ដោយៈ ប.ខុន / ភ្នំពេញៈ ក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទី២៧ ខែកញ្ញាឆ្នាំ២០២២ នេះ បានជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស សម្រាប់ពីថ្ងៃទី២៨ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ថាៈ នៅថ្ងៃទី២៨ និង ២៩ ខែកញ្ញា ប្រទេសកម្ពុជា បន្តទទួលរងឥទ្ធិពលពីព្យុះទី១៦ ឈ្មោះណូរុ (NORU) ។ ព្យុះនេះ នឹងចូលលើប្រទេសវៀតណាម ភាគកណ្ដាល នៅវេលាម៉ោង ១យប់ ថ្ងៃទី២៨ ខែកញ្ញា ក្នុងកម្រិតជា (STS) រួចបន្ថយឥទ្ធិពលទៅជាវិសម្ពាធ (TD) ដើរលើតំបន់អាងទន្លេមេគង្គ មុននឹងថមថយឥទ្ធិពលទៅជាសម្ពាធទាប (LOW) ។បន្ទាប់មក ប្រទេសកម្ពុជា ទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីក្នុងកម្រិតមធ្យម ។

សេចក្តីជូនដំណឹងខាងលើ បានសរសេរទៀតថាៈ ស្ថានភាពអាកាសធាតុបែបខាងលើ ធ្វើឲ្យតំបន់ទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាពី ២២ ទៅ ២៤ អង្សាសេ សីតុណ្ណភាពអតិបរមា មានពី ៣០ ទៅ ៣២ អង្សាសេ។នៅថ្ងៃទី២៨ និង ទី២៩ ខែកញ្ញា បណ្ដាខេត្តក្នុងភូមិសាស្ត្រជាប់ព្រំដែនថៃ អាចមានភ្លៀង ក្នុងកំរិតពីបង្គួរទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះនិងខ្យល់កន្ត្រាក់។ រីឯរាជធានី និងបណ្តាខេត្តដទៃទៀត អាចមានភ្លៀងធ្លាក់ ក្នុងកំរិតពីតិចទៅបង្គួរ។ បន្ទាប់ពីនោះ ភ្លៀងអាចធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម ។

សម្រាប់តំបន់ខ្ពង់រាប មានសីតុណ្ហភាពអប្បបរមាពី ២១ ទៅ ២៣ អង្សាសេ សីតុណ្ហភាព អតិបរមាមានពី ២៩ ទៅ ៣១ អង្សាសេ ។ នៅថ្ងៃទី២៨ និងទី ២៩ ខែកញ្ញា អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីបង្គួរទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ចាប់ពីថ្ងៃទី៣០ ខែកញ្ញាទៅ ភ្លៀងអាចធ្លាក់ក្នុងកំរិតពីខ្សោយទៅបង្គួរ។

នៅតំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមាពី ២២ ទៅ ២៤ អង្សាសេ សីតុណ្ណភាពអតិបរមា មានពី ២៨ ទៅ ៣០ អង្សាសេ ។ អាចមានភ្លៀងក្នុងកំរិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ នៅលើផ្ទៃសមុទ្រ អាចមានភ្លៀងលាយឡំនឹងខ្យល់បក់បោកខ្លាំង រលកសមុទ្រខ្ពស់ៗបន្តរហូតដល់ថ្ងៃទី៣០ ខែកញ្ញា។

យោងលើស្ថានភាពធាតុអាកាស ដូចបានជម្រាបជូនខាងលើ ក្រសួងធនធានទឹកនិងឧតុនិយម បានសូមអាជ្ញាធរដែនដី និងសាធារណជន ជ្រាបជាព័ត៌មាន និងបន្តប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានឡើងជាយថាហេតុ ៕/V