​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ជប៉ុន​នៅ​ថ្ងៃ​អង្គារ​ទី​២៧​កញ្ញា​នេះ បាន​ធ្វើ​ការតវ៉ា​ប្រឆាំង​នឹង​ការចាប់ខ្លួន​មន្ត្រី​កុងស៊ុល​ជប៉ុន​ម្នាក់​ពី​សំណាក់​អាជ្ញាធរ​រុស្ស៊ី​ពីបទ​ធ្វើ​ចារកម្ម ដោយ​បាន​បដិសេធ​​ការចោទប្រកាន់​ហើយ​អះអាងថា​អាជ្ញាធរ​រុស្ស៊ី​បាន​ធ្វើ​ការសួរចម្លើយ​មន្ត្រីទូតរ​បស់ខ្លួន​បែប​រំលោភបំពាន​។​

​ក្រសួងការបរទេស​ជ​ប៉ុន​បាន​និយាយថា មន្ត្រី​រូប​នេះ​ត្រូវបាន​ចាប់ខ្លួន​និង​សួរចម្លើយ​កាលពី​ថ្ងៃ​២២​កញ្ញា ដោយ​ភ្នែក​របស់​លោក​ត្រូវបាន​គ្រប ដៃ​និង​ក្បាល​ត្រូវ​បាន​សង្កត់​មិន​អោយ​កំរើក​បាន​។​ក្រសួង​​បាន​ធ្វើ​ការប្រឆាំង​តវ៉ា និង​ទាមទារ​អោយ​រុស្ស៊ី​សុំទោស​។​

​កាលពី​ថ្ងៃ​ចន្ទ ក្រសួងការបរទេស​រុស្ស៊ី​បាន​ជូនដំណឹង​ទៅ​ស្ថានទូត​ជប៉ុន​នៅ​ក្រុង​មូ​ស្គូថា មន្ត្រី​ដែល​ត្រូវបាន​ចាប់ខ្លួន​នេះ​ត្រូវបាន​ប្រកាសថា​ជា​«​បុគ្គល​មិន​ស្វាគមន៍​» ដោយ​ហេតុផល​ថា​បុគ្គល​នេះ​បានធ្វើ​​សកម្មភាព​ចារកម្ម និង​តំរូវ​អោយ​ចេញពី​ប្រទេស​រុស្ស៊ីក្នុង​រយៈពេល​៤៨​ម៉ោង​។​

​ទោះជា​យ៉ាងណា នាយខុទ្ទកាល័យ​ជប៉ុន​លោក ហ៊ី​រ៉ូ​កាហ្ស៊ូ ម៉ា​តស៊ូ​ណូ​(Hirokazu Matsuno)​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា « សកម្មភាព​ដែល​រុស្ស៊ី​ចោទប្រកាន់ គ្មាន​មូលដ្ឋាន​ទាំងស្រុង​»​។​

​លោក ម៉ា​តស៊ូ​ណូ បាន​និយាយថា អនុ​រដ្ឋមន្ត្រីការបរទេស​ជប៉ុន​លោក តាកេ​អូ ម៉ូ​រី​(Takeo Mori)​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​មក​ស្តាប់​ការតវ៉ា​ប្រឆាំង​និង​ទាមទារ​អោយ​រដ្ឋាភិបាល​រុស្ស៊ី​ធ្វើការ​សុំ​ទោ​​ស​ជា​ផ្លូវកា​រហើយ​ចាត់​វិធានការ​ដើម្បី​កុំអោយ​កើតមាន​ឧបទ្ទវហេតុ​ដូច្នេះ​ជាថ្មី​។​

​បើ​តាម​លោក ម៉ា​តស៊ូ​ណូ ការប្រព្រឹត្ត​របស់​រុស្ស៊ី​លើ​មន្ត្រី​កុងស៊ុល​ជប៉ុន​ជា​«​ការបំភិតបំភ័យ​»​ក្នុងអំឡុងពេល​សួរចម្លើយ ហើយ​វា​រំលោភ​អនុសញ្ញា​ក្រុង​វី​យែន រួម​ទាំង​សន្ធិសញ្ញា​ជប៉ុន​-​រុស្ស៊ី​ស្តីពី​កិច្ចការ​កុងស៊ុល​។​«​វា​គួរ​អោយ​សោកស្តាយ​ខ្លាំងណាស់​និង​មិន​អាច​ទទួលយកបាន​ទាំងស្រុង​»​។​

នាយខុទ្ទកាល័យ​ជប៉ុន​លោក ហ៊ី​រ៉ូ​កាហ្ស៊ូ ម៉ា​តស៊ូ​ណូ​ថ្លែង​ក្នុង​សន្និសីទកាសែត​មួយ​នៅ​ក្រុង​តូ​ក្យូ​កាលពី​ថ្ងៃ​២៧​កញ្ញា

​មន្ត្រី​កុងស៊ុល​ដែល​ត្រូវបាន​ដោះលែង​ គ្រោង​វិល​ទៅកាន់​ជប៉ុន​នៅ​ថ្ងៃ​ពុធ​។​

នេះ​ជា​ឧទាហរណ៍​នៃជម្លោះចុងក្រោយ​បំផុត​មួយ​ក្នុងទំនាក់ទំនង​កាន់តែ​ដុនដាប​រវាង​ប្រទេស​ទាំង​ពីរ​ដោយសារ​តែ​ជប៉ុន​ចូលរួម​ជាមួយ​លោក​ខាងលិច​ក្នុង​ការដាក់ទណ្ឌកម្ម​លើ​រុស្ស៊ី​ដោយសារ​តែ​សង្គ្រាម​នៅ​​អ៊ុ​យក្រែន​។​ជប៉ុន​និង​រុស្ស៊ី​បាន​បណ្តេញ​អ្នកការទូត​ទៅវិញទៅមក នៅពេល​រុស្ស៊ី​លុបចោល​កិច្ចចរចា​រក​សន្តិភាព​ជាមួយ​ជប៉ុន ដែល​រួមមាន​កិច្ច​ពិភាក្សា​ស្តីពី​កោះ​ជម្លោះ​ដែល​រុស្ស៊ី​កាន់កាប់​តែ​ជប៉ុន​អះអាង​​ថា​ជា​របស់​ខ្លួន​។​

​រុស្ស៊ី​កាលពី​ថ្ងៃ​ចន្ទ​បាន​និយាយថា ខ្លួន​បាន​ចាប់ខ្លួន​មន្ត្រី​ស្ថាន​កុងស៊ុល​ជប៉ុន​ម្នាក់ នៅ​ទីក្រុង វ្ល៉ា​ឌី​វ៉ូ​ស្តុក​(Vladivostok)​ចំពោះ​ការទទូច​សុំ​ព័ត៌មាន​«​ហាមឃាត់​»​។​

FSB ទីភ្នាក់ងារ​ចារកម្ម​រុស្ស៊ី ត្រូវបាន​ទី​ភ្នាក់​ងារ​សារព័ត៌មាន​រុស្ស៊ី​ស្រង់​សម្តី​ដែល​បាន​និយាយថា​«​អ្នក​ការទូត​ជប៉ុន​ម្នាក់​ត្រូវបាន​ចាប់​ខ្លួន​ក្នុងពេល​កំពុង​ទទួល​ព័ត៌មាន​ហាមឃាត់​ស្តីពី​កិច្ច​សហការ​​របស់​រុស្ស៊ី​ជាមួយ​ប្រទេស​មួយទៀត​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ជា​ថ្នូរ​នឹង​រង្វាន់​ជា​លុយ​»​។​

FSB ហៅ​មន្ត្រី​នេះ​ថា​លោក តា​ត់ស៊ូ​ណូរី ម៉ូតូ​គី​(Tatsunori Motoki)​និង​ចោទប្រកាន់​ជន​នេះ​ថា​ស្វះស្វែង​រក​ព័ត៌មាន​ស្តីពី​«​ផលប៉ះពាល់​របស់​ទណ្ឌ​កម្ម​លោកខាងលិច​»​លើ​តំបន់​ព្រី​ម៉ូរី​យ៉េ​(Primoriye)​។​

​សូមបញ្ជាក់​ថា រដ្ឋាភិបាល​វិមាន​ក្រឹម​ឡាំង​ចាត់ទុក​ជប៉ុន​ជា​ប្រទេស​អមិត្ត​មួយ​ដោយសារ​ចូល​ដៃ​ជាមួយ​អាម៉េរិក សហភាព​អឺរ៉ុប​និង​សម្ពន្ធមិត្ត​លោកខាងលិច ចាប់តាំងពី​រដ្ឋាភិបាល​ទីក្រុង​តូក្យូចូលរួមជា​​មួយ​ពួកគេ​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​ក្រោយ​រុស្ស៊ី​បញ្ជូន​ទ័ព​ចូល​អ៊ុ​យក្រែន​។​ក្នុង​ការដាក់ទណ្ឌកម្ម​ចុងក្រោយ​បំផុត រដ្ឋាភិបាល​ជប៉ុន​កាលពី​ថ្ងៃ​ចន្ទ​បាន​ហាម​នាំចេញ​វត្ថុ​ធាតុ​ដើមណា​ដែល​អាច​​ប្រើ​ជា​សព្វាវុធ​គីមី​ទៅកាន់​អង្គការ​រុស្ស៊ី​ចំនួន​២១ រួម​មាន​មន្ទីរពិសោធន៍​វិទ្យាសាស្ត្រ​ផង​៕