ដោយៈ គង់​ហេង​/ កំពង់ចាមៈ ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​សរុប​ប្រមាណ​ជិត ១០​ម៉ឺន នាក់​បាន​មកលេង​កម្សាន្ត​តាម​បណ្តា​រមណីយដ្ឋាន​នានា ក្នុងភូមិ​សាស្ត្រ​ទឹកដី​ខេត្តកំពង់ចាម រយៈពេល បី ថ្ងៃ នៃ​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​២០២២​។​

​លោក ស៊ាន សុ​គុន ប្រធាន​មន្ទីរ​ទេសចរណ៍ ខេត្តកំពង់ចាម​បានឱ្យ​នៅ​ថ្ងៃទី​២ ខែកញ្ញា​ថាៈ បី​ថ្ងៃ នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ​ឆ្នាំ​២០២២ គិតពី​ថ្ងៃទី​២៤ ដល់ ២៦ ខែកញ្ញា មាន​ភ្ញៀវទេសចរ​សរុប​ចំនួន ៧៩.៥៧៤ នាក់ ក្នុងនោះ​មាន​ភ្ញៀវ​បរទេស​ចំនួន ២៤៦ នាក់​បានមក​លេង​នៅតាម​រមណីយដ្ឋាន​មួយចំនួន​នៅ​ខេត្ត​ជាប់​ដង​ទន្លេមេគង្គ​មួយ​នេះ​។​

​លោក​ប្រធាន​មន្ទីរ​ទេសចរ​ខេត្តកំពង់ចាម​បានឱ្យដឹង​ទៀតថាៈ ក្នុងនោះ​មាន​រមណីយដ្ឋាន​ទឹកឆា​មាន​ភ្ញៀវ​ចំនួន ១០.៤៤០ នាក់​, រមណីយដ្ឋាន​ក​សិ​ទេសចរណ៍​-​ថ្មដារ​មាន​ភ្ញៀវ​ចំនួន ២.៨៩៥ នាក់​មាន​ភ្ញៀវ​បរទេស​ចំនួន ប្រាំ នាក់​, រមណីយដ្ឋាន​ប្រាសាទភ្នំហាន់ជ័យ​មាន​ភ្ញៀវ ១៣.២៧៩ នាក់​មាន​ភ្ញៀវ​បរទេស​ចំនួន ពីរ​នាក់​, រមណីយដ្ឋាន​បែ​ម​ប៊ូ​រី​សត​មាន​ភ្ញៀវ​ចំនួន ១៧៨ នាក់​ក្នុងនោះ​ជា​ភ្ញៀវ​បរទេស​ចំនួន ២៣​នាក់​, រមណីយដ្ឋាន​ភ្នំ​ប្រុស​-​ភ្នំ​ស្រី​មាន​ភ្ញៀវ​ចំនួន ៩.៤៣៤ នាក់ ភ្ញៀវ​បរ​ទេ​ចំនួន ៤៤ នាក់​, រមណីយដ្ឋាន​នគរ​បា​ជ័យ​មាន​ភ្ញៀវ​ចំនួន ៦.៨៧៧ នាក់​,​រមណីយដ្ឋាន​ប្រាសាទភ្នំ​ជើងព្រៃ​មាន​ភ្ញៀវ​ចំនួន ៤.៤២២ នាក់​, អាហា​រដ្ឋា​ន​សួន​ស្នេហ៍​សុភមង្គល​មាន​ភ្ញៀវ​ចំនួន ១.៩៦២ នាក់​, ក្រុង​កំពង់ចាម​មាន​ភ្ញៀវ​ចំនួន ១៥.១១៦​នាក់ មាន​ភ្ញៀវ​អន្តរជាតិ​ចំនួន ៤៧​នាក់​, ភ្ញៀវ​ស្នាក់នៅ​សណ្ឋាគារ និង​ផ្ទះសំណាក់​ចំនួន ៥.២៥៧ នាក់ ភ្ញៀវ​បរទេស​ចំនួន ១២៥​នាក់ និង​ក្នុង​ពិធី​ប្រណាំង​ទូកង​នៅ​ស្រុក​ស្ទឹងត្រង់​មាន​ភ្ញៀវ​ចូលរួម​ទស្សនា​ចំនួន ៩.៧១២ នាក់​។​

​គួរ​កត់សម្គាល់ថា ចំនួន​ភ្ញៀវទេសចរ​មកលេង​ខេត្តកំពង់ចាម​ក្នុង​ពិធីបុណ្យ​ភ្ជុំ​រយៈពេល​ឆ្នាំ​២០២២​នេះ ប្រៀបធៀប​រយៈពេល​បី ថ្ងៃ ដូចគ្នា​ទៅនឹង​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ដែរ​មាន​ភ្ញៀវ​ចូលរួម លេង​កម្សាន្ត​រហូតដល់​ជិត​កន្លះ​លាន ពិសេស​កាលនោះ​ទើបបាន​ងើប​ពី​ជំងឺ​កូ​វីដ ១៩ ធ្ងន់ធ្ងរ​ផង នាំឱ្យ​ខេត្តកំពង់ចាម​ជាប់​ចំណាត់ថ្នាក់​លេខ​២ ដែលមាន​ភ្ញៀវ​ចូលរួម​លេង​កម្សាន្ត​ជាងគេ​៕​