ដោយ:ពៅនិមល/ភ្នំពេញ៖ វេទិកាការងារប្រចាំសប្តាហ៍ទី៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកញ្ញាឆ្នាំ២០២២ខាងមុខនេះ ដោយមានកិច្ចសហការជាមួយក្រុមហ៊ុនធំៗជាង១០ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារនិង បណ្តុះបណ្តាលវិជ្ជាជី នឹងបង្ហាញជូននូវឱកាសការងារដើម្បីជ្រើសរើសកម្លាំងពលកម្មចំនួន ១​៥៧៦​កន្លែង។

លិខិតផ្លូវការរបស់ទីភ្នាក់ងារជាតិមុខរបរនិងការងារបានឲ្យដឹងថា ក្រុមហ៊ុនធំៗជាង១០ ដែលនឹងចូលរួមក្នុងកិច្ចសម្ភាស ដើម្បីជ្រើសរើសបុគ្គលិក រួមមានក្នុងវិស័យអាហារ និងភេសជ្ជៈ, ផ្សារទំនើប, សេវាកម្ម និងវិស័យហិរញ្ញវត្ថុជាដើម។

កាលពីពេលកន្លងទៅមន្រ្តី NEA បានបញ្ជាក់ថា វេទិកានេះបង្ហាញពីការរួមចំណែកយ៉ាងសំខាន់ជូនដល់ភាគីនិយោជកដែល កំពុងមានតម្រូវការជ្រើសរើសបុគ្គលិកទាំងពេលបច្ចុប្បន្ននិងអនាគតឱ្យមានឱកាសបានជួបជាមួយអ្នកកំពុងស្វែងរកការងារធ្វើដោយផ្ទាល់ ដើម្បីយកទៅបំពេញបេសកម្មក្រុមហ៊ុន និងសម្រេចផែនការ ដែលបានកំណត់។

សូមជម្រាបជូនថា វេទិកាការងារនេះ គឺជាផ្នែកមួយនៃយន្តការរបស់រដ្ឋាភិបាល ក្នុងការផ្ដល់ឱកាសដល់សាធារណៈជនទូទៅ ជាពិសេសយុវជនដែលចង់ស្វែងការងារធ្វើអ្នកស្វែងរកកន្លែងកម្មសិក្សាឬអ្នកចង់ផ្លាស់ប្តូរការងារអាចទទួលបានកាន់តែងាយស្រួល ដោយចំណេញពេលវេលា និងនៅមួយកន្លែង។ សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ អាចយកប្រវត្តិរូបសង្ខេប (CV)និងរៀបចំខ្លួនឲ្យបានសមរម្យទៅតាមមុខតំណែងដែលចង់បានដើម្បីចូលរួមដាក់ពាក្យផ្ទាល់និងសម្ភាសផ្ទាល់ជាមួយក្រុមហ៊ុនទាំងនោះនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាចនៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ស្ថិតក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕សរន