ដោយៈ​ភ្នំ​ស្វាយ / បន្ទាយមានជ័យ​៖​នៅ​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២២​នេះ លោក​ឧ​ត្ត​ម​សេនីយ៍ សិទ្ធិ ឡោះ​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​បន្ត​បញ្ជូន​កម្លាំង​នគរបាល​ទៅ​ចុះជួយ​សម្រួល​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ នៅតាម​កំណាត់​ផ្លូវ​ឆ្លងកាត់​ផ្លូវ​ខេត្ត​លេខ​២៦៨A ព្រៃ​មាន់​-​ភ្នំស្រុក​-​អាង​ត្រពាំងថ្ម​ដោយសារ​ជំនន់​ទឹកភ្លៀង​លិច និង​ហូរ​កាត់​ចំណុច​នៃ​កំណាត់​ផ្លូវ​នេះ ។​

​កំណាត់​ផ្លូវ​មួយ​ខ្សែ​នេះ​ចេញពី​ផ្លូវជាតិ​លេខ​៥​ត្រង់​ព្រៃ​មាន់​ឃុំ​រហាល ឆ្ពោះទៅ​ឃុំ​ស្រះ​ជីក​(​ទីរួមស្រុក​ភ្នំស្រុក​) និង​តទៅ​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​អាង​ត្រពាំងថ្ម​។​សមត្ថកិច្ច​បានដាក់​ពង្រាយ​កម្លាំង​នគរបាល​និង​កម្លាំង​ប្រជា​ការពារ​ដើម្បី​ចុះជួយ​សម្រួល​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​ឆ្លងកាត់ ទាំង​ថ្មើរជើង ម៉ូតូ និង​រថយន្ត​ធុន​មធ្យម តូច​ខណៈ​កំណាត់​ផ្លូវ​មួយ​នេះ​ត្រូវបាន​ទឹក​លិច​ហូរ កាត់​ផ្លូវ​ខ្លាំង​។​ពោលគឺ ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ផ្សេងៗ​។​

​ទន្ទឹមគ្នា​នោះ គ្រប់​បណ្តា​អធិការដ្ឋាន​នគរបាល​ស្រុក​-​ក្រុង ឯទៀត​ក៏​ត្រូវបាន​ត្រៀមកម្លាំង​យាម ល្បាត​សម្ភារ មធ្យោបាយ ២៤​ម៉ោង​លើ​២៤​ម៉ោង ដើម្បី​ត្រៀម​អន្តរាគមន៍ ឆ្លើយតប​សភាពការណ៍​បទល្មើស​ផ្សេងៗ​ដែល​អាច កើតឡើង​ជាយថាហេតុ ឬ គ្រោះធម្មជាតិ និង​អគ្គិភ័យ​ជាដើម​៕​សរន / N