ដោយៈ មេសា / ភ្នំពេញៈ សេចក្តីថ្លែងការណ៍រួម រវាងសម្ព័ន្ធកម្ពុជា ដើម្បីប្រយុទ្ធនឹងជំងឺ មិនឆ្លង និងអង្គការចលនា ដើម្បីសុខភាពកម្ពុជា ហៅកាត់ថា CMH បានលើកឡើង ថាៈ « បើទោះបីជាបារីអេឡិចត្រូនិក និងផលិតផលអេចឈ៍ ធី ភី ត្រូវបានរាជរដ្ឋាភិបាល ហាមឃាត់មិនឱ្យប្រើប្រាស់នាំចូល និងចែកចាយលក់ក៏ដោយ ក៏នៅតែមានការផ្សព្វ ផ្សាយ លក់ផលិតផលទាំងនេះ តាមបណ្តាញព័ត៌មានសង្គម ។ មិនតែប៉ុណ្ណោះ អ្នកផលិតបារីអេឡិចត្រូនិក បានផលិតទឹកសូលុយស្យុង រសជាតិ ដោយភ្ជាប់ទៅនឹងម៉ាក ផលិតផលមួយចំនួន ដែលយុវជន និងកុមារ បានស្គាល់ស្រាប់ ដូចជា ភេសជ្ជៈកូកាកូឡា (Coca Cola) ប៉ិបស៊ី (Pepsi) ហ្វាន់តា (Fanta) គោជល់ (RedBull) ស្ករកៅស៊ូឌុបបលមីន (Doublemint) និងស្ករផ្លេ (Play) ជាដើម ។ ទាំងនេះ បានបញ្ជាក់ឱ្យឃើញ យ៉ាងច្បាស់ថា គោលដៅ នៃផលិតផលបារីអេឡិចត្រូនិក នេះគឺទាក់ទាញអ្នកជក់ថ្មី ដែលជាយុវជន និង កុមារ ស្របពេលដែលមនុស្ស កំពុងមានទំនោរ បោះបង់ទម្លាប់ប្រើប្រាស់បារីធម្មតា ហើយនេះគឺជាល្បិចកលមួយទៀត នៃពួកផលិតផលបារីអេឡិចត្រូនិក » ។

ទឹកសូលុយស្យុង ដែលអ្នកផលិតបារីអេឡិចត្រូនិក ប្រើប្រាស់ ដើម្បី ទាក់ទាញកុមារ និងយុវជន (រូបៈ CMH)

សូមជម្រាបថា ទឹកសូលុយស្យុង គឺជាទឹកផ្សំពីសារធាតុផ្សេងៗ ប្រើប្រាស់សម្រាប់ចាក់ បញ្ចូលទៅក្នុងបារីអេឡិចត្រូនិក ដើម្បីបឺតជក់ដូចជាបារី ហើយក៏គឺជាអ្វីដែលពួក អ្នកលក់ឃោសនាថា គឺជាមធ្យោបាយ សម្រាប់ផ្តាច់បារីដែរ ប៉ុន្តែត្រូវបានស្ថាប័នជំនាញ អះអាងយ៉ាងម៉ឺងម៉ាត់ថា គឺជាការកុហក់បោកប្រាស់សុទ្ធសាធ ។

សេចថ្លែងការណ៍ដដែល បានបន្ថែមថាៈ បារីអេឡិចត្រូនិក គឺជាផលិតផលដ៏ មានគ្រោះថ្នាក់ ព្រោះវាផ្ទុកជាតិនីកូទីន ធ្វើឱ្យអ្នកប្រើប្រាស់ញៀនខ្លាំង ជាពិសេស ចំពោះកុមារ និងយុវជន ។ នីកូទីន នេះ ក៏បង្កឱ្យមានការខូចខាតធ្ងន់ធ្ងរ ដល់ការលូតលាស់ ខួរក្បាលរបស់កុមារ ។ ចំពោះយុវជន នីកូទីន ធ្វើឱ្យមានការចង់ចាំ មិនល្អ ភ្លេចភ្លាំង ពិបាកក្នុងការផ្ចង់អារម្មណ៍ ដែលនាំឱ្យប៉ះពាល់ ដល់សមត្ថភាពការងារ និងរៀនសូត្រ។ ចំណែកសារធាតុផ្សេងទៀត ដូចជាប្រូពីលែន គ្លីសេរីនគ្លីកូល ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សួត និងបេះដូង ។ ប៉ុន្តែវាត្រូវបានផ្សព្វផ្សាយបំភាន់ ដោយអ្នកចែកចាយ និងអ្នកផលិត ថាជាផលិតផលជួយ ដល់ការផ្ដាច់បារីទៅវិញ ។ ប៉ុន្តែជាក់ស្ដែង វាពុំដូចអ្វីដែលពួកគេ បានលើកឡើងឡើយ ។ អ្នកប្រើប្រាស់បារី អេឡិចត្រូនិក នឹងមានទំនោរប្រើប្រាស់បារីច្រើនជាងមុនទ្វេដង។

ទឹកសូលុយស្យុង ដែលអ្នកផលិតបារីអេឡិចត្រូនិក ប្រើប្រាស់ ដើម្បី ទាក់ទាញកុមារ និងយុវជន (រូបៈ CMH)

គួរបញ្ជាក់ថា ផលិតផលបារីអេឡិចត្រូនិក គឺជាផលិតផលដែលត្រូវបានហាមឃាត់ ការចែកចាយ ធ្វើអាជីវកម្ម និងប្រើប្រាស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា យោងតាមសេចក្ដីណែនាំ ស្ដីពីការចាត់វិធានការ បង្ការ បញ្ឈប់ការប្រើប្រាស់ ការធ្វើអាជីវកម្ម និងការនាំចូលផលិតផលស៊ីហ្សា (Sisha) និងបារីអេឡិចត្រូនិក (E-Cigarette) នៅក្នុងព្រះរាជាណាចក្រកម្ពុជា ចុះឆ្នាំ២០១៤។

យោងតាមការសិក្សា ប្រមូលទិន្នន័យដោយ CDC នៃសហរដ្ឋអាមេរិក ចាប់ពីខែសីហា ឆ្នាំ២០១៩ ដល់ខែកុម្ភៈ ឆ្នាំ២០២០ បានបង្ហាញថា មានប្រជាជនអាមេរិក ចំនួន ២.៨០៧ នាក់ ឈឺ និង ៦៨ នាក់ បានស្លាប់ដោយសារតែជំងឺសួត ដែលបណ្ដាល មកពីការប្រើប្រាស់បារីអេឡិចត្រូនិក ៕/V

ទឹកសូលុយស្យុង ដែលអ្នកផលិតបារីអេឡិចត្រូនិក ប្រើប្រាស់ ដើម្បី ទាក់ទាញកុមារ និងយុវជន (រូបៈ CMH)