ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយលោក ហ៊ឹល រ៉ាយ៉ា លោក ឃ្លោក នួយ អភិបាលរងខេត្ត លោក ណង វុទ្ធី នាយករដ្ឋបាលសាលាខេត្ត ព្រមទាំងអាជ្ញាធរដែនដីស្រុក ឃុំ កងកម្លាំងប្រដាប់អាវុធ បានបន្តអញ្ជើញចុះពិនិត្យមើល ស្ថានភាពទឹកជំនន់ នៅស្រុកភ្នំស្រុក ពេញមួយថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ នេះ ដោយបានធ្វើដំណើរតាមទូក និងថ្មើរជើង សួរសុខទុក្ខពលរដ្ឋ និងបានផ្តល់ស្បៀងអាហារ ដែលជាអំណោយដ៍ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនបងប្អូនប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់ ក្នុងល័ក្ខខ័ណ្ឌមានជីវភាពខ្វះខាត ចាស់ជរា ចំនួន ៤៥ គ្រួសារ តាមខ្នងផ្ទះ នៅក្នុងភូមិចំនួន ៥ ក្នុងឃុំស្ពានស្រែង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

លោក ជូ បុត្រ អភិបាលស្រុកភ្នំស្រុក បានប្រាប់កាសែតរស្មីកម្ពុជា កាលពីថ្ងៃទី២៧ ខែកញ្ញាថាៈ ស្ថានភាពទឹកជំនន់ នៅទូទាំងស្រុក ពិសេសនៅប៉ែកខាងកើត ភូមិសាស្ត្រស្រុក បានស្រកចុះខ្លះហើយ មកទល់យប់ថ្ងៃទី២៧ ខែកញ្ញានេះ ។ ការប៉ះពាល់លើគ្រួសារពលរដ្ឋ បានថយចុះ។ ប៉ុន្តែការប៉ះពាល់លើផ្ទៃដីស្រែ ចម្ការ និងលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងឯកជន បានកើនឡើងទៅវិញ ។

ក្នុងនោះ ទឹកជំនន់ បានប៉ះពាល់លើ ១០ ភូមិ នៃ ៤ ឃុំ លើ ៦ ឃុំ (កាលពីថ្ងៃទី២២ ខែកញ្ញា ប៉ះពាល់ទាំង ៦ ឃុំ ពលរដ្ឋជាង ២.០០០ គ្រួសារ) ពលរដ្ឋ ១.៥០២ គ្រួសារ មនុស្សរាយ ៦.៥៨០ គ្រួសារ / ស្រី ៣.៣១៩ នាក់ ជម្លៀសទីទួលសុវត្ថិិភាព ចំនួន ១៣៦ គ្រួសារ មនុស្សរាយ ៣៣៤ នាក់ / ស្រី ១៦៨ នាក់ ប៉ះពាល់ដំណាំស្រូវ ១៣.៨៥៤ ហិកតា ដំឡូងមី ៤៩០ ហិកតា មណ្ឌលសុខភាព១ សាលារៀន ១៦សាលា វត្ត៥ ទឹកហូរកាត់លើផ្លូវ ៦២ខ្សែ ប្រវែង ៤៧.៣៥៥ម៉ែត្រ ជាពិសេក្នុងនៅឃុំស្ពានស្រែង ប៉ះពាល់ខ្លាំងជាងគេ ។

លោក អ៊ុំ រាត្រី បានថ្លែងដោយពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងនិងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ ដោយក្តីនឹករលឹក ជានិច្ចកាល សម្តេចតែងតែយកចិត្តទុក្ខដាក់ខ្ពស់ ចំពោះសុខទុក្ខលំបាកប្រជាពលរដ្ឋ ។ លោកអភិបាលខេត្ត សូមឱ្យពុកម៉ែបងប្អូន ថែរក្សាសុខភាព អនាម័យ សុវត្ថិភាព ហើយមានបញ្ហាអ្វីកើតឡើង ជាយថាហេតុ ឬចៃដន្យ សូមរាយការណ៍ ជូនអាជ្ញាធរ កងកម្លាំងជាបន្ទាន់៕/V