ភ្នំពេញ​៖​លោក​សួន សេរី​រដ្ឋា ប្រធាន​ក្រុមប្រឹក្សា​វេទិកា​សន្តិភាព​កម្ពុជា​និង​ជា​អ្នកតាមដាន​ព្រឹត្តិការណ៍​​នយោបាយ​កម្ពុជា​បាន​បញ្ជាក់ថា វត្តមាន​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅក្រៅ​ប្រទេស​ដើម្បី​ថ្លែង​សុន្ទរកថា​នៅ​អង្គការ​សហ​ប្រជា​តិ​លើក​ទី​៧៧ នាទី​ក្រុង​ញូយ៉ក សហរដ្ឋអាមេរិក បំពេញបេសកកម្ម​ទស្ស​ន​កិច្ច​នៅ​ប្រទេស​គុយបា និង​ចូលរួម​ពិធី​បុណ្យសព​ថ្នាក់ជាតិ​របស់​ឯកឧត្តម ស៊ីន​ហ្សូ អា​បេ អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន​ប្រទេស ជប៉ុន ពីថ្ងៃ​ទី​២១-២៨​ខែកញ្ញា​ឆ្នាំ​២០២២​គឺ​បង្ហាញ​ប្រាប់​ពិភពលោក​ថា​កម្ពុជា​បាន​ត្រៀមខ្លួន​រួច​ជា​​ស្រេច​ដើម្បី​ចូលរួម​គ្រប់​សកម្មភាព ជាមួយ​អង្គការសហប្រជាជាតិ និង​អង្គការ​ពិភពលោក​នានា ដើម្បី​កសាង​សន្តិភាព​និង​សកម្មភាព​មនុស្សធម៌​អន្តរជាតិ​និង​បាន​បង្ហាញថា​កម្ពុ​ជាមាន​សន្តិភាព​និង​ស្ថិរភាព​នយោបាយ​ពេញលេញ​…​។​

​លោក​សួន សេរី​រដ្ឋា បានបញ្ជាក់​ប្រាប់ AMS នៅ​ថ្ងៃទី​២៧ ខែកញ្ញា​នេះ​ថា វត្តមាន​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​នៅក្រៅ​ប្រទេស​ដើម្បី​ថ្លែង​សុន្ទរកថា​នៅ​អង្គការ​សហ​ប្រជា​តិ បំពេញបេសកកម្ម​ទស្ស​ន​កិច្ច​នៅ​ប្រទេស​គុយបា​និង​ប្រទេស​ជប៉ុន​នា​ខែកញ្ញា ឆ្នាំ ២០២២ នេះ​គឺ​បង្ហាញ​ប្រាប់​ពិភពលោក​ថា ៖ ១. កម្ពុ​ជាមាន​សន្តិភាព​និង​ស្ថិរភាព​នយោបាយ​ពេញលេញ​…,
២.​កម្ពុ​ជាមាន​សាមគ្គីភាព​ផ្ទៃក្នុង​និង​ឯកភាព​ជាតិ​រឹងមាំ​…,៣.​កម្ពុជា​សុ​វត្តិភាព​និង​សុខមាលភាព​សង្គម​ខ្ពស់​ក្រោយ​វិបត្តិ​សាកល​នៃ​ជំងឺ​ឆ្ង​ង​កូ​វីដ​១៩…,៤.​កម្ពុ​ជាមាន​គ្រប់យ៉ាង​រងចាំ​ទទួល​ស្វាគមន៍​អ្នកវិនិយោគ​បរទេស​ដែលមាន​បំណង​មក​បណ្តាក់ ទុន​រកស៊ី​នៅ​កម្ពុជា​…​និង​៥.​កម្ពុជា​បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ចូលរួម​គ្រប់​សកម្មភាព ជាមួយ​អង្គការសហប្រជាជាតិ​និង​អង្គការ​ពិភពលោក​នានា ដើម្បី​កសាង​សន្តិភាព​និង​សកម្មភាព​មនុស្សធម៌​អន្តរជាតិ​… ។​

​លោក​បាន​បញ្ជាក់ថា​វា​មិនមែនជា​រឿង​ងាយស្រួល​ឡើយ​ដែល​កម្ពុជា​ងើប​ចេញពី​ភ្លើងសង្គ្រាម​ជម្លោះ​ស៊ីវិល​រ៉ាំរ៉ៃ​ដែល​ធ្លាប់​កើតមាន​ក្នុង​អតីតកាល​ដ៏​សោកនាដកម្ម​ឈឺចាប់​ហើយ​បានធ្វើ​ដំណើរ​មកដល់​ចំណុច​នេះ នៅថ្ងៃនេះ នាពេល​បច្ចុប្បន្ននេះ ! ។ ក្នុងឋានៈ​ជា​ប្រជាជន​កម្ពុជា​យើង​អាចនិយាយបាន ទាំង​មាន​មោទនភាព​ថា​«​បើ​កម្ពុជា​គ្មាន​សម្តេច​តេ​ជោ​ហ៊ុនសែន​នៃ​កម្ពុជា​យើង​ទេនោះ​យើង​ពិតជា​​គ្មាន​ថ្ងៃ​នេះឡើយ ! ។​

​សូមជម្រាបថា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ កម្ពុជា​បាន​ដឹកនាំ​គណប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ចូលរួម​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧៧​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​គុយបា​និង​ចូលរួម​ពិធី​បុណ្យសព​ថ្នាក់ជាតិ​របស់​ឯកឧត្តម ស៊ីន​ហ្សូ អា​បេ អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន ពីថ្ងៃ​ទី​២១-២៨ ខែកញ្ញា​។​

មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧៧ (​ម​.​ស​.​អ​.​ស​.​ប​) ៖
​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញ​ចូលរួម​សម័យប្រជុំ​លើក​ទី​៧៧​នៃ​កិច្ចពិភាក្សា ទូទៅ​របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ​(​ម​.​ស​.​អ​.​ស​.​ប​)​ក្រោម​ប្រធានបទ​«​ចំណុច​របត់​សំខាន់​នៃ​ការផ្លាស់ប្តូរ​មិនអាច​ត្រឡប់ក្រោយ​បាន​៖​ដំណោះស្រាយ​បរិវត្ត​កម្ម​ចំពោះ​បញ្ហា​ប្រឈម​ប្រទាក់ក្រឡា​គ្នា​» ចាប់ពី​ថ្ងៃទី​២១-២៣ ខែកញ្ញា ឆ្នាំ​២០២២ នៅ​ទីក្រុង​ញូវយ៉ក​។​

​សម្តេច​តេ​ជោ បាន​អញ្ជើញ​ធ្វើ​សេចក្តីថ្លែងការណ៍​ជាតិ​របស់​កម្ពុជា នៅក្នុង​កិច្ចពិភាក្សា​ទូទៅ​របស់ ម​ស​អសប​។ បទ​អន្តរាគមន៍​នេះ នឹង​ផ្តោតលើ​តួនាទី​ស្ថាបនា​របស់​កម្ពុជា​ក្នុងការ​គាំទ្រ ពហុភាគី និយម​ផ្អែកលើ​ការ​គោលការណ៍​ច្បាប់​ការរួម​សហការគ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​ការគំរាមកំហែង​ផ្នែក​សុខភាព​ជាស​កល​ដែល​កំពុង​បន្ត​កើតមាន ការប្រែប្រួល​អាកាសធាតុ ការពង្រឹង​ប្រព័ន្ធ​ពាណិជ្ជកម្ម ពហុភាគី​គោលនយោបាយ​ឌីជីថល​និង​សេដ្ឋកិច្ច​បៃតង​ព្រមទាំង​ការធ្វើជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា និង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា​ក្នុងការ​កាត់បន្ថយ​ផលប៉ះពាល់​នៃ​ជំងឺ​រាតត្បាត​កូ​វីដ​១៩​និង​ការរក្សា បាន​នូវ​និរន្តរភាព​នៃ​កំណើនសេដ្ឋកិច្ច​-​សង្គម​យូរអង្វែង​។​

​ក្នុងអំឡុងពេល​ស្នាក់នៅ​ទីក្រុង​ញូវយ៉ក សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏មាន​ជំនួប​បន្តបន្ទាប់​គ្នា​ជាមួយ ឯកឧត្តម អាន់​តូ​នី​ញ៉ូ ហ្គូ​ទែ​រ៉េ​ស អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ឯកឧត្តម ឆា​លស៍ មី​ឆែ​ល ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប លោកជំទាវ សេក្ខ ហា​ស៊ីណា នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត បង់​ក្លា​ដែ​ស ឯកឧត្តម​បណ្ឌិត ចូ​ហ្សេ ម៉ា​នូ​អែល រ៉ា​មូស អរ​តា​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជា​ធិ​ប​- តេ​យ្យ​ទី​ម័​រ​ខាងកើត ហើយ​និង​ថ្នាក់ដឹកនាំ​ផ្សេងទៀត​ផងដែរ​។​

ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​គុយបា ៖
​តប​តាម​ការអញ្ជើញ​របស់ ឯកឧត្តម មី​ហ្គេ​ល ឌី​យ៉ា​ស​-​កា​ណែ​ល បឺ​មូ​ដេ​ស​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​គុយបា​ពីថ្ងៃ​ទី​២៣-២៥ ខែកញ្ញា ។​

​ក្នុងអំឡុងពេល​ទស្សន​កិច្ច​ផ្លូវការ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ជំនួប​ទ្វេភាគី​ជាមួយ ឯកឧត្តម​ប្រធានាធិបតី មី​ហ្គេ​ល ឌី​យ៉ា​ស​-​កា​ណែ​ល បឺ​មូ​ដេ​ស ពិភាក្សា​អំពី​មធ្យោបាយ ដើម្បី​បន្ត​ពង្រឹង​ចំណងមិត្តភាព​ដ៏​រឹងមាំ​រវាង​កម្ពុជា​និង​គុយបា​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ផ្សេងៗ​។​
​បន្ទាប់ពី​ជំនួប​នេះ​ថ្នាក់ដឹកនាំ​ទាំងពីរ​នឹង​អញ្ជើញ​ធ្វើជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​សំខាន់ៗ​ចំនួន​ប្រាំ រួមមាន ១. កម្មវិធី​នៃ​កិច្ចសហប្រតិបត្តិការ និង​ការផ្លាស់ប្តូរ​វប្បធម៌​, ២.​អនុស្សរណៈ យោគយល់ គ្នា ស្តីពី​កិច្ចសហប្រតិបត្តិការ​រ​វាង​វិទ្យាស្ថាន​ការទូត​នៃ​ប្រទេស​ទាំងពីរ ,៣.​អនុស្សរណៈ យោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​ការអភិវឌ្ឍ​កីឡា​,៤.​គម្រោង​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រសួងការបរទេស​នៃ​ប្រទេស​ទាំងពីរ​និង​៥.​អនុស្សរណៈ​យោគយល់​គ្នា​រវាង​ក្រសួងសុខាភិបាល​កម្ពុជា​-​គុយបា​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ចូលជួប​សម្តែង​ការគួរសម​ចំពោះ ឯកឧត្តម អេ​ស្តេ​បាន ឡា​ហ្សូ ហឺ​ណាន់​ដេ​ស ប្រធានរដ្ឋសភា​នៃ​អំណាច​ប្រជាជន​គុយបា ,​ចូលជួប​សម្តែង​ការគួរសម​ចំពោះ ឯកឧត្តម រ៉ា​អ៊ូ​ល ខាស​ស្ត្រូ អតីត​ប្រធានាធិបតី​គុយបា ផងដែរ​។​

​នៅ​រដ្ឋធានី​ហា​វា​ណា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​អញ្ជើញ​ទៅ​ទស្សនា​មជ្ឈមណ្ឌល ហ្វី​ដែល កា​ស្ត្រូ​(FidelCastro)​និង​មជ្ឈមណ្ឌល​វិស្វកម្ម​ហ្ស៊េ​ន​និង​បច្ចេកវិទ្យា​ជីវៈ​និង​អញ្ជើញ​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​អនុស្សាវរីយ៍ ចូ​ហ្សេ ម៉ា​ទី (José Martí)​។​សម្តេច​តេ​ជោ​ក៏បាន​ជួប​សំណេះ​សំ​ណា​ល​ជាមួយ​និស្សិត​កម្ពុជា ដែល​កំពុង​សិក្សា​និង​រស់នៅក្នុង​ប្រទេស​គុយ​បា​ផងដែរ​។​

ពិធី​បុណ្យសព​ថ្នាក់ជាតិ​របស់​ឯកឧត្តម អា​បេ ស៊ីន​ហ្សូ អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន ៖

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី អញ្ជើញ​ចាកចេញ​ពី​ទីក្រុង​ហា​វា​ណា ឆ្ពោះទៅកាន់​ទីក្រុង​តូ​ក្យូ​ដើម្បី ចូលរួម​ក្នុង​ពិធី​បុណ្យសព​ថ្នាក់ជាតិ​របស់​ឯកឧត្តម អា​បេ ស៊ីន​ហ្សូ (ABE Shinzo) អតីត​នាយករដ្ឋមន្ត្រី ជប៉ុន ដែល​នឹង​ប្រព្រឹត្ត​នៅ​ថ្ងៃទី​២៧ ខែកញ្ញា ។​

​អតីត​នាយករដ្ឋមន្ត្រី ឯកឧត្តម អា​បេ ស៊ីន​ហ្សូ គឺជា​មិត្ត​ដ៏​ល្អ​យូរអង្វែង​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​និង​កម្ពុជា​។ នៅក្នុង​អាណត្តិ​ជា​នាយករដ្ឋមន្ត្រី​របស់​ឯកឧត្ដម ឯកឧត្ដម​បានធ្វើការ យ៉ាង​ជិតស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា និង​ជប៉ុន ក្នុងនោះ​រួមទាំង ការលើក​កម្រិត​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យក្លាយ​ទៅជា​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ នៅ​ឆ្នាំ​២០១៣​។​ឯកឧត្តម​ត្រូវបានគេទទួលស្គាល់​និង​កោតសរសើរ​យ៉ាង​ទូលំទូលាយ​ចំពោះ​ភាពជា​អ្នកដឹកនាំ​ប្រកបដោយ​សមត្ថភាព​ក្នុងការ​ជំរុញ​វឌ្ឍនភាព​របស់​ជប៉ុន​និង​ការចូលរួមចំណែក​យ៉ាងសកម្ម​ដល់​សន្តិភាព ស្ថិរភាព និង​វិបុលភាព​នៅក្នុង​តំបន់ និង​ពិភពលោក​ទាំងមូល​។

​ក្នុងអំឡុងពេល​ស្នាក់នៅ​ទីក្រុង​តូ​ក្យូ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​រំពឹង​នឹង​ជួប​ជាមួយ​សម​ភាគី​បរទេស​របស់​សម្ដេច និង​ទទួល​ការជួប​សម្តែង​ការគួរសម​ពី​សំណាក់​ឥស្សរជន​ជប៉ុន​៕ (ប្រភព AMS)