ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំង​: នៅ​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០២២ ប្រជាពលរដ្ឋ​រាប់ពាន់នាក់​បានមក​ចូលរួម​ក្នុង​ពិធី​ប្រណាំងទូក​ចែវ និង​ទូក​អុំ នៅក្នុង​ភូមិ​កោះ​ថ្កូវ ឃុំ​កោះ​ថ្កូវ ស្រុក​ជល​គី​រី ខេត្ត​កំំ​ពង់​ឆ្នាំង ដែល​ពិធី​នេះ តែងតែ​ធ្វើ​ក្នុង​រដូវ​នេះ ជា​រៀងរាល់ឆ្នាំ ដើម្បី​ជ្រើសរើស​រក​ជើងឯក​។

​បងប្អូន​ប្រជាពលរដ្ឋ​នៅឯ​កោះ​ឧុ​ក​ញ្ញ៉ា​តី ដែល​បាននាំគ្នា​ជិះ​រថយន្ត​ធុន​ធំ​មកលេង​កម្សាន្ដ បាន​និយាយថាៈ ពួកគាត់​មកលេង​ក្នុង​ពិធី​អុំទូក​នៅទីនេះ ២​ឆ្នាំ​ជាប់ៗ​គ្នា ខណៈ​ទឹកទន្លេ​នៅ​ទីធ្លា​មុខ​វត្ត​កោះ​ថ្កូវ​ស្រឡះ​ល្អ ដែល​អំណោយផល​ដល់​កា​ប្រណាំងទូក​ទូក​អុំ និង​ទូក​ចែវ ហើយ​កន្លែង​ទូលាយ​សម្រាប់​មហាជន​មក​ចូលរួម​មើល​មាន​ទាំង​នៅ​កណ្តាលទន្លេ​ផងដែរ ។

​លោក ដូ​វ គឹម​ស៉ី​ន អភិបាលស្រុក​ជល​គី​រី ក៏បាន​ឲ្យ​ដឹង​ដែរ​ថាៈ ឆ្នាំនេះ ប្រមុខ​រាជរដ្ឋាភិបាល មិន​តម្រូវ​ឲ្យ​ក្រុម​ទូក​ចែវ ទូក​អុំ​ទៅ​ចូលរួម​ប្រណាំង ក្នុង​ពិធី​អុំទូក អកអំបុក​
​សំពះ​ព្រះ​ខែ​នោះទេ គឺ​តម្រូវឱ្យ​តាម​ខេត្ត រៀបចំ​ធ្វើ​ពិធី​នេះ​ឡើង ដូចជា​នៅថ្ងៃនេះ បងប្អូន​ប្រជាពលរដ្ឋ មកពី​គ្រប់​ទីកន្លែង​យ៉ាង​កុះករ ឈរ​តាម​មាត់ទន្លេ​ខ្លះ នៅ​កណ្ដាលទន្លេ រង់ចាំ​មើល​ពិធី​អុំទូក​ដោយ​ចង់ដឹងថា ទូក​វត្ត​ណា ឃុំ​ណា ភូមិ​ណា ដែលជា​អ្នកទទួល​ជ័យជំនះ​នៅក្នុង​ការប្រណាំង​ទូក​នេះ ។

​លោក​អភិបាលស្រុក​ជល​គី​រី បាន​ឲ្យ​ដឹង​ទៀតថាៈ ការ​អុំទូក​ប្រណាំង នៅ​រសៀល​ថ្ងៃទី​២៦ កញ្ញា​នេះ គឺមាន​ទូក​ចែវ ៦​គ្រឿង ទូក​អុំ ៨ គ្រឿង ដែល​ត្រូវ​ចូលរួម​ដំណើរការ ដោយមាន​វិធានការ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​ប្រព្រឹត្តទៅ​បានល្អ ដែល​មិនមាន​អ្វី​កើតឡើង​ជាយថាហេតុ​នោះទេ​។

​លោក ដូ​វ គឹម​ស៊ីន បានឱ្យដឹង​ទៀតថាៈ នៅក្នុង​ការប្រណាំង​ទូក​ចែវ ទូក​អុំ នា​រសៀល​ម្សិលមិញ​មានការ​គាំទ្រ​ពី​លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្ត​កំពង់ឆ្នាំង ឧបត្ថម្ភ​ស្រា​បៀរ ចំនួន ៧០ កេះ រួម​នឹង​ថវិកា ២ លាន​រៀល លោក ឡុ​ច សារិន រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឧបត្ថម្ភ​ថវិកា ១.០០០ ដុល្លារ លោក​អភិបាលស្រុក​ជល​គី​រី ឧបត្ថម្ភ​ភេសជ្ជៈ​ទឹកក្រូច ១៥ កេះ ថវិកា ៧០ ម៉ឺន​រៀល លោក ចាន់ សុខ​អាជីវករ​លក់ដូរ នៅ​ផ្សារ​កំពង់ប្រាសាទ ឧបត្ថម្ភ​មី ២៨ កេស លោក​រិ​ទ្ធ ថៅកែ​ឡឥដ្ឋ​ជួយឧបត្ថម្ភ​ថវិកា ១០០ ដុល្លារ​។

​នៅ​បញ្ចប់​ពិធី ព្រះសង្ឃ ប្រជាពលរដ្ឋ និង​តំណាង​ទូក​ចែវ ទូក​អុំ​ទាំងអស់ សុំ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​លោក​អភិបាលខេត្ត​កំពង់ឆ្នាំង និង​ក្រុមការងារ​ទាំងអស់ ដែល​បាន​ជួប​ជ្រោមជ្រែង​ឲ្យ​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​យ៉ាង​រលូន​ទៅបាន​ក្រោម​ម្លប់​នៃ​សន្តិភាព ៕ V / N