ដោយៈសុផានីតា / កោះកុង៖ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រមាណ ១២.២៤០ នាក់ បាននាំគ្នាទៅលេងកម្សាន្តតាមតំបន់រមណីយដ្ឋាទេសចរណ៍ នៅក្នុងខេត្តកោះកុង។ ចំនួនអ្នកទេសចរ នៅពេលនេះ ត្រូវបានមន្រ្តីជំនាញអះអាងថា កើនឡើងជិត ១.០០០ នាក់។

លោក សុខ ចាន់គ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង បានវាយតម្លៃតាមស្ថិតិដែលផ្តល់ដោយគ្រប់តំបន់ទេសចរណ៍ទូទាំងខេត្តថាៈ ពិធីបុណ្យភ្ជុំបិណ្ឌ ៣ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ ខេត្ត ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបចំនួន ១២.២៤០ នាក់ ក្នុងនោះ មានទេសចរបរទេស ចំនួន ១៩៥ នាក់។

ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង បានឱ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ទៀតថាៈ ស្ថិតិចំនួនអ្នកទេសចរ ឆ្នាំ២០២២ អំឡុងពិធីបុណ្យភ្ជុំបិណ្ឌ បានកើន ៩៩២ នាក់ ស្មើនឹង ៩ ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២១ គ្រាកាលនោះ កម្ពុជាទើបតែងើបពីវិបត្តិជំងឺកូវីដ១៩។ មូលហេតុធ្វើឱ្យមានចំនួនភ្ញៀវទេសចរមកលេងកម្សាន្តនៅក្នុងខេត្ត ព្រោះតែភ្ញៀវអ្នកទេសចរ ប្តូរពីការធ្វើទេសចរណ៍បែបទំនើបមកទេសចរណ៍បែបអេកូទេសចរណ៍វិញ រួមមាន ការបោះតង់ កម្សាន្តតាមឆ្នេរ ទឹកធ្លាក់ ដើរព្រៃភ្នំ និងបូករួមស្ថានភាពអាកាសធាតុ មានអំណោយផលល្អផងដែរ។

ដោយឡែក តម្លៃកន្លែងស្នាក់នៅ និងម្ហូបអាហារហូបចុកវិញ រដ្ឋបាលខេត្តកោះកុង និងមន្ទីរទេសចរណ៍ ធ្លាប់ចេញលិខិតជូនដំណឹងដល់គ្រប់សេវាករ និងប្រតិបត្តិករទេសចរណ៍ ត្រូវអនុវត្តការរក្សាតម្លៃឱ្យបានល្អត្រឹមត្រូវ ចៀសវាងតម្លើងថ្លៃហួសហេតុ ដែលធ្វើឱ្យបាត់បង់ចំនួនអ្នកទេសចរ និងចំណូលរបស់ខ្លួន ដោយសារតែការផ្តល់សេវាទេសចរណ៍។

អ្នកស្រី ទិត្យ រចនា អ្នកលក់សំបុត្រនៅតំបន់ទេសចរណ៍ធម្មជាតិ ព្រៃកោងកាងពាមក្រសោប ទទួលស្គាល់ថាៈ រដូវកាលបុណ្យភ្ជុំបិណ្ឌ ឆ្នាំនេះ មានអ្នកទេសចរ ខ្ទង់ពាន់នាក់ ភាគច្រើន ជាអ្នកទេសចរក្នុងស្រុក ពុំសូវមានអ្នកទេសចរ មកពីរាជធានីភ្នំពេញ ឬបណ្តាខេត្តផ្សេងទេ បានចូលមកលេងកម្សាន្ត នៅរមណីយដ្ឋានរបស់ខ្លួន បើធៀបនឹងឆ្នាំ ២០២១។

អ្នកស្រី ទិត្យ រចនា បានអះអាងថាៈ តម្លៃសំបុត្រចូលទស្សនារក្សានៅដដែល ជនជាតិខ្មែរ ៣.០០០ រៀល និងជនបរទេសម្នាក់ ៥.០០០ រៀល រីឯសេវាដឹកជញ្ចូនតាមទូក ក៏មិនតម្លើងថ្លៃអ្វីដែរ តាមជិត និងឆ្ងាយ។ អ្នកស្រី រចនា ក៏សូមអរគុណដល់អ្នកទេសចរដែលតែងតែគាំទ្រមកទស្សនា នៅក្នុងសហគមន៍ពាមក្រសោបគ្រប់រដូវកាល។

ចំណែកអ្នកទេសចរ មកពីរាជធានីភ្នំពេញ និងខេត្តផ្សេង ដែលមកលេងនៅតំបន់ព្រៃកោងកាងពាមក្រសោប យល់ថា មូលហេតុអ្នកទេសចរក្រៅស្រុក ពុំបានសូវមកលេង ដោយសារតែបញ្ហាផ្លូវជាតិលេខ៤៨ រងការខូចខាតខ្លាំង ទើបអាចធ្វើឱ្យអ្នកទេសចរ បង្វែរទិសទៅលេងកម្សាន្តតំបន់ទេសចរណ៍ខេត្តដទៃទៀតជំនួសវិញ។

លោក វាសនា និងអ្នកស្រី និមល ជាអ្នកទេសចរ មកពីរាជធានីភ្នំពេញ បានថ្លែងថាៈ កាលដែលពួកគាត់មកលេងខេត្តកោះកុង ដោយសារចង់ស្គាល់ពីតំបន់ទេសចរណ៍នៅទីនេះ ក្រោយដឹងថា មានកន្លែងកម្សាន្តច្រើន។ ទោះបីជាផ្លូវជាតិលេខ៤៨ ពិបាកធ្វើដំណើរបន្តិចក្តី ក៏ឆ្លៀតមកលេងនៅតំបន់ព្រៃកោងកាងពាមក្រសោបផងដែរ។

អ្នកទេសចរក្នុងស្រុកទាំងពីររូប បានបន្ថែមថាៈ ចំពោះតម្លៃចំណីអាហារ និងផ្ទះសំណាក់ សណ្ឋាគារស្នាក់នៅវិញ គឺអាចទទួលយកបាន តែអាស្រ័យលើការជជែកថ្លៃគ្នា ជាមួយសេវាករផ្នែកទេសចរនីមួយៗ៕/V