​ដោយៈ​វ៉ៃ​កូ​/​ស្វាយរៀង​៖លោក សេង សិលា អភិបាលរង​ខេត្ត​តំណាង​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង​​នៅ​ព្រឹក​ថ្ងៃទី​២៧​ខែកញ្ញា​ឆ្នាំ​២០២២​នេះ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សិក្ខា​សិលា​សមាហរណកម្ម​កម្ម​វិធី​វិនិយោគ​បី​ឆ្នាំ​រំកិល (២០២៣-២០២៥)​នៅ​សាលប្រជុំ​សាលាក្រុង​បាវិត ។

​នៅក្នុង​ពិធី​នោះដែរ​មានការ​អញ្ជើញ​ចូលរួម​ពី លោក​ប្រធាន​ក្រុមប្រឹក្សា​ក្រុង លោក លឹម សៀង​ហេង អភិបាល ក្រុង​បាវិត លោក លោកស្រី អនុប្រធាន​មន្ទីរ​-​អង្គភាព​នានា​ក្នុង​ខេត្ត លោកនាយក​រដ្ឋបាល​សាលាក្រុង ការិយាល័យ​នានា​ជុំវិញ​ក្រុង លោក លោកស្រី ចៅសង្កាត់ ស្មៀន​សង្កាត់ និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួនទៀត​។

​លោក សេង សិលា អភិបាលរង​ខេត្ត បាន​ថ្លែងថា​គោលបំណង​នៃ​ការរៀបចំ​សិក្ខាសាលា​នាពេលនេះ​គឺ​ដើម្បី​ធ្វើ ឱ្យ​គម្រោង​សកម្ម​ភាពជា អាទិភាព ស្នើឡើង​ដោយ​ឃុំ សង្កាត់ មាន​ភាព​ស៊ី​ច្រវាក់​ប្រទាក់ក្រឡា​គ្នា​ទៅនឹង​គោល នយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល ព្រមទាំង​សកម្មភាព​នានា​របស់​បណ្ដា​មន្ទីរ​-​អង្គភាព​ជំនាញ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ឈានទៅ​សម្រេចបាន​នូវ​គោលដៅ​រួម​នៃ​ការអភិវឌ្ឍ​មូលដ្ឋាន​ប្រកបដោយ​ប្រសិទ្ធ​ភាពឆ្លើយតប​ទៅ នឹង​តម្រូវការ​ជាក់ស្ដែង​ពិតប្រាកដ​របស់​ប្រជាពលរដ្ឋ ។

​លទ្ធផល​នៃ​អង្គសិក្ខាសាលា​គឺ នៅ​ឆ្នាំ​២០២៣ ខាងមុខ គម្រោង​វិនិយោគ​ក្រុង​បាវិត​មាន​ចំនួន ៤៨​គម្រោង មានការ​សន្យា​គាំទ្រ​ចំនួន ពីរ​គម្រោង ក្នុងនោះ​មានការ​សន្យា​គាំទ្រ​ក្នុង​គម្រោង​ទាំងពីរ​គម្រោង ។

​ចំពោះ​គម្រោង​វិនិយោគ​សង្កាត់​ទាំង​៥ ក្នុង​ក្រុង មាន​ចំនួន ១៨១​គម្រោង មានការ​សន្យា​គាំទ្រ​ចំនួន ៥៤​គម្រោង ស្មើនឹង ២៩,៨​ភាគរយ​ក្នុងនោះ​មានការ​សន្យា​គាំទ្រ​ក្រៅ​គម្រោង​មាន​ចំនួន ២៦​គម្រោង​ស្មើនឹង​៤៨,១៥​ភាគរយ ហើយ​មានការ​សន្យា​គាំទ្រ​ក្នុង​គម្រោង​មាន​ចំនួន ២៨​គម្រោង ស្មើនឹង​៥១,៨៥​ភាគរយ​៕​សរន​ / N