ព្រឹទ្ធសភា រដ្ឋសភា នឹង​រៀបចំ​សិក្ខាសាលា ក្នុង​ក្របខណ្ឌ​សភា​ប្រើ​ភាសា​បារាំង រយៈពេល​បី​ថ្ងៃ​

​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ ព្រឹទ្ធសភា រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​រៀបចំ​សិក្ខាសាលា ក្នុង​ក្របខណ្ឌ​សភា​ប្រើ​ភាសា​បារាំង (APF) ស្តីពី​ស្វ័យភាព​សេដ្ឋកិច្ច​របស់​ស្ត្រី នៅ​តំបន់​ជនបទ និង​វិធីសាស្ត្រ នៃ​ការចរចា​ប្រើប្រាស់ នៅក្នុង​ក្របខណ្ឌ​កិច្ច​សភា ដែល​នឹង​ប្រព្រឹត្តទៅ នា​ថ្ងៃទី​២៧ ទី​២៨ និង​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២២ ខាងមុខនេះ នៅ​សាល​សិក្ខាសាលា​ខាងត្បូង វិមាន​ព្រឹទ្ធសភា ដោយ​ការអញ្ជើញ​ចូលរួម​ពី​សមាជិក សមាជិកា​សភា​ប្រើ​ភាសា​បារាំង​។​

​សិ​ក្ឋា​សាលា រយៈពេល​បី​ថ្ងៃនេះ មានការ​ចូលរួម​ពី​សំណាក់ សមាជិក​ព្រឹទ្ធសភា​បារាំង មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់ នៃ​រដ្ឋសភា​បារាំង សមាជិក​ព្រឹទ្ធសភា​កា​មេ​រូ​ន សមាជិក​រដ្ឋសភា ប៊ែ​ល​ហ្សិ​ក សមាជិក​រដ្ឋសភា​បេ​ណាំង មន្ត្រី​ជំនាញ​កិច្ចការ​ស្ត្រី នៅ​មណ្ឌល​សភា​អាស៊ី ផងដែរ​។​

​ប្រធានបទ​ដែល​នឹង​យកមក​ពិភាក្សា នៅក្នុង​សិក្ខាសាលា មានដូចជា ការចរចា នៅក្នុង​ក្របខណ្ឌ​ផ្ទៃក្នុង​សភា ជាទី​កន្លែង​ដែល​ប្រឈមមុខគ្នា​លើ​មតិ​ផ្សេងៗ ដើម្បី​ស្វែងរក​ការផ្សះផ្សា​។ ការ​ជម្នះ​ឧបសគ្គ​នានា​របស់​ស្ត្រី លើ​វិស័យសេដ្ឋកិច្ច នៅ​តំបន់​ជនបទ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ផែនការ​សកម្មភាព ដែល​ដាក់​ឲ្យ​អនុវត្ត ដើម្បី​សម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​យូរអង្វែង ពាក់ព័ន្ធ​នឹង​សមភាព​ពេញលេញ រវាង​បុរស និង​ស្ត្រី ក្នុង​វិស័យសេដ្ឋកិច្ច ជាពិសេស​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព និង​ពាក់ព័ន្ធ​សិទ្ធិ​ទទួល​បានជា​ម្ចាស់​កម្មសិទ្ធិ​។​

​បញ្ហា​ទំនាស់​ដីធ្លី និង​បញ្ហា​ប្រឈម​ផ្លូវចិត្ត និង​សង្គម​នៅ​កម្ពុជា​។ វិធានការ​សំដៅ​លើក កម្ពស់​ស្ត្រី ដើម្បី​ទទួលបាន​ម្ចាស់​កម្មសិទ្ធិ​នៅ​តំបន់​ជនបទ​។ ការលើកកម្ពស់​ភាព ជា​អ្នកដឹកនាំ​របស់​ស្ត្រី​ក្នុង​ភាពជា​សហគ្រិន​។ ការលើកកម្ពស់​នីតិ​ម្ម សំដៅ​បញ្ជ្រាប ដល់​ស្ត្រី នៅ​តំបន់​ជនបទ​។ យន្តការ​នីតិកម្ម ដែល​ដាក់​ឲ្យ​អនុវត្ត ដើម្បី​បង្កលក្ខណៈ​ងាយ ស្រួល​ដល់​ស្ត្រី ក្នុងការ​បង្កើត​សហគ្រាស​នៅ​តំបន់​ជនបទ​៕/V​