ដោយៈ​បូកគោ / កំពត​: កាលពី​ម៉ោង ៨ យប់ ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២២ ក្រុមហ៊ុន​ស៊ី​ណូ​ហាយ​ដ្រូ បាន​បើកទ្វារ​បង្ហូរទឹក​ចេញពី អាង​ស្តុក​ទំនប់​វា​រី​អគ្គិសនី​កំចាយ ព្រោះ​ទឹក​ឡើងដល់​កម្ពស់​ជាង ១៤៨ ម៉ែត្រ​។​

​បុគ្គលិក​ក្រុមហ៊ុន​ស៊ី​ណូ​ហាយ​ដ្រូ បាន​រាយការណ៍​ថា នៅវេលា​ម៉ោង​៨​យប់​ថ្ងៃទី​២៧ ខែកញ្ញា ក្រុមការងារ​បច្ចេកទេស បានសម្រេច​បើក​បង្ហូរទឹក​ចេញពី អាង​ទំនប់​វា​រី​អគ្គិសនី កំចាយ​។ ការបើក​បង្ហូរ​នេះ គឺ​បាន​បង្ហើប​ទ្វារ​ទឹក​មួយ ក្នុងចំណោម​ទ្វារ​ទាំង​ប្រាំ ដោយ​លើកកម្ពស់ មួយ​ម៉ែត្រ ពី​បាត​ទំនប់​។​ប្រភព​ដដែល បានបញ្ជាក់​ថាៈ គ្រា​ដែល​ចាប់ផ្តើម​បើក​បង្ហូរ​ចេញ​នេះ គឺ​កម្រិត​ទឹក បាន​ឡើង ដល់​កម្ពស់ ១៤៨,៦៤ ម៉ែត្រ​។ ចំណែក​ទឹក​ហូរ​ចូល​អាង​ស្តុក មាន​ចំណុះ ១៤៧,៨២ ម៉ែត្រត្រីគុណ ក្នុង​មួយ​វិនាទី​។​

​សូមបញ្ជាក់ថា កាលពី​រសៀល ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២២ គណៈកម្មាធិការ គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្តកំពត ជូនដំណឹង​ដល់​សាធារណជន មាន​ខ្លឹមសារ​ថា ចាប់ពី​ថ្ងៃទី​២៨ ខែកញ្ញា រហូតដល់​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០២២ នៅលើ​ផ្ទៃសមុទ្រ អាច​នឹងមាន​ភ្លៀង​លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់ បោកបក់​ខ្លាំង បង្ក​ជា​រលក​សមុទ្រ ខ្ពស់ៗ​។ ស្ថានភាព​អាកាសធាតុ បែបនេះ ភ្លៀង​នឹង​នៅតែ​ធ្លាក់​បន្តបន្ទាប់ ពិសេស តំបន់​ទំនប់​វា​រី​អគ្គិសនី​កំចាយ ដោយ​ទឹក​ក្នុង​អាង​ទំនប់ សម្រាប់​រសៀល ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២២ មាន​កម្ពស់ ១៤៨,៦៩ ម៉ែត្រ​។ ម្ល៉ោះហើយ ក្រុមការងារ​បច្ចេកទេស​របស់ ក្រុមហ៊ុន​ស៊ី​ណូ​ហាយ​ដ្រូ កំចាយ គ្រោង​នឹង​បើកទ្វារ​រំដោះ​ទឹក តាម​លក្ខណៈ​បច្ចេកទេស ដែល​ធ្វើ​ឲ្យ​កម្រិត​ទឹក ក្នុង​ព្រែក​កំពង់បាយ មាន​កម្ពស់​លើសពី​ធម្មតា​។ ដូច្នេះ​សូម​បងប្អូន ប្រជាពលរដ្ឋ ដែល​រស់នៅ​អម​សងខាង ដងព្រែក​កំពង់បាយ និង​បងប្អូន​ប្រជា​នេសាទ ជ្រាប​ជា​ព័ត៌មាន​៕ V / N