​ដោយ​: វណ្ណៈ​/​ព្រះសីហនុ​: នៅ​ព្រឹក​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២២ តំបន់​ជាច្រើន​ក្នុង​ខេត្ត​ព្រះសីហនុ ពិសេស​តំបន់​សមុទ្រ​មាន​ភ្លៀង និង​ខ្យល់ព្យុះ រលក​សមុទ្រ​ធំ​ខ្ពស់ៗ​។ ជុំវិញ​ធាតុអាកាស​បែបនេះ អាជ្ញាធរខេត្ត​បាន​ជូនដំណឹង​ឲ្យ​ពលរដ្ឋ​បង្កើន​ការប្រុងប្រយ័ត្ន​ពិសេស​ការធ្វើដំណើរ​តាមផ្លូវ​សមុទ្រ​។​

​យោងតាម​សេចក្តីជូនដំណឹង​របស់ ក្រសួង​ធនធានទឹក និង​ឧតុនិយម​កម្ពុជា បាន​ឲ្យ​ដឹងថា ចាប់ពី​ថ្ងៃទី​២៧ ដល់​២៩ ខែកញ្ញា ឆ្នាំ​២០២២​នេះ ខ្យល់មូសុង​និរតី និង​បង្កើនល្បឿន​បក់​ក្នុង​កម្រិត​ពី​បង្គួរ​ទៅ​ខ្លាំង​មកលើ​តំបន់​មាត់សមុទ្រ និង​ធ្វើ​ឲ្យ​កម្ពុជា និង​បណ្តា​ខេត្ត​នៅ​ភាគ​ពាយព្យ​មាន​ខេត្ត​ឧ​ត្ត​រ​មានជ័យ​, ព្រះវិហារ​, រតនគីរី​, សៀមរាប​, បន្ទាយមានជ័យ​, ប៉ៃលិន​, បាត់ដំបង និង​ពោធិ៍សាត់​អាចមាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន បូកផ្សំ​នឹង​បរិមាណ​ទឹកភ្លៀង​ដែល​ហូរ មកពី​ប្រទេស​ថៃ បន្ថែមទៀត​អាច​
​បង្ក​ឲ្យ​ទី​ទំនាប​ជាប់​ផ្លូវទឹក​ក្នុងភូមិ​សាស្ត្រ បណ្តា​ខេត្ត​ខាងលើ​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង និង​ជំនន់​ដោយ​បរិ​មាណទឹក​ហួស​កម្រិត​។ ចំណែក​បណ្តា​ខេត្ត​ដ៏ទៃទៀត និង​រាជធានី​ភ្នំពេញ​មាន​ភ្លៀង​ធ្លាក់​ពី​កម្រិត​តិច​ទៅ​បង្គួរ​។ ចំពោះ​ខេត្ត​ជាប់មាត់​សមុទ្រ​មាន​ខេត្តកោះកុង និង​ខេត្ត​ព្រះសីហនុ អាចមាន​ភ្លៀង​ធ្លាក់​ច្រើន​លើ​ផ្ទៃសមុទ្រ​មាន​ខ្យល់​បក់​ខ្លាំង បង្កើត​រលក​សមុទ្រ​ធំៗ​។​

​អាស្រ័យហេតុនេះ សូម​ក្រសួង​ស្ថាប័ន​ពាក់​ព​ន្ធ័ អាជ្ញាធរ​ដែនដី និង​សាធារណៈជន​ទទួល​ជ្រាប​ជា​ព័ត៌មាន និង​បង្កើន​ការ​ប្រុង​ប្រ​យ​ត្ន័​ខ្ពស់​៕