​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អាជ្ញាធរ​បន្តុប​ដោយ​វិមាន​ក្រឹម​ឡាំង​នៅក្នុង​តំបន់​ចំនួន​បួន​របស់​អ៊ុ​យក្រែន ដែល​ស្ថិត​ក្រោម​ការគ្រប់គ្រងរ​បស់​រុស្ស៊ី​បាន​អះអាង​ពី​ជ័យជម្នះ​កាលពី​ថ្ងៃ​អង្គារ​ទី​២៧​កញ្ញា ក្នុង​ការបោះឆ្នោត​អំពី​ការ​កាត់​យក​ទឹកដី ដែល​ទាក់ទាញ​ការ​ខឹងសម្បា​ជា​សកល ខណៈ​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​បានព្រមានថា ខ្លួន​អាច​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​ដើម្បី​ការពារ​ទឹកដី​នេះ​។​

​អ៊ុយ​ក្រែ​ន​និងស​ម្ព​ន្ធមិត្តរប​ស់​ខ្លួន​បាន​ថ្កោលទោស​ការបោះឆ្នោត​ប្រជាមតិ​នេះ​ថា​ជាការ​ក្លែងបន្លំ ដោយ​និយាយថា​លោក​ខាងលិច​នឹងមិន​ទទួលស្គាល់​លទ្ធផល​ឆ្នោត​ដែល​កើតចេញពី​ការឈ្លានពាន​របស់​​រុស្ស៊ី​ក្នុង​រយៈពេល​ប្រាំពីរ​ខែ​មកនេះ​ទេ​។​

​អាជ្ញាធរ​គាំទ្រ​រុស្ស៊ី​នៅ​ខេត្ត​ហ្សា​ប៉ូរី​ហ្ស​ហ្សា (Zaporizhzhia)​បាន​និយាយថា ៩៣,១១ ភាគរយ​នៃ​អ្នក​បោះឆ្នោត​បាន​គាំទ្រ​ការចូលរួម​ក្នុងប្រទេស​រុស្ស៊ី នេះ​បើ​យោង​តាម​លទ្ធផល​បឋម​កាលពី​ល្ងាច​ថ្ងៃ​​អង្គារ​។​

​នៅ​ខេត្ត​ឃើ​សុន (Kherson) ដែល​ជា​តំបន់​កាន់កាប់​ដោយ​មូ​ស្គូ​មួយទៀត​នៅ​ភាគខាងត្បូង​អ៊ុ​យក្រែន ក្រុមមន្ត្រី​បាន​និយាយថា អ្នកបោះឆ្នោត​ជា​ង ៨៧,០៥ ភាគរយ​បាន​គាំទ្រ​ចំណាត់ការ​នេះ បន្ទាប់​ពី​សន្លឹកឆ្នោត​ទាំងអស់​ត្រូវ​បាន​រាប់​។​

​នៅក្នុង​ខេត្ត​លូ​ហា​នស​ខ៍ (Luhansk) ភាគ​ខាងកើត​ដែល​គ្រប់គ្រង​ដោយ​ពួក​បំបែក​ខ្លួន​គាំទ្រ​រុស្ស៊ី អាជ្ញាធរ​ក្នុង​តំបន់​បាន​និយាយថា ច្រើនជាង ៩៨,៨២​ភាគរយ​បាន​បោះឆ្នោត​គាំទ្រ​ការ​កាត់​យក​​ទឹកដី នេះ​បើ​យោង​តាម​អាជ្ញាធរ​ក្នុង​តំបន់​។​

​ហើយ​ក្រុម​មន្ត្រី​នៅក្នុង​ខេត្ត​ដូណិត​ស​ខ៍ (Donetsk)​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ ក៏​បាន​អះអាង​ពី​ជ័យជម្នះ​ផងដែរ ដោយ​ស្ថាប័ន​ស្ទង់​មតិ​ក្នុងស្រុក​បាន​និយាយថា ៩៩,២៣​ភាគរយ​នៃ​ការ​​បោះឆ្នោត​គឺ​គាំទ្រ​ការ​កាត់​យក​ទឹកដី​។​

​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​និយាយ​មុន​នេះ​ក្នុង​កិច្ចប្រជុំ​តាម​ទូរទស្សន៍​ជាមួយ​ពួក​មន្ត្រី​ថា “​ការសង្គ្រោះ​ប្រជាជន​នៅក្នុង​ទឹកដី​ដែល​ការបោះឆ្នោត​ប្រជាមតិ​នេះ​កំពុង​ប្រព្រឹត្តទៅ​…​គឺជា​​ការយកចិត្តទុកដាក់​របស់​សង្គម​ទាំងមូល​របស់​យើង​និង​របស់​ប្រទេស​ទាំងមូល​”​។​

​អ្នកនាំពាក្យ​របស់​គាត់ លោក ឌី​មី​ទ្រី ប៉េ​ស្កូវ (Dmitry Peskov)​បាន​និយាយថា ការបោះឆ្នោត​នឹង​មាន​ផលប៉ះពាល់​ផ្នែក​ច្បាប់ “​យ៉ាងខ្លាំង​” ហើយ​ថា​ការបោះ​ប្រជាមតិ​នេះ​”​ក៏​នឹង​មាន​ផល​​វិបាក​សម្រាប់​សន្តិសុខ​ផង​ដែរ​” ដោយ​សំដៅ​ទៅលើ​ការគំរាមកំហែង​របស់​រដ្ឋាភិបាល​ក្រុង​មូ​ស្គូក្នុង​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​ដើម្បី​ការពារ​ទឹកដីរ​បស់​ខ្លួន​៕

ប្រជាជន​នៅ​ខេត្ត​ទាំង​បួន​របស់​អ៊ុយ​ក្រែន​បោះឆ្នោត​គាំទ្រ​ការដាក់ប​ញ្ចូ​លទឹក​ដី​ទៅក្នុង​ប្រទេស​រុស្ស៊ី