ដោយៈ សុ​ផានី​តា / កោះកុង​អាជ្ញាធរ​ស្រុក​បូ​ទុម​សាគរ និង​អង្គការ​ដៃគូ​អភិវឌ្ឍន៍ រួមគ្នា​គិតគូរ​ដោះស្រាយ​ពី​តម្រូវការ ខណៈ​មានការ​ខ្វះខាត​របស់​ប្រជាពលរដ្ឋ រស់នៅក្នុង​ភូមិ​ចំនួន​២ គឺ​ភូមិ​ខ្មែរឥស្លាម និង​ភូមិ​សុ​វណ្ណា​បៃតង​នៅក្នុង​ឃុំ​អណ្តូងទឹក និង​ឃុំ​កណ្តោល ដើម្បី​លើកកម្ពស់​ជីវភាព កាន់តែ​រីកចម្រើន​។

​លោក ក្រូច បូរី​សីហា អភិបាលស្រុក​បូ​ទុម​សាគរ បានឱ្យដឹង​នៅ​ថ្ងៃទី​២៧ កញ្ញា​នេះ​ថាៈ​ប្រជាពលរដ្ឋ ២៣ នាក់ បន្ត​បានទទួល​កញ្ចប់​ថវិកា​ចិញ្ចឹមសត្វ​គោ ចំនួន​៥​ក្បាល អណ្តូងទឹក​ស៊ីទែន​ចំនួន​១៦ ផ្ទះ​ចំនួន​២​ខ្នង ដែល​សរុប​ថវិកា ១៤.៤០០ ដុល្លារ​អាមេរិក ដើម្បី​ជា​ទុន​ដល់​ពួកគាត់​សម្រាប់​ការរស់នៅ ក៏ដូចជា​បង្កបង្កើនផល​ចិញ្ចឹមជីវិត ទៅ​ថ្ងៃ​អនាគត​។

​លោក​អភិបាលស្រុក​បូ​ទុម​សាគរ ក្នុង​ពិធី​សំណេះសំណាល និង​ប្រគល់​អំណោយ​ជូន​ប្រជាពលរដ្ឋ​ខ្មែរឥស្លាម ទាំង​២​ភូមិ កាលពី​ថ្ងៃទី​២៦ ខែកញ្ញា ក៏​រម្លឹក​ដែរ​ថាៈ ឆ្នាំ​២០២១ កន្លងទៅ អង្គការ​មូលនិធិ​អាស៊ាន និង​សមាគម​សម្ព័ន្ធ​យុវជន​មុ​ស្លី​ម​កម្ពុជា​ខេត្តកោះកុង ដឹកនាំ​ដោយ​លោក រ៉ូ​ស ម៉ាន​ហ្សះ​រី និង​លោក សុះ ម៉ាត់​លី ធ្លាប់បាន​ផ្តល់​ជា​អណ្តូង​បុក​ខ្នាត​ធំ ដាក់​ស៊ីទែន​ចំនួន​១ បន្ទប់ទឹក​ខ្នាត​ធំ​ចំនួន​២ អណ្តូង​ដាក់​ស៊ីទែន​តូច​ចំនួន​៨ ចែក​មេមាន់​ធ្វើ​ពូជ​ចំនួន​៥​ក្បាល និង​ថវិកា​ក្នុង​១​គ្រួសារ ៣៥០.០០០ រៀល ដល់ ២០ គ្រួសារ ចែក​សាច់គោ ជា​រៀងរាល់ឆ្នាំ​។

​ដូច្នេះ​លោក​អភិបាលស្រុក និង​អាជ្ញាធរ​សមត្ថកិច្ច​មូល​ដ្ឋា​ន សូម​កោតសរសើរ​ដល់​តំណាង​អង្គការ សមាគម​ទាំងពីរ ដែល​គិតគូរ​ជួយឧបត្ថម្ភ​ផ្ត​ត់​ផ្គង់​នូវ​សម្ភារៈ​ជាស​ម្ពា​រៈ និង​ថវិកា​ជំហាន​ទី​២ សម្រាប់​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន​របស់លោក​។

​ទាក់ទង​ប​ញ្ហ​នេះដែរ លោក ក្រូច បូរី​សីហា រំពឹងទុក​ថា ប្រជាពលរដ្ឋ​ដែល​ទទួលបាន​ការឧបត្ថម្ភ​គាំទ្រ និង​លើកកម្ពស់​ខាង​ផ្នែក​ជីវភាព​រស់នៅ និង​ប្រឹងប្រែង​យកចិត្តទុកដាក់​ខ្ពស់ លើ​ការ​បង្កបង្កើនផល ទំនាក់ទំនង​ប្រកបដោយ​សុខុម​ដុមរ​មនា រវាង​គ្នា​និង​គ្នា ព្រមទាំង​មាន​សុខភាព​ល្អ តាម​ការប្រើប្រាស់​ទឹកស្អាត​។ ទោះបីជា​ប្រព័ន្ធ​ទឹកស្អាត មិនទាន់​ដល់​ទៅ​មូលដ្ឋាន​របស់​ពួកគាត់ យ៉ាងណាក្តី​។

​ទន្ទឹមនឹង​ប្រទេស​កម្ពុជា និង​ខេត្តកោះកុង មាន​អាកាសធាតុ​ប្រែប្រួល អាជ្ញាធរ​ស្រុក​បូ​ទុម​សាគរ ក៏​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ថែរក្សា​សុខភាព​ឱ្យ​ល្អ ចៀស​ឆ្ងាយ​ពី​ជំងឺ​ផ្សេងៗ ករណី​មាន​បញ្ហា​គ្រោះធម្មជាតិ​ណាមួយ សូម​ប្រញាប់​ផ្តល់ព័ត៌មាន​ជាបន្ទាន់ មកកាន់​អាជ្ញាធរ​ភូមិ​ឃុំ ដើម្បី​ត្រៀម​ដោះស្រាយបាន​ទាន់ពេលវេលា​។ បើ​ពលរដ្ឋ​ណា មាន​ជំងឺ ប្រញាប់​ទៅកាន់​មន្ទីរពេទ្យ​ដែល​នៅ​ជិត​លំនៅដ្ឋាន​៕ V / N