ដោយៈ​គង់​ហេង​/​កំពង់ចាម​៖ទឹក​ភ្ញៀ​ង​ជាច្រើន​ម៉ោង​កាលពី​រសៀល​ថ្ងៃទី​២៦​ខែកញ្ញា​បាន​ជន់​លិច​កំណាត់​ផ្លូវ​កៅស៊ូ​ជាច្រើន​ខ្សែ ហើយ​បាន​លិច​ផ្លូវជាតិ​លេខ​៦ ស្រុក​ជើងព្រៃ និង​ផ្លូវជាតិ​លេខ​៧ ស្រុក​កំពង់សៀម​។​

​លោក លឹម សុខ​ហៀ​ង ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជ​ញ្ជួ​ន ខេត្តកំពង់ចាម​បាន​ដែល​អមដំណើរ​លោក អ៊ុន ចាន់​ដា ជា​អភិបាលខេត្ត និង​សហការី​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកភ្លៀង​ជន់​លិច​ថ្នល់​បានឱ្យដឹង​នៅ​ថ្ងៃទី ២៧​ខែកញ្ញា នេះ​ថា​ភ្លៀង​ជាច្រើន​ម៉ោង​កាលពី​ម្សិលមិញ​បាន​ជន់​លិច​ប្រព័ន្ធ​ផ្លូវ​ក្រាល​កៅស៊ូ​ជាច្រើន​បណ្តាល​ពី​ប្រព័ន្ធ​លូ​រំដោះ​ទឹក​មាន​ទំហំ​តូច​និង​មួយចំនួន​បាន​ស្ទះ​។​ប៉ុន្តែ​រហូតដល់​ព្រឹក​ថ្ងៃទី​២៧​ខែកញ្ញា​នេះ​ទឹកភ្លៀង​នោះបាន​ស្រក​គោក​ផុត​ពីលើ​ថ្នល់​អស់ហើយ នៅសល់​ទឹក​ដក​នៅ​ទី​ទំនាប​មួយចំនួន​។​

​លោក​ប្រធាន​មន្ទីរ​បានឱ្យដឹង​ទៀតថា ទឹកភ្លៀង​ក៏បាន​ហូរ​លើផ្លូវ​ជាតិ​លេខ​៦​ក្នុងភូមិ​សាស្ត្រ​ឃុំ​សូ​ទិ​ប​ស្រុក​ជើងព្រៃ​។ តែ​ឥឡូវ​បាន​កាយ​ប្រឡាយ​រំដោះ​ទឹកបាន​ស្រក​គោក​អស់​ពីលើ​ទ្រូង​ថ្នល់​ហើយ​ទីតាំង​ដែល​នៅ​មិនទាន់​រំដោះ​ទឹក​ចេញ​ពីលើ​ថ្នល់​នោះ​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៧​ចាប់ពី​ខាងមុខ​សាលាស្រុក​កំពង់សៀម​ដល់​ខាងមុខ​រោងចក្រ​វាយ​ន​ភណ្ឌ គឺ​ដោយសារ​ភ្លៀង​បាន​បន្ថែម​មួយ​មេ​ទៀត​នៅ​រសៀល​ថ្ងៃទី ២៧ ខែកញ្ញា​នេះ​បើទោះជា​បាន​កាយ​ប្រឡាយ រំដោះ​ទឹក​រួច​ហើយក៏​នៅ​ពុំទាន់​ស្រក​។​ប៉ុន្តែ​បើ​ទឹកភ្លៀង​មិន​បន្តទៀត​ទេ​ទឹកនឹង​ស្រក​គោក​ឃើញ​ទ្រូង​ថ្នល់​ហើយ​នៅ​យប់​នេះ​៕​សរន​ / N