​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ យានអវកាស​ណា​សាបាន​បំបុក​ដុំថ្ម​អវកាស​(​ផ្កាយព្រះគ្រោះ​)​មួយ​ក្នុង​ល្បឿន​យ៉ាង​លឿន​កាលពី​ថ្ងៃ​ចន្ទ​ទី​២៧​កញ្ញា​នៅក្នុង​ការហាត់​សម​មិន​ធ្លាប់​មាន​ពី​មុន​​មក​សម្រាប់​ថ្ងៃ​ដែល​ថ្ម​ពិឃាត​ណាមួយ​គំរាមកំហែង​ផែនដី​។​

​ការបំបុកដ៏​ខ្លាំង​នេះ​បាន​កើត​ឡើង​នៅ​លើ​ផ្កាយព្រះគ្រោះ​គ្មាន​គ្រោះថ្នាក់​មួយ​នៅ​ចម្ងាយ ១១,៣ លាន​គីឡូម៉ែត្រ​ពី​ផែនដី ដោយ​យានអវកាស​ឈ្មោះ Dart បាន​បំបុក​ចូលទៅ​ក្នុង​ថ្ម​អវកាស​នេះ​ក្នុង​ល្បឿន ២២.៥០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។

​អ្នកវិទ្យាសាស្ត្រ​រំពឹងថា ការបំបុ​ក​នេះ​អាច​បង្កើតបាន​ជា​រូង​មួយ រុញច្រាន​ថ្ម​នេះ​ទៅក្នុង​លំហ ហើយ​សំខាន់​បំផុត​គឺ​ប្តូរ​គន្លង​របស់​វា​។​

​លោកស្រី អេ​ឡេ​ណា អា​ដាំ (Elena Adams) មក​ពី​មណ្ឌល​គ្រប់គ្រង​បេសកកម្ម បានប្រកាស​ទាំង​អរ​លោតកញ្ឆេង​ថា “​យើង​បាន​បំបុក​ហើយ​!”​។​

​កែវយឹត​ជុំវិញ​ពិភពលោក​និង​ក្នុង​លំហ​បាន​សំដៅ​ទៅ​ចំណុច​តែមួយ​នៅ​លើ​មេឃ​ដើម្បី​ចាប់​យក​ទស្សនីយភាព​នេះ​។ ទោះបីជា​ការបំបុ​កមើល​ឃើញជាក់ស្តែង​ភ្លាមៗ​ក៏ដោយ ក៏ប៉ុន្តែ​សញ្ញារ​កល​វិទ្យុ​របស់​យាន Dart បាន​ឈប់​ភ្លាមៗ ដូច្នេះ​វា​នឹង​ត្រូវការ​ពេល​ច្រើន​ថ្ងៃ​ឬ​ច្រើន​សប្តាហ៍​ដើម្បី​កំណត់​ថា​តើ​ផ្លូវ​របស់​អាចម៌ផ្កាយ​នោះ​ត្រូវបាន​ផ្លាស់ប្តូរ​បាន​ប៉ុន្មាន​។​

​យាន​បេសកកម្ម​តម្លៃ ៣២៥ លាន​ដុល្លារ​នេះ​គឺ​ជា​ការប៉ុនប៉ង​លើក​ដំបូង​ដើម្បី​ផ្លាស់​ប្តូរ​ទីតាំង​នៃ​ដុំថ្ម​អវកាស ឬ​វត្ថុ​ធម្មជាតិ​ផ្សេងទៀត​នៅក្នុង​លំហ​។​

​លោក ឡូរី ក្លេ​ស (Lori Glaze) នាយក​ផ្នែក​វិទ្យាសាស្ត្រ​ភពផែនដី បាន​និយាយថា “​យើង​កំពុង​ចាប់ផ្តើម​យុគសម័យ​ថ្មី​នៃ​មនុស្សជាតិ​”​។​

​មុននេះ អ្នក​គ្រប់គ្រង​របស់​ណា​សា លោក ប៊ី​ល នែ​ល​សុន (Bill Nelson) បាន​ក្រើនរំលឹក​មនុស្ស​តាមរយៈ Twitter ថា “​ទេ នេះ​មិនមែន​ជា​គ្រោងការ​ថត​ភាពយន្ត​ទេ​”​។ គាត់​បាន​បន្ថែម​ក្នុង​វីដេអូ​ដែល​បាន​ថត​ទុកជា​មុន​ថា “​យើងទាំងអស់គ្នា​បាន​ឃើញ​វា​នៅ​លើ​ខ្សែភាពយន្ត​ដូចជា រឿង Armageddon ប៉ុន្តែ​ភាពជាក់ស្តែង​ពិតៗ​គឺ​អស្ចារ្យ​ខ្លាំងណាស់​”៕

​រូប​គំ​ណុ​រយាន Dart បំបុក​អាចម៌ផ្កា​យគ្មាន​គ្រោះថ្នាក់​នៅ​ថ្ងៃ​ចន្ទនេះ