​ដោយៈ ប​.​ខុន / ភ្នំពេញៈ ព្យុះ​ណូ​រុ មកដល់​វេលា​ជិត​ថ្ងៃត្រង់ ថ្ងៃទី​២៨ ខែកញ្ញា បាន​រំកិល​ដល់​ព្រំប្រទល់​ប្រទេស​វៀតណាម ឡាវ ហើយ​បន្តដំណើរ​ក្នុង​កម្រិត​ជា​កូន​ព្យុះ ទៅរក​ព្រំប្រទល់​ប្រទេស​ឡាវ ថៃ មុននឹង​ថយឥទ្ធិពល មក​នៅក្នុង​កម្រិត​ជា​វិ​សម្ពាធ បន្ទាប់ពី​ដើរ​លើដី​គោក របស់​ប្រទេស​វៀតណាម ជា​ព្យុះ​ទី​ហ្វុ​ង កម្រិត​១ ធ្វើឱ្យមាន​ភ្លៀង ធ្លាក់​ពី​ជាង ២០០ ទៅ​ជាង ៣០០ មី​លី​ម៉ែត្រ ពេល​វា​ដើរមក​កៀក​នឹង​ឆ្នេរ​របស់​ប្រទេស វៀតណាម នោះ​។​

​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២២​ថាៈ ចំណុចកណ្តាល នៃ​ព្យុះ​ទី​ណូ​រុ នៅពេលនេះ (​ម៉ោង ១០ ព្រឹក​) កំពុង​ស្ថិតនៅលើ​ព្រំប្រទល់​ប្រទេស វៀតណាម ឡាវ ស្ថិតនៅ​ជា​ព្យុះ​ទី​ហ្វុ​ង កម្រិត​១ ដោយ​បន្តដំណើរ​កាត់​ប្រទេស​ឡាវ ទៅដល់​ព្រំប្រទល់ រវាង​ប្រទេស​ថៃ ឡាវ នឹង​ថយឥទ្ធិពល មក​នៅក្នុង​កម្រិត​ជា​កូន​ព្យុះ មុន​ថយចុះ​មក​នៅ​កម្រិត​ជា​វិ​សម្ពាធ​។​

​អ្នកនាំពាក្យ​ក្រសួង​ជំនាញ​ខាងលើ បាន​និយាយ ដោយ​យោងតាម​មជ្ឈមណ្ឌល​ជាតិ សម្រាប់​ការព្យាករណ៍​ជលសា​ស្ត្រ និង​ឧតុនិយម​របស់​វៀតណាម​ថាៈ នៅក្នុង​អំឡុងពេល ព្យុះ បាន​ដើរ​មកដល់​កៀក​ឆ្នេរ ធ្វើឱ្យ​តំបន់​ខ្លះ នៃ​ភាគ​កណ្តាល​ប្រទេស​វៀតណាម មាន​ភ្លៀង​ធ្លាក់ ក្នុង​កម្រិត​ពី​ជាង ២០០ មី​លី​ម៉ែត្រ ទៅដល់​ជាង ៣០០ មី​លី​ម៉ែត្រ ហើយ​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​ថែមទៀត​។ ការខូចខាត​កម្រិតណា មិនទាន់មាន​ព័ត៌មាន នៅឡើយ​ទេ​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម កាលពី​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២២ បាន​ជូនដំណឹង ស្តីពី​ស្ថានភាព​ធាតុអាកាស សម្រាប់​ពីថ្ងៃ​ទី​២៨ ខែកញ្ញា ដល់​ថ្ងៃទី​៤ ខែតុលា ថាៈ នៅ​ថ្ងៃទី​២៨ និង ២៩ ខែកញ្ញា ប្រទេស​កម្ពុជា បន្ត​ទទួលរង​ឥទ្ធិពល​ពី​ព្យុះ​ទី​១៦ ឈ្មោះ ណូ​រុ (NORU)​។ ព្យុះ​នេះ នឹង​ចូល​លើ​ប្រទេស​វៀតណាម ភាគ​កណ្ដាល នៅវេលា​ម៉ោង ០១ យប់​ថ្ងៃទី​២៨ ខែកញ្ញា ក្នុង​កម្រិត​ជា (STS) រួច​បន្ថយឥទ្ធិពល ទៅជា​វិ​សម្ពាធ (TD) ដើរ​លើ​តំបន់​អាង​ទន្លេមេគង្គ មុននឹង​ថមថយ​ឥទ្ធិពល ទៅជា​សម្ពាធ​ទាប (LOW) ។ បន្ទាប់មក ប្រទេស​កម្ពុជា ទទួលរង​ឥទ្ធិពល​ពី​ជ្រលង សម្ពាធ​ទាប​ឥណ្ឌា និង​ខ្យល់មូសុង​និរតី ក្នុង​កម្រិត​មធ្យម ។​

​សេចក្តីជូនដំណឹង​ខាងលើ បាន​សរសេរ​ទៀតថាៈ ស្ថានភាព​អាកាសធាតុ​បែប​ខាងលើ ធ្វើ​ឲ្យ​តំបន់​ទំនាប​កណ្តាល មាន​សីតុណ្ហភាព អប្បបរមា​ពី ២២ ទៅ ២៤ អង្សា​សេ សី​តុ​ណ្ណ​ភាព អតិបរមា មាន​ពី ៣០ ទៅ ៣២ អង្សា​សេ​។ នៅ​ថ្ងៃទី​២៨ និង​ទី​២៩ ខែកញ្ញា បណ្ដា​ខេត្ត​ក្នុងភូមិ​សាស្ត្រ​ជាប់​ព្រំដែន​ថៃ អាចមាន​ភ្លៀង ក្នុង​កំរិត​ពី​បង្គួរ​ទៅ​ច្រើន លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។ រីឯ​រាជធានី និង​បណ្តា​ខេត្ត​ដទៃទៀត អាចមាន​ភ្លៀង​ធ្លាក់ ក្នុង​កំរិត​ពី​តិច​ទៅ​បង្គួរ​។ បន្ទាប់ពីនោះ ភ្លៀង​អាច​ធ្លាក់ ក្នុង​កម្រិត​ពី ខ្សោយ​ទៅ​មធ្យម ។​

​សម្រាប់​តំបន់​ខ្ពង់រាប មាន​សីតុណ្ហភាព​អប្បបរមា​ពី ២១ ទៅ ២៣ អង្សា​សេ សីតុណ្ហភាព អតិបរមា​មាន​ពី ២៩ ទៅ ៣១ អង្សា​សេ ។ នៅ​ថ្ងៃទី​២៨ និង​ទី​២៩ ខែកញ្ញា អាចមាន​ភ្លៀង​ធ្លាក់ ក្នុង​កម្រិត​ពី​បង្គួរ​ទៅ​ច្រើន លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។ ចាប់ពី​ថ្ងៃទី​៣០ ខែកញ្ញា​ទៅ​ភ្លៀង​អាច​ធ្លាក់​ក្នុង​កំរិត​ពី​ខ្សោយ ទៅ​បង្គួរ​។​

​នៅ​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព​អប្បបរមា ពី ២២ ទៅ ២៤ អង្សា​សេ សី​តុ​ណ្ណ​ភាព​អតិបរមា មាន​ពី ២៨ ទៅ ៣០ អង្សា​សេ ។ អាចមាន​ភ្លៀង​ក្នុង​កំរិត ពី​មធ្យម​ទៅ​ច្រើន លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។ នៅលើ​ផ្ទៃសមុទ្រ អាចមាន​ភ្លៀង​លាយឡំ និង​ខ្យល់​បក់បោក​ខ្លាំង​រលក​សមុទ្រ​ខ្ពស់ៗ បន្ត​រហូតដល់​ថ្ងៃទី​៣០ ខែកញ្ញា​។​

​យោង​លើ​ស្ថានភាព​ធាតុអាកាស ដូច​បាន​ជម្រាបជូន​ខាងលើ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​សូម​អាជ្ញាធរ​ដែនដី និង​សាធារណជន ជ្រាប​ជា​ព័ត៌មាន និង​បន្ត​ប្រុងប្រយ័ត្ន ចំពោះ​បាតុភូតធម្មជាតិ ដែល​អាច​កើតមានឡើង​ជាយថាហេតុ​៕ V / N