ដោយៈ​មុនី​រ័ត្ន / ភ្នំពេញ​៖ ឃាតករ​ដែល​សម្លាប់​ស្ត្រី​ម្នាក់ ក្នុង​រថយន្ត Toyota PRIUS យកទៅ​ប្លុង​ចោល នៅក្រោយ​ផ្សារ​ភូ​ពុ​យ ស្ថិតនៅ​សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង កាលពី​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០២២ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន បាន​ហើយ កាលពី​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២២ នៅ​ប្រទេស​ថៃ ក្រោម​កិច្ច​សហការគ្នា រវាង​សមត្ថកិច្ច​កម្ពុជា ជាមួយ​សមត្ថកិច្ច​ថៃ ។​

​ជនសង្ស័យ​ឈ្មោះ មាស ពេជ្រ​បូរ​មី ភេទ​ប្រុស អាយុ ២៨ ឆ្នាំ មានមុខ​របរ​មិន​ពិតប្រាកដ បច្ចុប្បន្ន រស់នៅ​ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​ ​ចំណែក​ជនរងគ្រោះ ឈ្មោះ ឌី​ម សោភា ភេទ​ស្រី អាយុ ៣៤ ឆ្នាំ មាន​ស្រុកកំណើត នៅ​ខេត្តកំពង់ចាម បច្ចុប្បន្ន រស់នៅ​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ មានមុខ​របរ ជា​អ្នក​សំអាង និង​កែ​សម្ផស្ស ព្រមទាំង​លក់​ដីឡូត៍ និង​លក់​អន​ឡាញ ។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថាៈ ជនសង្ស័យ បាន​សារភាពថា ពិតជា​បានសម្លាប់​ស្ត្រី ជា​ជនរងគ្រោះ​ប្រាកដ​មែន ដែល​ការសម្លាប់​នេះ ប្រព្រឹត្ត​នៅក្នុង​រថយន្ត បន្ទាប់ពី​រូបគេ និង​ជនរងគ្រោះ មានទំនាស់​ពាក្យសំដី​ជាមួយគ្នា ក្នុងពេល​រួម​ធ្វើដំណើរ​ដោយ​រថយន្ត ដោយ​ការសម្លាប់ នៅឯ​ជាយ​រាជធានី​ភ្នំពេញ រួច​បើករថយន្ត​ដឹក​សាកសព យកមក​ប្លុង​ចោល នៅក្រោយ​ផ្សារ​ភូ​ពុ​យ ក្នុង​ក្រុង​បាត់ដំបង នា​អំឡុង​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០២២ រួច​គេចខ្លួន​។ រហូតដល់​រសៀល​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២២ ទើប​គេ​ប្រទះ ឃើញ​សាកសព នៅក្នុង​រថយន្ត​។ រហូតមកដល់​ពេលនេះ សមត្ថកិច្ច​កំពុង​បន្ត​ធ្វើការ ស្រាវជ្រាវ​បន្ថែម​។​

​សូមជម្រាបថា កាលពី​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២២ កម្លាំង​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តបាត់ដំបង ដែលមាន​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សាត គឹម​សាន ជា​ស្នងការ ក្រោម​ការដឹកនាំ​របស់ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​អគ្គស្នងការដ្ឋាន នគរបាលជាតិ និង​សមត្ថកិច្ច​នគរបាល​អ​ន្តោ​ប្រវេសន៍ ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ដូង ស្រុក​កំរៀង រួមសហការ​ជាមួយ​សមត្ថកិច្ច​ថៃ ក្រោម​ការសម្របសម្រួល​លើ​នីតិវិធី ពី​លោក កែវ សុជាតិ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង ខេត្តបាត់ដំបង បានធ្វើការ​ឃាត់ខ្លួន​បុរស ឈ្មោះ មាស ពេជ្រ​បូរ​មី ភេទ​ប្រុស អាយុ ២៨ ឆ្នាំ មានមុខ​របរ​មិន​ពិតប្រាកដ បច្ចុប្បន្ន​រស់នៅ​ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខ័​ណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដែលជា​ជនសង្ស័យ ក្នុងករណី​សម្លាប់​ស្ត្រី​ម្នាក់ ដាក់​ក្នុង​រថយន្ត Toyota PRIUS ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2BO-1371 យកមក​ប្លុង​ចោល នៅក្រោយ​ផ្សារ​ភូ​ពុ​យ ស្ថិតនៅ​សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ដែល​បាន​ប្រទះឃើញ កាលពី​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២២៕/V​