​ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖ ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​កន្លងមកនេះ មាន​បងប្អូន​ប្រជាពលរដ្ឋ​ប្រមាណ ៣៥.០០០​នាក់ បាន​រីករាយ​ជាមួយ​ការទទួលបាន​សេវា​ដឹកជញ្ជូន​ដោយ​រថយន្តក្រុង​សាធារណៈ​ដោយ​ឥត​បង់ថ្លៃ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ទៅតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ស​ម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន​។​

​លោក​ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​អោយដឹង​នៅ​រាត្រី​ថ្ងៃទី​២៧ កញ្ញា​នេះ​ថា​៖ សម្រាប់​រយៈពេល​៥​ថ្ងៃ​នាឱកាស​បុណ្យ​ភ្ជុំបិណ្ឌ មាន​បងប្អូន​ប្រជាពលរដ្ឋ​ប្រមាណ ៣៥.០០០​នាក់ បាន​រីករាយ​ជាមួយ​ការទទួលបាន​សេវា​ដឹកជញ្ជូន​ដោយ​រថយន្តក្រុង​សាធារណៈ​ដោយ​ឥត​បង់ថ្លៃ ។​

​លោក​បាន​បន្ត​លើកឡើងថា សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បានទទួល​សេវា​នេះ ពួកគាត់​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ បំផុត​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល​បានផ្តល់​អនុសាសន៍​អោយ​លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បញ្ចេញ​រថយន្តក្រុង​សាធារណៈ​ចំនួន ១៧៥​គ្រឿង ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ទាំង​ក្នុង​រាជធានី​ភ្នំពេញ និង​ទៅមក​តាម​ណ្តា​ខេត្ត​​រយៈពេល ៥​ថ្ងៃ​កន្លងមកនេះ​។ ពួកគាត់​ក៏បាន​អរគុណ​ផងដែរ​ចំពោះ​បុគ្គលិក​បើកបរ និង​បុគ្គលិក​បម្រើការ​ដទៃទៀត​នៃ City Bus ដែល​បាន​ស្ម័គ្រចិត្ត​បម្រើ​ប្រជាពលរដ្ឋ ដោយ​ស្មារតី​ទទួលខុសត្រូវ​នា​រដូវ​បុណ្យ​ភ្ជុំ​នេះ​។

​ទន្ទឹមនឹង​ការយកចិត្តទុកដាក់​នេះ និង​ដើម្បី​ជម្រុញ​អោយ​ការងារ​នៃ​ការផ្តល់សេវា​ដឹកជញ្ជូន​ដោយ​ឥតគិតថ្លៃ​នេះ ទទួលបាន​ភាពកក់ក្តៅ​ជូន​ប្រជាពលរដ្ឋ កាលពី​ព្រឹក​ថ្ងៃទី​២៣ កញ្ញា​កន្លង​នេះ អភិបាល​រាជធានី​ភ្នំពេញ លោក​ឃួ​ង ស្រេង​បាន​ចុះ​ពិនិត្យ​ការដឹកជញ្ជូន​ប្រជាពលរដ្ឋ​ទៅតាម​បណ្តា​ខេត្ត​នានា​ដោយ​មិន​គិតថ្លៃ​ជាក់ស្តែង នៅ​ទីលាន​ប្រជាធិបតេយ្យ ខណ្ឌ​ឬ​ស្សី​កែវ ជាមួយនឹង​ការស្វាគមន៍​ដោយ​ក្ដី​ញញឹម ទៅតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕​