​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ការបោះឆ្នោត​ប្រជាមតិ​ដែល​រៀបចំ​ដោយ​រុស្ស៊ី ដែល​អាច​នាំ​ទៅដល់​ការ​កាត់​យក​ទឹកដី​អុ​យក្រែន​ចំនួន ១៥ ភាគរយ​នឹងត្រូវ​បញ្ចប់​នៅ​ថ្ងៃ​អង្គារ​ទី​២៨​កញ្ញា ខណៈ​វិមាន​ក្រឹម​ឡាំង​បាន​និយាយថា ខ្លួន​មិន​សម្រេច​ចិត្ត​បិទ​ព្រំដែន​ទេ ខណៈ​កំណែន​ទ័ព​លើកដំបូង​ចាប់តាំងពី​សង្គ្រាមលោកលើកទី​ពីរ​បាន​ជំរុញ​ឱ្យ​មនុស្ស​មួយចំនួន​ភៀសខ្លួន​ចេញពី​ប្រទេស​។​

​ការបោះឆ្នោត​នៅ​ខេត្ត​លូ​ហាន​ស​ខ៍ (Luhansk) ខេត្ត​ដូណិត​ស​ខ៍​(Donetsk) ខេត្ត​ឃើ​សុន (Kherson) និង​ខេត្ត​ហ្សា​ប៉ូរី​ហ្ស​ហ្សា (Zaporizhzhia) ភាគ​ខាងកើត​និង​អាគ្នេយ៍​របស់​អ៊ុ​យក្រែន​​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​សុក្រ ហើយ​ត្រូវបាន​ប្រទេស​លោកខាងលិច​ច្រានចោល​ថា​ជា​ការបោះឆ្នោត​ក្លែងបន្លំ ដែល​បាន​សន្យា​មិន​ទទួលស្គាល់​លទ្ធផល​។​

​នៅក្នុង​ប្រទេស​រុស្ស៊ី ការកោះហៅ​ទ័ព​បម្រុង​ប្រមាណ ៣០០.០០០ នាក់​បាន​នាំឱ្យ​មាន​ការតវ៉ា​ជា​និរន្តរភាព​ជា​លើកដំបូង​ចាប់តាំងពី​ការឈ្លានពាន​បាន​ចាប់ផ្តើម​ដោយ​អង្គការ​ឃ្លាំមើល​មួយ​ប៉ាន់ស្មាន​​ថា​យ៉ាងហោច​ណាស់​មនុស្ស ២.០០០ នាក់​ត្រូវបាន​ចាប់ខ្លួន​រហូតមកទល់​ពេលនេះ​។ រាល់​ការរិះគន់​ជា​សាធារណៈ​អំពី “​ប្រតិបត្តិការ​យោធា​ពិសេស​” របស់​រុស្ស៊ី​ត្រូវ​បាន​ហាមឃាត់​។​

​ជើងហោះហើរ​ចេញពី​រុស្ស៊ី​បាន​លក់​អស់ ហើយ​រថយន្ត​បាន​កកស្ទះ​នៅ​ច្រកព្រំដែន ដោយ​មាន​របាយការណ៍​អំពី​ការតម្រង់​ជួរ​រយៈពេល ៤៨ ម៉ោង​នៅ​ព្រំដែន​ផ្លូវ​តែមួយគត់​ទៅកាន់​ហ្ស​ក​ហ្ស៊ី​ដែលជា​អ្នក​​ជិតខាង​គាំទ្រ​លោកខាងលិច​ដ៏​កម្រ​មួយ ដែល​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​រុស្ស៊ី​ចូល​ដោយ​គ្មាន​ទិដ្ឋាកា​។​

​នៅពេល​សួរ​អំពី​លទ្ធភាព​នៃ​ការបិទ​ព្រំដែន អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង លោក ឌី​មី​ទ្រី ប៉េ​ស្កូវ (Dmitry Peskov) បាន​ប្រាប់​អ្នកយក​ព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទ​ទី​២៧​កញ្ញា​ថា​”​ខ្ញុំ​មិនដឹង​អ្វី​ទាំងអស់​​អំពី​រឿង​នេះ​។ នៅពេលនេះ មិន​មាន​ការសម្រេចចិត្ត​ណាមួយ​ត្រូវបាន​ធ្វើ​ឡើង​លើ​រឿង​នេះ​ទេ​”​។​

​រុស្ស៊ី​រាប់​អតីត​អ្នកមាន​អាយុ​ត្រូវធ្វើ​ទាហាន​រាប់លាន​ជា​ទាហាន​បម្រុង​ផ្លូវការ​។ អាជ្ញាធរ​មិន​បាន​បញ្ជាក់​ច្បាស់​ថា​នរណា​នឹងត្រូវ​កោះហៅ​នោះទេ ព្រោះ​ផ្នែក​នៃ​បទបញ្ជា​របស់​លោក​ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន ត្រូវបាន​ចាត់ថ្នាក់​ជា​ការសម្ងាត់​៕

មនុស្ស​សម្រុក​ចេញពី​រុស្ស៊ី​ដើម្បី​គេច​ពី​ការ​កេណ្ឌ​ទ័ព