​ប្រែ​សម្រួលៈ​បំណង​(​បាងកក​ប៉ុស្តិ៍​,CNN)៖ អតីត​បវរកញ្ញា​មី​យ៉ាន់​ម៉ា​ដែល​ត្រូវ​ប៉ូលិស​ថៃ​ឃាត់ទុក​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សុវណ្ណ​ភូមិ​មិន​អោយ​ចូល​ប្រទេស​ថៃ​ចាប់តាំងពី​សប្តាហ៍​មុន​ដោយសារបញ្ហាលិខិតឆ្លងដែនរបស់​នាង​និង​បារម្ភ​ខ្លាច​ត្រូវ​គេ​បញ្ជូន​ទៅកាន់​មី​យ៉ាន់​ម៉ា​វិញ​នោះ ឥឡូវ​បានទទួល​សិទ្ធិ​ជ្រកកោណ​នៅ​កាណាដា​ហើយ​។​

​សូម​រំលឹក​ថា អាជ្ញាធរ​យោធា​មី​យ៉ាន់​ម៉ា​បានចេញ​ដីកាចាប់ខ្លួន​នាង​ក្រោយ​ពី​នាង​បាន​ប្រើ​វេទិការ​ប្រឡង​បវរកញ្ញា​អន្តរជាតិ​មួយប្រហារ​រិះគន់​ក្រុម​យោធា​នៅ​មាតុភូមិ​របស់​នាង​ចំពោះ​ការ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​​រដ្ឋាភិបាល​ស៊ីវិល​មួយ​។​

​ប្រភព​សន្តិសុខ​បាន​ប្រាប់​សារព័ត៌មាន​បាងកក​ប៉ុស្តិ៍​ថា នាង​ថរ ណាន់​ដា អ៊ុង​(Thaw Nanda Aung)ឬហៅ ហា​ន់ ឡេ​(Han Lay) នឹង​ចាកចេញ​ពី​ប្រទេស​ថៃ​តាម​យន្តហោះ​នៃ​ក្រុមហ៊ុ​អាកាសចរណ៍​​កូរ៉េ​នៅ​ថ្ងៃ​អង្គារ​ទី​២៧​កញ្ញា​។​

​គេ​ថា​នាង​បាន​ដាក់​ពាក្យសុំ​ការ​ជ្រកកោន​ទៅ​ការិយាល័យ​ស្នងការ​ជាន់ខ្ពស់​របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន​(UNHCR)​ប្រចាំ​ប្រទេស​ថៃ​បន្ទាប់ពី​ត្រូវបាន​អាជ្ញាធរ​ថៃ​បដិសេធ​មិន​អោយ​ចូល​ប្រទេស​ខ្លួន​ជា​ថ្មី​ក្រោយ​នាង​វិល​មក​ពី​ប្រទេស​វៀតណាម​។​

​មុន​នេះ​នាង​ហា​ន់ ឡេ បាន​ប្រាប់​សារព័ត៌មាន​CNN​ថា​នាង​ឥឡូវ​មាន​សុវត្ថិភាព​ហើយដោយ​ស្ថិតក្រោម​ការ​ឃុំគ្រង​របស់​មន្ត្រី​UNHCR​ក្រោយ​ប្រឈម​ការបញ្ជូន​ទៅ​ស្រុក​វិញ​។​

សប្បាយចិត្តវិញក្រោយដឹងថា បានសិទ្ធិជ្រកកោននៅកាណាដា

ហាន់ ឡេ ពីមុនពិបាកចិត្តដោយខ្លាចត្រូវថៃបញ្ជូនទៅមីយ៉ាន់ម៉ា។​ហា​ន់ ឡេ បាន​ប្រឈម​ការបញ្ជូន​ទៅកាន់​មី​យ៉ាន់​ម៉ា ក្រោយ​មន្ត្រី​ថៃ​ឃាត់​នាង​ទុក​នៅ​អាកាសយានដ្ឋាន​តាំងពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន​ដោយសារ​បញ្ហា​លិខិតឆ្លងដែន​។​ប្រភព​ព័ត៌មាន​បាន​និយាយថា អាជ្ញាធរ​​មី​យ៉ាន់​ម៉ា​ទំនងជា​បាន​ដកហូត​លិខិតឆ្លងដែន​របស់​នាង​

​នាង​បាន​ប្រាប់​CNN​ថា «​ខ្ញុំ​មាន​សុវត្ថិភាព​ហើយ​ឥឡូវ​។​ពួកគេ​ខិតខំ​អស់​ពី​ចិត្ត​ពី​ថ្លើម​ដើម្បី​ជួយ​ខ្ញុំ តែ​ខ្ញុំ​មិន​អាច​និយាយ​អ្វី​បាន​ច្រើន​ទេ​នៅពេលនេះ​…​រហូត​ទាល់តែ​ដំណើរការ​ជា​មួយ​UNHCR​និង​ជាមួយ​​មន្ត្រី​អន្តោប្រវេសន៍​ថៃ​បាន​ចាប់​សព្វគ្រប់​»​។​

​ទោះជា​បានការ​ជ្រកកោន​នៅ​កាណាដា នាង​ហាន់ ឡេ បាន​និយាយថា​នាង​ចង់​រស់​នៅក្នុង​ប្រទេស​ថៃ​និង​ចង់​បន្ត​នៅក្នុង​ប្រទេស​នេះ​ដោយ​វា​«​ហាក់ដូចជា​ផ្ទះ​ទី​ពីរ​របស់​ខ្ញុំ​»​។​

​ឧត្តមសេនីយ៍អា​ចា​យ៉ុន ក្រៃ​ថង​(Archayon Kraithong) នាយរង​ប៉ូលិសអន្តោប្រវេសន៍​ថៃ បាន​ប្រាប់​CNN​ថា នាង​ហាន ឡេ​ត្រូវ​បាន​ឃាត់​ទុក​ដោយសារ​មាន​បញ្ហា​លិខិតឆ្លងដែន​និង​មិនអាច​​អោយ​ចូល​ក្នុង​ប្រទេស​ថៃ​បាន​ទេ​ដោយសារតែ​«​ច្បាប់​អន្តោប្រវេសន៍​»​។​

​ហាន ឡេ អាយុ​២៣​ឆ្នាំ បានការ​ចាប់អារម្មណ៍​ជា​អន្តរជាតិ​ដោយសារ​នាង​ថ្លែង​សុន្ទរកថា​លើ​វេទិកា​ប្រឡង​បវរ​កញ្ញា​មួយក្នុងប្រទេសថៃអំពី​ស្ថានការណ៍​ក្នុង​ប្រទេស​របស់​នាង​។​ក្នុង​ឈុត​ប្រពៃណី​មី​យ៉ាន់​ម៉ា ជាមួយ​នាង​​បដា​សរសេរថា​«សូម​បន់ស្រន់​អោយ​មី​យ៉ាន់​ម៉ាជួបសេចក្តីសុខ​»​ដើម្បី​បង្កើន​ការចាប់អារម្មណ៍​អំពី​ការរំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ព្រៃផ្សៃ​ពី​សំណាក់​ក្រុម​យោធា​មី​យ៉ាន់​ម៉ា​។​

​ចាប់តាំងពី​ពេលនោះ​ នាង​បាន​ទទួល​ការ​គំរាម​សម្លាប់​និង​ប្រឈម​ការចាប់ខ្លួន​នៅមីយ៉ាន់ម៉ា៕