ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ ក្រុមមន្ត្រី​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្តបន្ទាយមានជ័យ និង​ស្រុក បានឱ្យដឹង​កាលពី​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២២​ថាៈ ស្ថានភាព​ទឹកជំនន់​ពី​ស្ទឹង​ស្រែង និង​ស្ទឹង​ក្រឡាញ់ នៅ​ប៉ែក​ខាងកើត​ស្រុក​ព្រះនេត្រព្រះ និង​ភ្នំស្រុក បាន​ស្រុក​ចុះ​ពី​ខ្សែទឹក​ខាងលើ ហើយ​ស្រុង​បន្តិច​វិញ ។ ប៉ុន្តែ​ពលរដ្ឋ បាន​ត្រូវ​ជម្លៀស​ទៅ​ទីទួល​សុវត្ថិភាព ដើម្បី​បញ្ចៀស​ពី​ផលប៉ះពាល់​ទូទៅ​ដែល​បាន​កើនឡើង​។ ដំណាលគ្នា​នេះ លោក​អភិបាលខេត្ត​បន្ទាយមានជ័យ និង​មន្ត្រី​ពាក់ព័ន្ធ បាន​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់ សួរសុខទុក្ខ និង​ផ្តល់​ស្បៀងអាហារ ជូន​ពលរដ្ឋ​ដែល​រងគ្រោះ ។

​លោក លុច ផ មេឃុំ​ទឹកជោរ បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា នៅ​ថ្ងៃទី​២៧ ខែកញ្ញា​នេះ​ថា​: ពីថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២២ មក បម្រែបម្រួល​​ស្ថានភាព​ទឹកជំនន់​ពី​ស្ទឹង​ខាងលើ បាន​ស្រក​បន្តិច​វិញ​ហើយ​។ ប៉ុន្តែ​នៅមាន​បញ្ហា​ប៉ះពាល់ ៥​ភូមិ​/​លើ​១៨​ភូមិ​។ ភូមិ​ទាំងនោះ ទឹក​មិនទាន់​ស្រក ឬថា​ជម្រៅ​ទឹក នៅតាម​ផ្លូវ​នៅត្រឹម​ចង្កេះ​និង​ភ្លៅ​មនុស្ស​ចាស់​នៅឡើយ ដែល​មាននៅ​ភូមិ : ១.​ភូមិ​ស្មាច់​. ២.​ប៉ោយចារ​. ៣. តា​ខែ​ក​.៤ គោក​កី និង​៥.​ភូមិ​ទន្លាប់ ។ ប្រជាជន​ទាំង ៥ ភូមិ​នេះ ធ្វើដំណើរ ដោយ​ទឹក​លិច​ម៉ូតូ​ទឹក​ស្មើ​កែប​នៅឡើយ​។ ពួកគេ​ជាប់គាំង​ក្នុង​លំនៅឋាន​និង​ភូមិ​ដែល​ត្រំ​ទឹក​ចូល​រយ​:​ពេល​ជិត ១ សប្តាហ៍​ហើយ ដ្បិត​ពិបាក​ចេញ​-​ចូល​ពី​ភូមិ មក​ផ្លូវជាតិ​លេខ​៦ មិន​បានទេ​។ ទឹក​បន្ត​លិច​ជ្រៅ​នៅ​ម្ដុំ​ពី​ផ្លូវជាតិ​លេខ​៦​អា ទៅ​ភូមិ​ឡោ​ទេ និង​ផ្លូវ​ពីរ​ទៀត​ដែល​ធ្លាប់​ធ្វើដំណើរ​ចេញចូល ក៏​លិច​ខ្លាំង​ទៅ​មិន​រួច​ផងដែរ ។

​ចំណែក​លោក ជូ បុត្រ អភិបាលស្រុក​ភ្នំស្រុក​បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា នៅ​ថ្ងៃទី​២៧ ខែកញ្ញា នេះដែរ​ថាៈ ស្ថានភាព​ទឹកជំនន់ នៅ​ទូទាំង​ស្រុក ពិសេស​នៅ​ប៉ែក​ខាងកើត​ភូមិសាស្ត្រ​ស្រុក បាន​ស្រក​ចុះ​បន្តិច​ហើយ​មកទល់ពេលនេះ (​បើ​ប្រៀបធៀប​នឹង​ថ្ងៃទី​២២ ខែកញ្ញា​) ហើយ​ការប៉ះពាល់​លើ​គ្រួសារ​ពលរដ្ឋ​និង​ផ្ទៃ​ដីស្រែ ចម្ការ និង​លើ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណ​: ឯកជន ក៏បាន​កើនឡើង ក្នុងនោះ បាន​ប៉ះពាល់​លើ ១០​ភូមិ នៃ ៤ ឃុំ លើ ៦​ឃុំ (​កាលពី​ថ្ងៃទី​២២​ខែកញ្ញា ប៉ះ​ទាំង​៦​ឃុំ ពលរដ្ឋ​ជាង ២.០០០ គ្រួសារ​) ពលរដ្ឋ ១.៥០២ គ្រួសារ មនុស្ស​រាយ ៦.៥៨០ គ្រួសារ​/​ស្រី ៣.៣១៩ នាក់ ជម្លៀស​ទៅ​ទីទួល​សុវត្ថិភាព​ចំនួន ១៣៦ គ្រួសារ មនុស្ស​រាយ ៣៣៤ នាក់​/​ស្រី ១៦៨ នាក់ ។ ប៉ះពាល់​ដំណាំ​ស្រូវ ១៣.៨៥៤ ហិកតា ដំឡូង​មី ៤៩០ ហិកតា មណ្ឌល​សុខភាព ១ សាលារៀន ១៦ សាលា វត្ត​៥ ទឹក​ហូរ​កាត់​ផ្លូវ​លើ ៦២ ខ្សែ ប្រវែង ៤៧.៣៥៥ ម៉ែត្រ​។ នៅក្នុង​ឃុំ​ស្ពាន​ស្រែង ស្រះ​ជីក ភ្នំ​ដី ប៉ះពាល់​ខ្លាំងជាងគេ ។

​ទន្ទឹមនឹងនេះ កាលពី​ថ្ងៃទី​២៦ ខែកញ្ញា លោក​អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ និង​ជា​ប្រធាន​គណ​:​ក​ម្មា​ធិ​ការគ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត បាន​អញ្ជើញ​ដឹកនាំ​ក្រុមការងារ កងកម្លាំង អាជ្ញាធរ ចុះសួរសុខទុក្ខ និង​ផ្តល់​ស្បៀងអាហារ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​រងគ្រោះ​ទឹកជំនន់​នៅ​ឃុំ​ទឹកជោរ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

​ក្នុងឱកាស​នោះ អភិបាលខេត្ត សម្តែង​ការសោកស្តាយ ចំពោះ​ការខូចខាត​ផលដំណាំ ទ្រព្យសម្បត្តិ​ខ្លះ​ពុក​ម៉ែ​បងប្អូន និង​សូម​ពុក​ម៉ែ​បងប្អូន​ថែរក្សា​សុខភាព មាន​អ្វី​កើតឡើង​ជាយថាហេតុ​សូម​រាយការណ៍​ជូន​អាជ្ញាធរ កងកម្លាំង​។

​ក្នុងឱកាស​នេះដែរ លោក​បាន​ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​ដែល​ជួប​ការលំបាក​ខ្លាំង​ចំនួន ៣០ គ្រួសារ ដោយ​ទទួលបាន​សម្ភារៈប្រើប្រាស់ និង​គ្រឿង​ឧបភោគបរិភោគ មួយ​ឃី​ត​និង​ថវិកា ៦០.០០០ រៀល ក្នុង​មួយ​គ្រួសារ (​ភូមិ​ថ្មី ២០​គ្រួសារ​. ភូមិ​ទឹកជោរ ១០​គ្រួសារ ) ។

​សូមបញ្ជាក់ថា ប៉ែក​ខាងកើត​នៃ​ស្រុក​ព្រះនេត្រព្រះ និង​ភ្នំស្រុក បានទទួល​រងគ្រោះ​ទឹកជំនន់​ដែល​ធ្លាក់​មកពី​ខេត្ត​ឧ​ត្ត​រ​មានជ័យ តាម​ស្ទឹង​ស្រែង និង​ស្ទឹង​ក្រឡាញ់​។ នោះ​គឺ​ទឹកភ្លៀង​ដែល​បង្ក​ពី​បាតុភូត​វិ​សម្ពាធ​ទាប និង​ឥទ្ធិពល​នៃ​ព្យុះ​និង​ខ្យល់មូសុង​ក្នុង​តំបន់ ៕ V / N