​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ រដ្ឋមន្ត្រីការបរទេស​អាម៉េរិក លោក អាន​ថូ​នី ប្លីង​កិន​បាន​អំពាវនាវ​កាលពី​ថ្ងៃ​ចន្ទ​ទី​២៧​កញ្ញា​ឱ្យ​ប៉ា​គី​ស្ថាន​ស្វែងរក​ការបន្ធូរបន្ថយ​បំណុល​ពី​ដៃគូ​ជិតស្និទ្ធ​​របស់​ខ្លួន​គឺ​ប្រទេស​ចិន ខណៈ​ទឹកជំនន់​បាន​បំផ្លិចបំផ្លាញ​ប្រទេស​អាស៊ី​ខាងត្បូង​មួយ​នេះ​។​

​លោក​ប្លីង​កិន​បាន​សន្យា​ឱ្យមាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​សហរដ្ឋ​អាម៉េរិក​សម្រាប់​ប៉ា​គី​ស្ថាន ខណៈ​ទឹកជំនន់​ចាប់ផ្តើម​ស្រក ដែល​បាន​ពន្លិច​ផ្នែក​មួយ​ភាគ​បី​នៃ​ប្រទេស​ដែល​ជា​ផ្ទៃដី​ទំហំ​ប៉ុន​ចក្រភព​​អង់គ្លេស​។​

​លោក​ប្លីង​កិន​បាន​និយាយ​បន្ទាប់​ពី​កិច្ចពិភាក្សា​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស ប៊ី​ឡា​វ៉ា​ល់ ប៊ូ​ត​តូ ហ្សា​ដារី (Bilawal Bhutto Zardari) ថា “​យើង​សូម​ផ្ញើ​សារ​សាមញ្ញ​មួយ​។ យើង​នៅ​ទីនេះ​សម្រាប់​ប៉ា​គី​ស្ថាន ដូចដែល​យើង​ធ្លាប់​នៅទីនេះ​ក្នុងអំឡុង​គ្រោះមហន្តរាយធម្មជាតិ​កាលពី​អតីតកាល ដោយ​សម្លឹង​ឆ្ពោះទៅមុខ​ដើម្បី​កសាង​ឡើង​វិញ​”​។​

​លោក​ប្លីង​កិន​បាន​និយាយថា “​ខ្ញុំ​ក៏​បាន​ជំរុញ​សហការី​របស់​យើង​ឱ្យ​ចូលរួម​ជាមួយ​ចិន​លើ​បញ្ហាសំខាន់ៗ​មួយចំនួន​នៃ​ការបន្ធូរបន្ថយ​បំណុល​និង​ការរៀបចំ​រចនា​សម្ពន្ធ​ឡើង​វិញ​ផង​ដែរ​ដើម្បី​ឱ្យ​ប៉ា​គី​ស្ថាន​​អាច​ងើប​ឡើងវិញ​យ៉ាង​ឆាប់រហ័ស​ពី​ទឹកជំនន់​”​។​

​ចិន​គឺ​ជា​ដៃគូ​សេដ្ឋកិច្ច​និង​នយោបាយ​ដ៏​សំខាន់​របស់​ប៉ា​គី​ស្ថាន ដោយ​បាន​ជំរុញ​ទៅ​មុខ​ជាមួយ​នឹង “​ច្រករបៀង​សេដ្ឋកិច្ច​” តម្លៃ ៥៤ ពាន់​លាន​ដុល្លារ​ដែល​នឹង​សាងសង់​ហេដ្ឋារចនាសម្ពន្ធ​នានា​​និង​ផ្តល់​ឱ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នូវ​ច្រក​ចេញ​ទៅ​កាន់​មហាសមុទ្រ​ឥណ្ឌា ទោះបីជា​ផលប្រយោជន៍​របស់​ចិន​ប្រឈមមុខ​នឹង​ការវាយប្រហារ​ពី​ក្រុម​ផ្តាច់ខ្លួន​ក៏ដោយ​។​

​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ដែល​សម្ពន្ធភាព​សម័យ​សង្គ្រាមត្រជាក់​របស់ខ្លួន​ជាមួយ​រដ្ឋាភិបាល​ក្រុង​អ៊ី​ស្លា​ម៉ា​បាដ​បាន​ថមថយ បាន​ចោទប្រកាន់​ម្តង​ហើយ​ម្តងទៀត​ថា ចិន​នឹង​ប្រមូល​ផល​ចំណេញ ខណៈ​ប៉ា​គី​ស្ថាន​នឹង​ប្រឈមមុខ​នឹង​បំណុល​ដែល​គ្មាន​និរន្តរភាព​។​

​ការព្រមាន​របស់​សហ​រដ្ឋ​អាម៉េរិក ដែល​ចាត់ទុក​ចិន​ជា​គូប្រជែង​ពិភពលោក​ដ៏​លេចធ្លោ​របស់ខ្លួន ត្រូវបាន​ប៉ា​គី​ស្ថាន​បដិសេធ​ម្តង​ហើយ​ម្តងទៀត​។​

​មនុស្ស​ប្រហែល ១.៦០០ នាក់ ដែល​មួយ​ភាគបី​នៃ​ពួកគេ​ជា​កុមារ បាន​បាត់បង់​ជីវិត​នៅក្នុង​ទឹក​ជំនន់​នៅ​ប៉ា​គី​ស្ថាន ហើយ​ជាង​ប្រាំ​ពីរលាន​នាក់​ត្រូវបាន​ផ្លាស់​ទីលំនៅ ចំ​ពេល​មាន​ការព្រួយបារម្ភ​ថា គ្រោះមហន្តរាយ​ធ្ងន់ធ្ងរ​បែប​នេះ​នឹង​ក្លាយជា​រឿង​ធម្មតា ដោយសារ​តែ​ការប្រែប្រួល​អាកាសធាតុ​។​

​សហរដ្ឋ​អាម៉េរិក​បាន​សន្យា​ផ្តល់​ជំនួយ​មនុស្សធម៌​ចំនួន ៥៦ លាន​ដុល្លារ ហើយ​បាន​បញ្ជូន​យន្តហោះ​ចំនួន ១៧ គ្រឿង​ផ្ទុក​ពេញ​ដោយ​គ្រឿង​ផ្គត់ផ្គង់ ជាមួយនឹង​ការសន្យា​នៃ​ការគាំទ្រ​រយៈពេល​វែង​៕

រដ្ឋមន្ត្រីការបរទេស​អាម៉េរិក លោក អាន​ថូ​នី ប្លីង​កិន (​ឆ្វេង​) ជួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ប៉ា​គី​ស្ថាន ប៊ី​ឡា​វ៉ា​ល់ ប៊ូ​ត​តូ ហ្សា​ដារី នៅ​ក្រសួង​ការបរទេស​ក្នុង​ក្រុង​វ៉ាស៊ីនតោន