ដោយ៖ សុផល/ ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានឱ្យដឹងកាលពីរសៀល ថ្ងៃទី២៧ ខែកញ្ញាថាៈ កម្ពុជាទទួលបានភ្ញៀវទេសចរ សរុបជាង ១លាន ២សែននាក់ នាពិធីបុណ្យភ្ជុំបិណ្ឌ និងការដើរកម្សាន្ត រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ២៤-២៦ ខែកញ្ញា ឆ្នាំ២០២២ ក្នុងនោះខេត្តបាត់ដំបង សៀមរាប ប៉ៃលិន ទទួលបានភ្ញៀវច្រើនជាងគេដាច់។

នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ រយៈពេល ៣ថ្ងៃ ២៤-២៦ ខែកញ្ញា ឆ្នាំ២០២២ កម្ពុជាយើងទទួលបានភ្ញៀវទេសចរ សរុបទូទាំងប្រទេស ១.២៥៩.១២១ នាក់ ក្នុងនោះ ភ្ញៀវជាតិមានចំនួន ១.២៤៤.៦៤២ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង មានចំនួន ១៤.៤៧៩ នាក់។

បើតាមស្ថិតិប្រចាំថ្ងៃ បានបង្ហាញថាៈ ថ្ងៃទី១ (២៤ កញ្ញា) ទទួលបាន ៣៣៩.៤៥៩ នាក់។ ថ្ងៃទី២ (២៥ កញ្ញា) ទទួលបាន ៥១២.១២៦ នាក់។ ថ្ងៃទី៣ (២៦ កញ្ញា) ទទួលបាន ៤០៧.៥៣៦ នាក់។

ខេត្តដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេទាំង១០ (Top 10) សម្រាប់រយៈពេល ៣ ថ្ងៃនេះ រួមមានៈ ខេត្តបាត់ដំបង ២១០.១២២ នាក់, ខេត្តសៀមរាប ១៤៣.៤៧០នាក់, ខេត្តកែប ១១៦.៧៧៦ នាក់, ខេត្តពោធិ៍សាត់ ៩៦.៤៥២នាក់, ខេត្តព្រះសីហនុ ៨៤.៥៥៧ នាក់, ខេត្តកំពង់ចាម ៧៩.៥៧៤ នាក់, ខេត្តកំពត ៧៧.៥៤៨នាក់, ខេត្តកណ្តាល ៥៤.៥៤៦នាក់, ខេត្តកំពង់ឆ្នាំង ៥៤.០២៦ នាក់ និង ខេត្តប៉ៃលិន ៤៩.៧៤៨ នាក់។

តួលេខនេះ មានកំណើន ៨៩,៤៣% ធៀបនឹងរយៈពេល ៣ថ្ងៃ នៃពិធីភ្ជុំបិណ្ឌ កាលពីឆ្នាំ២០២១។ ចរន្តភ្ញៀវនាឱកាសពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ មានសភាពផុសផុលខ្លាំង ធៀបនឹងឆ្នាំ២០២១ កន្លងមក ដោយសាររាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យមានការកម្សាន្តនៅគ្រប់រមណីយដ្ឋានទេសចរណ៍ទាំងអស់ ហើយប្រជាពលរដ្ឋ អាចទៅធ្វើបុណ្យទាន នៅតាមទីវត្តអារាមនានា ដោយពុំមានការរឹតដ្បិតខុសពីឆ្នាំ២០២១ កន្លងមក ដែលប្រជាពលរដ្ឋបានត្រឹមយកចង្ហាន់ ទៅប្រគេនព្រះសង្ឃ នៅត្រឹមមុខខ្លោងទ្វារចូលវត្ត ដោយសារវិបត្តិជំងឺកូវីដ-១៩។

ប្រភពក្រសួងទេសចរណ៍ បានឱ្យដឹងថាៈប្រជាពលរដ្ឋ បានសម្រុកចូលរាជធានីភ្នំពេញវិញ នាល្ងាចថ្ងៃចន្ទ ម្សិលមិញ ដែលធ្វើឱ្យចរាចរណ៍នៅតាមដងផ្លូវជាតិនានា មានការមមាញឹកខ្លាំង ខណៈប្រជាពលរដ្ឋខ្លះទៀត នឹងបន្តចូលរាជធានីភ្នំពេញ នាថ្ងៃនេះទៀត ពិសេសកម្មករ/កម្មការី ដែលទទួលបានច្បាប់ឈប់សម្រាកពី ៤-៥ ថ្ងៃ។

ចំពោះបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាព ចរាចរណ៍វិញ សង្កេតឃើញថា គណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានី/ខេត្ត និងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បានសម្រួលចរាចរណ៍ និងថែរក្សាសន្តិសុខ សណ្តាប់ធា្នប់ នៅតាមដងផ្លូវជាតិ និងទីតាំងសំខាន់ៗ។

ដោយឡែក មន្ទីរទេសចរណ៍គ្រប់រាជធានី/ខេត្តក៏បានចុះផ្ទាល់ដល់មូលដ្ឋានអាជីវកម្ម និងគោលដៅទេសចរណ៍សំខាន់ៗ ដើម្បីផ្តល់សេវាកម្ម ប្រកបដោយគុណភាព តម្លៃសមរម្យ និងបន្តពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ពិសេសបញ្ចៀសការកកកុញខ្លាំងដូចដែលធ្លាប់កើតមាន នាឆ្នាំកន្លងមក។

សម្រាប់រយៈពេល ៣ថ្ងៃនេះ សភាពការណ៍ទេសចរណ៍ ជារួម រាប់តាំងពីសន្តិសុខ សណ្តាប់ធ្នាប់ និងការដើរកម្សាន្តរបស់ភ្ញៀវទេសចរ មានភាពល្អប្រសើរធម្មតា និងមិនមានបញ្ហាធំដុំណាមួយកើតឡើងទេ បើទោះបីបណ្តារាជធានី/ខេត្ត ភាគច្រើន មានភ្លៀងធ្លាក់ខ្លាំង និងបណ្តាលឱ្យមានជំនន់ទឹកភ្លៀង និងការកកស្ទះនៅតាមតំបន់ និងផ្លូវជាតិសំខាន់ៗមួយចំនួន៕/V