ដោយ​៖ វណ្ណៈ / ព្រះសីហនុ​៖ កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២២ លោក គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​អញ្ជើញ​ផ្តល់​ថវិកា​លើកទឹកចិត្ត ដល់​បងប្អូន​ប្រជា​នេសាទ​ចំនួន បួន​នាក់ ដែល​បាន​ជួយសង្គ្រោះ​ជនរងគ្រោះ​ជនជាតិ​ចិន លិច​ទូក បាន​ចំនួន​ពីរ​នាក់ និង​ជួយ​ដឹក​សព​ជនរងគ្រោះ ពីរ​នាក់​ផ្សេងទៀត ដែល​ស្រង់​បាន​ពី​កណ្តាល​សមុទ្រ មក​ដីគោក ប្រគល់ជូន​អាជ្ញា​ធរមាន​សមត្ថកិច្ច នាពេល​កន្លងមក​។​

​លោក​អភិបាលខេត្ត បាន​ថ្លែងអំណរគុណ និង​កោតសរសើរ ដល់​បងប្អូន​អ្នកនេសាទ ដែល​បាន​ខិតខំ​ជួយ​រុករក​ជនរងគ្រោះ ជា​ជន​ជាតិចិន ដែល​បាន​ជួប​គ្រោះថ្នាក់ ក្នុង​ហេតុការណ៍​លិច​ទូក កាលពី​វេលា​ម៉ោង ១០​និង​៣០ នាទី​ព្រឹក ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ​២០២២ ស្ថិតនៅ​ចំណុច​និយាម​កា ១០.២៥N ១០៣.១៦E នៅ​ចន្លោះ​ពយ​សា​រឿង និង​កោះតាង ក្នុងភូមិ​សាស្ត្រ​ខេត្ត​ព្រះសីហនុ​។

​ហេតុការណ៍​ដ៏​សោកសង្រេង នាពេលនោះ លោក​អភិបាលខេត្ត បានដាក់​ចេញ​នូវ បទបញ្ជា​ដល់​អាជ្ញាធរ កម្លាំង​មាន​សមត្ថកិច្ច ក្រុម​ជួយសង្គ្រោះ និង​មានការ​ចូលរួម​ពី ក្រុមហ៊ុន​ទូក​ទេសចរណ៍​របស់លោក ឧកញ៉ា ទៀ​វិចិត្រ ចេញ​ជួយសង្គ្រោះ​បន្ទាន់ និង​បានប្រកាស​ជូនដំណឹង ដល់​បងប្អូន​ប្រជា​នេសាទ និង​ក្រុម​ជួយសង្គ្រោះ​ផ្សេងទៀត ក្នុងករណី​សង្គ្រោះ បាន​ជនរងគ្រោះ ចំនួន​មួយ​នាក់ និង​ផ្តល់ជូន​ថវិកា​លើកទឹកចិត្ត ចំនួន ពីរលាន​រៀល ផងដែរ​។​

​គួរបញ្ជាក់​ផងដែរ​ថា ជនរងគ្រោះ​ដោយ​ករណី​លិច​ទូក មាន​ចំនួន​សរុប ៤១ នាក់ និង​ត្រូវបាន​ជួយសង្គ្រោះ និង​ស្វែង​រកឃើញ​សរុប ៣៣ នាក់ (​ស្លាប់ ៣​នាក់​) និង​បាត់​ខ្លួន ៨ នាក់ ដោយ​សមត្ថកិច្ច និង​ក្រុម​ជួយសង្គ្រោះ កំពុង​ស្វែងរក​អ្នក​បាត់​ខ្លួន បន្តទៀត​៕/V​