​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុមហ៊ុន Apple បានចាប់ផ្តើម​ផលិត iPhone 14​ថ្មី​របស់​ខ្លួន​នៅក្នុង​ប្រទេស​ឥណ្ឌា​ខណៈ​ក្រុមហ៊ុន​បច្ចេកវិជ្ជា​យក្ស​មួយ​នេះ​សម្លឹង​ផ្លាស់ប្តូរ​ទីតាំង​ផលិតកម្ម​​មួយចំនួន​ចេញពី​ចិន ចំ​ពេល​មាន​ភាព​តានតឹង​ផ្នែក​នយោបាយ​ជាមួយ​ប្រទេស​នេះ​។​

​ដៃគូ​ផលិត​សកល​របស់​ក្រុមហ៊ុន គឺ Foxconn កំពុង​ផលិត​ឧបករណ៍​នេះ​នៅ​រោងចក្រ Sriperumbudur របស់​ខ្លួន​នៅ​ជាយក្រុង​ឈិន​ណៃ (Chennai)​។​

Apple នឹង​លក់​ទូរស័ព្ទ​ដែល​ផលិត​នៅ​ឥណ្ឌា​នៅក្នុង​ស្រុក ប៉ុន្តែ​ក៏​នាំចេញ​ទៅ​កាន់​ទីផ្សារ​ផ្សេង​ទៀត​ជុំវិញ​ពិភពលោក​ដែរ​។​

​ក្រុមហ៊ុន​បាន​បញ្ជាក់ទៀតថា អតិថិជន​នៅ​ឥណ្ឌា​នឹង​ចាប់ផ្តើម​ទទួលបាន​ឧបករណ៍​ដែល​ផលិត​ក្នុងស្រុក​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​។​

Apple បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ត្រកូល iPhone 14 ថ្មី​បង្ហាញ​នូវ​បច្ចេកវិជ្ជា​ថ្មីៗ និង​សមត្ថភាព​សុវត្ថិភាព​សំខាន់ៗ យើង​ពិតជា​រំភើប​ក្នុង​ការផលិត iPhone 14 នៅក្នុង​ប្រទេស​ឥណ្ឌា​”​។​

Apple នៅតែ​ពឹងផ្អែក​យ៉ាង​ខ្លាំង​លើ​ចិន​សម្រាប់​ការផលិត iPhone ភាគច្រើន​របស់​ខ្លួន​។

​ទោះយ៉ាងណា ក្រុមហ៊ុន​ឥឡូវ​កំពុង​ស្វែងរក​ជម្រើស​ជំនួស ចំ​ពេល​មាន​ភាព​តានតឹង​ភូមិសាស្ត្រ​នយោបាយ​និង​ការ​រឹតបន្តឹង​ទប់ស្កាត់​ជំងឺ​រាតត្បាត ដែល​បាន​រំខាន​ដល់​ខ្សែសង្វាក់​ផ្គត់ផ្គង់​សម្រាប់​ឧស្សាហកម្ម​ជាច្រើន​។​

​លោក សាន​យ៉ាម ឆូ​រ៉ាស៊ា (Sanyam Chaurasia) អ្នកវិភាគ​នៅ​ក្រុមហ៊ុន Canalys បាន​និយាយថា “Apple បាន​ព្យាយាម​ធ្វើ​ពិពិធ​កម្ម​ខ្សែសង្វាក់​ផ្គត់ផ្គង់​របស់​ខ្លួន​មួយរយៈ​មកហើយ ប៉ុន្តែ​កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំងនេះ​បាន​កើន​ឡើង​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ ជុំវិញ​ការដាក់ទណ្ឌកម្ម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាម៉េរិក​និង​ចិន​”៕

​អតិថិជន​នៅ​ឥណ្ឌា​នឹង​ចាប់ផ្តើម​ទទួលបាន​ឧបករណ៍​ដែល​ផលិត​ក្នុងស្រុក​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​