​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ខ្មាន់កាំភ្លើង​ម្នាក់​បាន​បាញ់ប្រហារ​នៅ​សាលារៀន​មួយ​ក្នុងប្រទេស​រុស្ស៊ី​ភាគ​កណ្តាល​កាលពី​ថ្ងៃ​ចន្ទ ដោយ​សម្លាប់​មនុស្ស​១៧​នាក់​និង​បង្ក​របួស​២៤​នាក់​ទៀត​មុន​ពេល​បាញ់​​សម្លាប់​ខ្លួនឯង​។​

​ការបាញ់ប្រហារ​នេះ​បាន​កើត​ឡើង​នៅ​សាលា​School No. 88​ក្នុង​ទីក្រុង អ៊ី​ហ្សេ​វ​ស​ខ៍​(Izhevsk)​នៅ​ចម្ងាយ​ប្រមាណ​៩៦០​គីឡូម៉ែត្រ​ខាងកើត​ក្រុង​មូ​ស្គូ ក្នុង​តំបន់​អ៊ុត​មួរ​សារ​(Udmurtia)​។​

​ក្រុម​ស៊ើបអង្កេត​កំណត់​ខ្មាន់កាំភ្លើង​ជា​បុរស​វ័យ​៣៤​ឆ្នាំ​ឈ្មោះ អាត​យ៉ូម កា​ហ្សា​ន់​ត៍​សេ​វ​(Artyom Kazantsev) ជា​សិស្ស​រៀន​ចេញពី​សាលា​កើតហេតុ​នេះ និង​ថា​វាបាន​ពាក់​អាវយឺត​ពណ៌​ខ្មៅ​មាន​«​និ​​ម្មិ​ត​សញ្ញា​ណា​ស៊ី​»​។​

​ហេតុផល​នៅ​ពីក្រោយ​ការបាញ់​នេះ​គេ​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ​។​

​រដ្ឋាភិបាល​តំបន់​អ៊ុត​មួរ​សារបាន​និយាយថា មនុស្ស​១៧​នាក់ រួម​មាន​កូនក្មេង​១១​នាក់ ត្រូវបាន​សម្លាប់​​ ហើយបើតាមក្រុម​ស៊ើបអង្កេត មនុស្ស​២៤​នាក់ រួម​មាន​កូនក្មេង​២២​នាក់​បាន​រង​​របួស​ក្នុង​ការបាញ់ប្រហារ​។​

​អភិបាល​តំបន់​អ៊ុត​មួរ​សារ បាន​និយាយថា​ខ្មាន់កាំភ្លើង ដែល​ត្រូវបាន​ចុះបញ្ជី​ថា​ជា​អ្នកជំងឺ​នៅ​មន្ទីរពេទ្យ​វិកលចរិត បាន​សម្លាប់​ខ្លួនឯង​ក្រោយ​ការបាញ់ប្រហារ​។​

​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​លោក​ឌី​មី​ទ្រី ប៉េ​ស្កូវ បាន​ពណ៌នា​ការបាញ់ប្រហារ​នេះ​ថា​ជា​«​អំពើ​ភេរវកម្ម​»​មួ​យ​និង​បាន​និយាយថា ប្រធានាធិបតីរុ​ស្ស៊ី​លោក​វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ចេញ​បញ្ជា​ទៅកាន់​អាជ្ញាធរ​​ពាក់ព័ន្ធ​និង​បាន​«​សម្តែង​ការចូលរួម​មរណទុក្ខចំពោះ​ការស្លាប់​មនុស្ស​និង​កុមារ​នៅ​សាលារៀន​ដែល​រង​ការវាយប្រហារ​ភេរវកម្ម​»៕

​រូបភាព​ថត​ចេញពី​វីដេអូ បង្ហាញ​ក្មេង​សិស្សសាលា​រត់ចេញ​ពី​កន្លែង​បាញ់ប្រហារ​នៅ​សាលា​School No. 88 ក្នុង​ទីក្រុង​អ៊ី​ហ្សេ​វ​សខ៍កាល​ពីថ្ងៃ​២៦​កញ្ញា​

​បុគ្គលិកនិងទាហាន​រុស្ស៊ី​សែង​អ្នករងរបួស​ក្នុង​ហេតុការណ៍​បាញ់​នៅ​សាលារៀន​ក្នុង​ក្រុង​អ៊ី​ហ្សេ​វ​ស​ខ៍​