​ប្រែ​សម្រួលៈ​បំណង​(​វ៉េ​អិន​អិច​ស្ព្រេ​ស​)៖ បុរស​វៀតណាម​ម្នាក់​នៅ​ទីក្រុង​ហូជីមិញ​ត្រូវបាន​តុលាការ​កាត់ទោស​ដាក់គុក​៧​ឆ្នាំ​ចំពោះ​ការសម្លាប់​ប្រពន្ធ​ដែល​មាន​ជំងឺ​រ៉ាំរ៉ៃ​ក្រោម​ការព្រមព្រៀងធ្វើ​អត្តឃាត​​មួយ​បន្ទាប់​ពី​ពួក​គេ​អស់ប្រាក់​សំរាប់​ព្យាបាល​។​

​វិញ ក្វា​ង ដា​ត​(Huynh Quang Dat) អាយុ​៥៦​ឆ្នាំ បាន​និយាយ​នៅ​សវនាការ​កាលពី​ថ្ងៃ​ចន្ទ​ថា​គាត់​លែង​អាច​ព្យាបាល​ប្រពន្ធ​គាត់​បាន​តទៅទៀត​និង​ដោយសារតែ​នាង​សុំ​អង្វរ​អោយ​គាត់​សម្លាប់​​នាង​ជា​ប្រចាំ ​លោក​បាន​គិត​អំពី​ការស្លាប់​របស់​ប្រពន្ធ​ដោយ​ស្រួល​គ្មាន​ការឈឺចាប់ មុន​សម្លាប់​ខ្លួនឯង​តាម​ក្រោយ​។​

​ប្រពន្ធ​របស់​ដា​ត ឈ្មោះ​ង៉ុក បាន​ឈឺងាប់មួយចំហៀងខ្លួន​អស់​១៥​ឆ្នាំ​មកហើយ​។​

​កាលពី​ថ្ងៃ​៤​វិច្ឆិកា​ឆ្នាំ​មុន ដា​ត​បាន​ឆក់​សម្លាប់​ប្រពន្ធ​នៅ​មន្ទីរពេទ្យ​មួយ​។​គាត់​បាន​រុំ​ខ្សែភ្លើង​ជុំវិញ​ចង្កេះ​ប្រពន្ធ​និង​ឆក់​នាង ហើយ​បាន​ប៉ុនប៉ង​ធ្វើ​អោយ​ឆក់​ខ្លួនឯង​ទៀត​ជាច្រើន​ដង​មុន​សាច់ញាតិ​​ឃើញ​និង​ចូល​មក​ជួយ​ផ្តាច់​ចរន្ត​អគ្គិសនី​។​

​ដា​ត បាន​ប្រាប់​តុលាការ​ថា សុខភាព​របស់​ប្រពន្ធ​កាន់តែ​ចុះ​ទ្រុឌ​ទ្រោម​ខ្លាំង​ក្រោយ​ឆ្លងកូវី​ដ​១៩​កាលពី​ឆ្នាំមុន ដោយ​ធ្វើអោយ​នាង​មិន​អាច​កំរើក​ដៃជើង​កើត​ក្នុងពេល​មិន​អាច​បង់ថ្លៃ​ព្យាបាល ។​ប្រឈម​​ស្ថានភាព​ដូច្នេះ អ្នក​ទាំង​ពីរ​បាន​សំរេច​ចិត្ត​សម្លាប់ខ្លួន​។​

​ដា​ត​បាន​និយាយថា «​ខ្ញុំ​បាន​ធ្វើ​អ្វី​ដែល​ប្រពន្ធ​ខ្ញុំ​ចង់បាន​។តែ​ពេល​នៅ​ក្នុង​គុក​ជួយ​អោយ​ខ្ញុំ​ដឹង​ថា​ខ្ញុំ​បាន​ធ្វើ​ខុស​។​ខ្ញុំ​សង្ឃឹមថា​តុលាការ​នឹង​បន្ធូរបន្ថយ​ទោស ផ្តល់​ឳ​កាស​អោយ​ខ្ញុំ​កសាង​ជីវិត​ថ្មី​និង​មើលថែ​​ឪពុកក្មេក​»​។​

​នៅ​តុលាការ កូនប្រុស​របស់​ដា​ត​បាន​បញ្ជាក់​ប្រាប់​សវនាកា​រ​ថា ឪពុក​ខ្លួន​ជា​អ្នក​មើល​ថែ​ម្តាយ​អស់​១៥​ឆ្នាំ​បន្ទាប់ពី​គាត់​កើត​ជំងឺ​ដាច់​សរសៃឈាម​ងាប់​មួយ​ចំហៀង​ខ្លួន​។​នៅ​ឆ្នាំ​២០២១​ពេល​ម្តាយ​របស់​ខ្លួន​​ឆ្លងកូវី​ដ សុខភាព​គាត់​កាន់តែ​ចុះ​ដុនដាប​ខ្លាំង ដោយ​ឪពុក​បាន​ខ្ចី​លុយ​សាច់ញាតិ​អស់​ជាង​៤​ពាន់​ដុល្លារ​ដើម្បី​ថ្លៃ​ពេទ្យ​។​ស្ថានភាព​របស់​ពួកគេ​ពិបាក​ណាស់​និង​«​ឪពុកម្តាយ​ខ្ញុំ​អត់​មាន​ជំរើស​ណា​ផ្សេង​​ទេ​។​ហេតុ​ដូច្នេះ​ហើយ ពួក​គេ​សំរេច​សម្លាប់ខ្លួន​។​ខ្ញុំ​សង្ឃឹមថា​តុលាការ​នឹង​សម្រាល​ទោស​»​។​

​តុលាការ​និយាយថា ទោះ​ជា​ស្ថានភាព​គ្រួសារ​នេះ​លំបាក​ក៏​វា​​ជំរើស​ផ្សេង​ក្រៅពី​អត្តឃាត ដោយ​ដា​ត​អាច​លើកទឹកចិត្ត​ប្រពន្ធ ជាជាង​ជ្រើសរើស​បញ្ចប់ជីវិត​នាង​។​ក្រោយ​ពិចារណា​គ្រប់​កក្តា​ ដា​ត​ត្រូវបាន​​កាត់ទោស​អោយ​ជាប់គុក​៧​ឆ្នាំ​៕

​វិញ ក្វា​ង ដា​ត ក្នុង​សវនាការ​របស់​តុលាការ​ប្រជាជន​ក្នុង​ហូជីមិញ កាលពី​ថ្ងៃ​២៦​កញ្ញា ឆ្នាំ​២០២២