់​ចិន​ជើង ស្រុក​ស្ទោង ខេត្តកំពង់ធំ និង​នៅ​ទីប្រជុំជន​ភូមិ​ត្នោត ឃុំ​កំពង់​ចិន​ជើង ស្រុក​ស្ទោង ខេត្តកំពង់ធំ ។​
-​ផ្លូវ​ខេត្ត​លេខ​២៦៤០ ស្ថិតនៅក្នុង​ឃុំ​បន្ទាយ​ស្ទោង ស្រុក​ស្ទោង ខេត្តកំពង់ធំ ។​
-​ផ្លូវ​ខេត្ត​លេខ​២៦៤៤ ស្ថិតនៅ​ក្នុងភូមិ​តា​ទ្រាល ឃុំ​ប្រឡាយ ស្រុក​ស្ទោង ខេត្តកំពង់ធំ ។​

​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកំពង់ធំ សង្ឃឹម និង​ជឿជាក់​យ៉ាង​មុតមាំ​ថា ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់​រថយន្ត ដឹកទំនិញ​ធុន​ធ្ងន់​ទាំងអស់ នឹងចូលរួម​សហការ​អនុវត្ត ដើម្បី​រួមចំណែក​ថែរក្សា​ផ្លូវ ស្ពាន ឱ្យប្រើ​ប្រាស់​បានយូរ​អង្វែង ៕/V​