​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ រដ្ឋមន្ត្រីការបរទេស​អាម៉េរិក លោក អ៊ែន​ថូ​នី ប្លីង​កិន កាលពី​ថ្ងៃ​អង្គារ​ទី​២៧​កញ្ញា បាន​និយាយ​ការពារ​ការលក់​ឧបករណ៍​យោធា​ឱ្យទៅ​ប៉ា​គី​ស្ថាន​បន្ទាប់ពី​ទទួល​​រង​ការរិះគន់​ខ្លាំង​ឡើង​ពី​ដៃគូ​អាម៉េរិក​គឺ​ឥណ្ឌា ដែល​ចាត់ទុក​ខ្លួនឯង​ជា​គោលដៅ​នៃ​យន្តហោះ F-16 របស់​រដ្ឋាភិបាល​ក្រុង​អ៊ី​ស្លា​ម៉ា​បាដ​។​

​លោក​ប្លីង​កិន​បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌា​ក្នុង​រដ្ឋធានី​របស់​អាម៉េរិក ពោលគឺ​មួយថ្ងៃ​គត់​បន្ទាប់​ពី​កិច្ចពិភាក្សា​ដាច់ដោយឡែក​ជាមួយ​សម​ភាគី​របស់​គាត់​ពី​ប៉ា​គី​ស្ថាន​។​

​សម្ពន្ធភាព​អាមេរិក​-​ប៉ា​គី​ស្ថាន ដែល​កើតចេញ​ពី​សង្គ្រាមត្រជាក់ បាន​ថមថយ​ជុំវិញ​ទំនាក់ទំនង​របស់​រដ្ឋាភិបាល​ក្រុង​អ៊ីស្លា​ម៉ា​បាដ​ជាមួយ​នឹង​របប​តា​លី​បង់ នៅ​អា​ហ្វ​ហ្គានី​ស្ថាន​។​

​អ្នកការទូត​កំពូល​របស់​អាម៉េរិក​រូ​ប​នេះ​បាន​និយាយ​ការពារ​កិច្ចព្រមព្រៀង​លក់​យន្តហោះ F-16 តម្លៃ ៤៥០ លាន​ដុល្លារ​សម្រាប់​ប៉ា​គី​ស្ថាន​ដែល​ត្រូវបាន​អនុម័ត​កាលពីដើម​ខែ​កញ្ញា ដោយ​និយាយថា កញ្ចប់​នេះ​គឺ​សម្រាប់​ការថែទាំ​កង​យន្តហោះ​ដែល​មាន​ស្រាប់​របស់​ប៉ា​គី​ស្ថាន​ប៉ុណ្ណោះ​។​់​

​លោក​ប្លីង​កិន​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ជាមួយ​សម​ភាគី​ឥណ្ឌា​លោក ស៊ូ​ប្រា​ម៉ាន​យ៉ាម ចៃ​សាន​កា (Subrahmanyam Jaishankar) ថា “​ទាំងនេះ​មិនមែន​ជា​យន្តហោះ​ថ្មី ប្រព័ន្ធ​ថ្មី អាវុធ​ថ្មី​ទេ​។ វា​ទ្រទ្រង់​នូវ​អ្វី​ដែល​ពួកគេ​មាន​”​។​

​លោក​ប្លីង​កិន​និយាយថា “​កម្មវិធី​របស់​ប៉ា​គី​ស្ថាន​គឺ​ជួយ​ពង្រឹងសមត្ថភាព​របស់​ខ្លួន​ក្នុង​ការដោះស្រាយ​ជាមួយ​នឹង​ការគំរាមកំហែង​ពី​ពួក​ភេរ​វករ​ដែល​ចេញមក​ពី​ប៉ា​គី​ស្ថាន​ឬ​ពី​តំបន់​។​វា​មិន​ផ្តល់​ផល​​ប្រយោជន៍​ដល់​នរណា​ទាំងអស់ ដែល​ការគំរាមកំហែង​ទាំងនោះ​អាច​បន្ត​ទៅមុខ​ដោយ​និទណ្ឌភាព​”​។​

​លោក​ចៃ​សាន​កា​មិន​បាន​រិះគន់​លោក​ប្លីង​កិន​ជា​សាធារណៈ​ទេ​។ ប៉ុន្តែ​កាលពី​ថ្ងៃអាទិត្យ​ដោយ​និយាយ​នៅ​ឯ​ពិធី​ជួបជុំ​សហគមន៍​ឥណ្ឌា​នៅ​សហរដ្ឋ​អាម៉េរិក​លោក​ចៃ​សាន​កា​បាន​និយាយ​អំពី​ជំហរ​របស់​​អាម៉េរិក​ថា “​អ្នក​មិន​បាន​បោក​បញ្ឆោត​នរណា​ម្នាក់​ទេ​”​។​

​លោក​បាន​និយាយថា “​សម្រាប់​មនុស្ស​ម្នាក់​ដែល​និយាយថា ខ្ញុំ​កំពុង​ធ្វើ​រឿងនេះ ព្រោះ​វា​សម្រាប់​ប្រឆាំង​ភេរវកម្ម នៅពេល​ដែល​អ្នក​និយាយ​អំពី​យន្តហោះ​ដូចជា​សមត្ថភាព​របស់ F-16​អ្នក​រាល់គ្នា​ដឹង​​ច្បាស់​ថា ពួកវា​ត្រូវបាន​ដាក់ពង្រាយ​នៅឯណា​” ដោយ​សំដៅលើ​ទីតាំង​សម្រាប់​ប្រឆាំង​នឹង​ឥណ្ឌា​។​

​លោក​បាន​និយាយថា “​និយាយ​ដោយ​ស្មោះត្រង់ វា​ជា​ទំនាក់ទំនង​ដែល​ទីបំផុត​នឹង​មិន​បម្រើ​ដល់​ប៉ា​គី​ស្ថាន​ឬ​បម្រើ​ផលប្រយោជន៍​របស់​អាម៉េរិក​នោះទេ​”​។​

​យោធា​ប៉ា​គី​ស្ថាន​ពឹងផ្អែក​លើ​បរិក្ខារ​យោធា​របស់​អាម៉េរិក ប៉ុន្តែ​ទំនាក់ទំនង​កាន់តែ​ជូរចត់​ក្នុងអំឡុង​សង្គ្រាម​អាម៉េរិក​រយៈពេល​ពី​រទ​ស​វត្សរ៍​នៅ​អា​ហ្វ​ហ្គានី​ស្ថាន ដោយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ជឿថា មនុស្ស​នៅក្នុង​ទីក្រុង​អ៊ី​ស្លា​ម៉ា​បាដ​មិនដែល​ផ្តាច់ការ​គាំទ្រ​ដល់​ក្រុម​តា​លី​បង់ ដែល​បាន​ដណ្តើម​អំណាច​មក​វិញ​កាលពី​ឆ្នាំ​មុន​នោះ​ទេ​។​

​ឥណ្ឌា​បាន​ទិញ​ឧបករណ៍​យោធា​ជា​ប្រវត្តិសាស្ត្រ​ពី​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ ហើយ​បាន​ជំរុញ​សហរដ្ឋ​អាម៉េរិក​ឱ្យ​លើកលែង​ទណ្ឌកម្ម​ដែល​តម្រូវ​នៅក្រោម​ច្បាប់​ឆ្នាំ ២០១៧ សម្រាប់​ប្រទេស​ណា​ដែល​ទិញ​យោ​ធូប​ក​រណ៍ “​សំខាន់​” ពី​ប្រទេស​រុស្ស៊ី​។​

​ថ្លែង​នៅ​ក្បែរ​លោក​ប្លីង​កិន លោក​ចៃ​សាន​កា​បាន​កត់សម្គាល់​ថា ឥណ្ឌា​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ក៏​បាន​បញ្ជា​ទិញ​ធំៗ​ពី​សហរដ្ឋ​អាម៉េរិក បារាំង និង​អ៊ីស្រាអែល​ផងដែរ​។​

​លោក​បាន​និយាយថា ឥណ្ឌា​វាយតម្លៃ​គុណភាព​និង​លក្ខខណ្ឌ​ទិញ ហើយ “​យើង​អនុវត្ត​ជម្រើស​ដែល​យើង​ជឿ​ថា​ជា​ផលប្រយោជន៍​ជាតិ​របស់​យើង​” ដោយ​បដិសេធ​រាល់​ការផ្លាស់ប្តូរ​ណាមួយ​ដោយសារតែ “​ភាព​តានតឹង​ខាង​ភូមិសាស្ត្រ​នយោបាយ​”៕

លោក​ប្លីង​កិន (​ស្តាំ​) និង​លោក​ចៃ​សាន​កា​ជួប​ពិភាក្សា​គ្នា​នៅ​ទីក្រុង​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​អង្គារ