ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ មន្ទីរ​បញ្ច​កោណ​នឹង​ផ្តល់​ប្រព័ន្ធ​អាវុធ​ប្រឆាំង​យន្តហោះ​កម្រិត​ខ្ពស់ NASAMS​ចំនួន​ពីរ​ដំបូង ដល់​អ៊ុយ​ក្រែន​ក្នុង​រយៈពេល​ពីរ​ខែ​ខាង​មុខ​ដោយ​ផ្តល់​ឱ្យ​រដ្ឋាភិបាល​​ក្រុង​គៀវ​នូវ​សព្វាវុធ​ដែល​ខ្លួន​ជំរុញ​ចង់បាន​ចាប់តាំងពី​ដើមឆ្នាំ​នេះ​។​

​ឧត្តមសេនីយ៍កងពល​តូច​ទ័ពអាកាស លោក ភែត រ៉ា​យ​ឌឺ (Pat Ryder) បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​មន្ទីរ​បញ្ច​កោណ​កាលពី​ថ្ងៃ​អង្គារ​ទី​២៧​កញ្ញា​ថា​អាវុធ​ដែល​ផលិត​ដោយន័​រវែស​ចំនួន​ប្រាំមួយ​​បន្ថែម​ទៀត​នឹង​ត្រូវ​ចែកចាយ​នាពេលខាងមុខ ពោលគឺ​ជាង​មួយ​ឆ្នាំ​ឬ​ពីរ​ឆ្នាំ​ចាប់ពី​ពេលនេះ​តទៅ​។ របាយការណ៍​ថ្មីៗ​ដែលថា អាវុធ​NASAMS​ដែល​ផ្តល់​ដោយ​សហរដ្ឋ​អាម៉េរិក​មួយចំនួន​បាន​ទៅដល់​​អ៊ុយ​ក្រែន​រួច​ទៅ​ហើយ​នោះ គឺ​មិន​ត្រឹមត្រូវ​ទេ​។​

NASAMS នឹង​ផ្តល់​ការការពារ​រយៈ​ចម្ងាយ​មធ្យម​ទៅ​ឆ្ងាយ​ប្រឆាំងនឹង​ការវាយប្រហារ​ដោយ​កាំជ្រួច​របស់​រុស្ស៊ី​។ ការដឹកជញ្ជូន​ដែល​ជិត​មក​ដល់​នេះ​បាន​កើតឡើង​ខណៈ​រុស្ស៊ី​ព្យាយាម​ងើប​ឡើងវិញ​ពី​ការ​​ចាញ់​ក្នុង​សមរភូមិ​នា​ពេល​ថ្មីៗ​នេះ​និង​ពង្រឹង​ផ្នែក​នយោបាយ​ដោយ​ធ្វើ​ប្រជាមតិ​នៅ​ក្នុង​តំបន់​ដែល​កាន់កាប់​ចំនួន​បួន​នៅ​ភាគ​ខាងត្បូង​និង​ខាងកើត​។​

​ការបោះឆ្នោត​ប្រជាមតិ​ដែល​រៀបចំ​ដោយ​វិមាន​ក្រឹម​ឡាំង ដែល​ត្រូវបាន​ច្រានចោល​ថា​មិន​ស្របច្បាប់​ដោយ​សហរដ្ឋ​អាម៉េរិក​និង​សម្ពន្ធមិត្ត​លោកខាងលិច​ត្រូវគេ​រំពឹងថា​នឹង​ត្រូវ​បាន​ប្រើ​ជា​លេស​​សម្រាប់​រដ្ឋាភិបាល​ក្រុង​មូ​ស្គូក្នុង​ការកាត់យក​តំបន់​ទាំងនោះ​។​

​លោក​រ៉ា​យ​ឌឺ​និយាយថា សហរដ្ឋ​អាម៉េរិក​មិនឃើញ​មាន​ការផ្លាស់ប្តូរ​អ្វី​ធំដុំ​នៅក្នុង​កងកម្លាំង​រុស្ស៊ី​ក្នុង​គោលបំណង​ពង្រឹង​ឬ​ការពារ​តំបន់​ទាំង​បួន​នោះ​ទេ​បើ​ទោះបី​ជាមូ​ស្គូ​បាន​កេណ្ឌ​ទ័ព​បម្រុង​ជាង​មួយ​​ភាគ​បួន​លាន​នាក់​ដើម្បី​ប្រយុទ្ធ​នៅ​អ៊ុយ​ក្រែន​ក៏ដោយ​។ លោក​បាន​និយាយថា សហរដ្ឋ​អាម៉េរិក​នៅតែ​បន្ត​ឃើញ​ទាហាន​រុស្ស៊ី​ព្យាយាម​ធ្វើ​ប្រតិបត្តិ​ការវាយលុក ប៉ុន្តែ​កងកម្លាំង​អ៊ុ​យក្រែន​”​កំពុង​ទប់ទល់​​ដោយ​ជោគជ័យ​”​។​

​លោក​រ៉ា​យ​ឌឺ​ក៏​និយាយ​ផងដែរ​ថា ទោះបីជា​មាន​ការគំរាមកំហែង​ជា​បន្តបន្ទាប់​ពី​មេដឹកនាំ​រុស្ស៊ី​ក្នុង​ការប្រើប្រាស់​អាវុ​ធ​នុយក្លេអ៊ែរ​ដើម្បី​ការពារ​ទឹកដី​រុស្ស៊ី រួម​ទាំង​តំបន់​ដែល​ត្រូវ​បាន​ទាមទារ​ថ្មីៗ​ក៏ដោយ ក៏​សហរដ្ឋ​អាម៉េរិក​នៅតែ​មិន​ឃើញ​អ្វីដែល “​នឹង​ធ្វើឱ្យ​យើង​កែសម្រួល​ឥរិយាបថ​នុយក្លេអ៊ែរ​របស់​យើង​នៅពេល​នេះ​ទេ​”​។​

​អំពី​ការផ្តល់​មូលនិធិ លោក​រ៉ា​យ​ឌឺ​បាន​និយាយថា ថវិកា​ជិត ២,៣ ពាន់​លាន​ដុល្លារ​ដែល​ត្រូវ​បាន​បម្រុង​ទុក​សម្រាប់​ផ្តល់​អាវុធ​និង​ឧបករណ៍​ដល់​អ៊ុ​យក្រែន នឹង​ផុតកំណត់​នៅ​ចុង​ឆ្នាំសារពើពន្ធ​នៅ​ថ្ងៃ​សុក្រ​។ លុយ​នោះ​ត្រូវបាន​អនុញ្ញាត​ដោយ​សភា​ដើម្បី​ចំណាយ​លើ​ឧបករណ៍​ដែល​ត្រូវបាន​យកចេញ​ពី​ឃ្លាំង​របស់​មន្ទីរ​បញ្ច​កោ​ណ ហើយ​ត្រូវបាន​បញ្ជូន​ទៅ​អ៊ុយ​ក្រែន​ភ្លាមៗ​៕

ឧត្តមសេនីយ៍កងពល​តូច​ទ័ពអាកាស​អាម៉េរិ​ក លោក ផាត់ រ៉ា​យ​ឌឺ​