ដោយ: ទេពកង្រី / កំពង់ឆ្នាំង: នៅរសៀលថ្ងៃទី២៦ កញ្ញា ២០២២ ស្ពានឈើដែលគេបានសាងសង់សម្រាប់ការធ្វើដំណើរឆ្លងកាត់ទៅមកបណ្តោះអាសន្ន ទៅកាន់រមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល ឥឡូវនេះ ត្រូវបានកម្លាំងទឹកហូរបុកបណ្តាលឱ្យដាច់ទាំងស្រុងជាថ្មីម្តងទៀតហើយ។ស្ពានមួយកន្លែងនេះ ជាស្ពានបណ្តោះអាសន្ន សម្រាប់ឆ្លងកាត់ទៅមក ទៅកាន់រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ថ្មក្រាល ស្ថិតក្នុងភូមិកោះខ្ទុំ ឃុំជៀប ស្រុកទឹកផុស។

សមត្ថកិច្ចមូលដ្ឋាន បានធ្វើសេចក្តីរាយការណ៍បានឱ្យដឹងថា: ស្ថានភាពទំនប់ទឹកអូវើយ ត្រូវរងបាក់ ២កន្លែង ប្រឡាយដូនពៅ គល់ស្ពានកោះខ្ទុំបាក់ប៉មស្ពាន មកដល់ថ្ងៃទី២៧ កញ្ញា ២០២២ នេះ នៅឃុំតាំងក្រសាំង ទំនប់ទឹកគង្គា បានស្រកចុះវិញ ។

បើយោងតាមរបាយការណ៍របស់រដ្ឋបាលស្រុកទឹកផុស បានឱ្យដឹងទៀតថា: ស្ថានភាពទឹកភ្លៀងនៅតែបន្តធ្លាក់នៅផ្នែកខាងលើ។

សូមរលឹកថា កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅ ស្ពានឈើនេះ បានបាក់ខូចខាតម្តងរួចមកហើយ ដោយសាររថយន្តធំបើកឆ្លងកាត់ បណ្តាលឱ្យបាក់ ប៉ុន្តែអាជ្ញាធរមានសមត្ថកិច្ច បានទទួលកិច្ចអន្តរាគមន៍ពីលោកស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង និងក្រុមការងារខេត្ត បានចុះដល់ទីតាំង និងបានជួសជុលភ្លាមៗ ដើម្បីឲ្យភ្ញៀវទេសចរបានឆ្លងកាត់។

ប៉ុន្តែថ្ងៃនេះ ដោយសារភ្លៀងធ្លាក់ជាបន្តបន្ទាប់កម្លាំងទឹកខ្លាំង បានហូរច្រោះដី និងបាក់កួចស្ពានបន្តិចម្តងៗ រហូតដល់បាក់ទាំងស្រុង។ ហេតុដូចនេះ អាជ្ញាធរស្រុក បានធ្វើសេចក្តីជូនដំណឹងបន្ទាន់សូមផ្អាកការចូលមកកម្សាន្តមួយរយ:សិនរង់ចាំការជួសជុលឡើងវិញ រហូតមានការជូនដំណឹងពេលក្រោយ ៕/V