ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រធានាធិបតី​អ៊ុយ​ក្រែន​បានព្រមានថា “​ការធ្វើប្រជាមតិ​ក្លែងក្លាយ​” របស់​រុស្ស៊ី និង​ការប៉ុនប៉ង​កាត់​យក​ទឹកដី​អ៊ុយ​ក្រែន​គឺ​ច្រាន​ចោល​រាល់​ការចរចា​ណា​​មួយ​ជាមួយ​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ ដរាបណា​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន នៅតែ​ជា​ប្រធានាធិបតី​។​

​ថ្លែង​ទៅ​កាន់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​តាមរយៈ​វីដេអូ​ជុំវិញ​វត្ថុបំណង​របស់​រុស្ស៊ី លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី​បាន​ជំរុញ​ឱ្យមាន​ការគាំទ្រ​ផ្នែក​យោធា​និង​ហិរញ្ញវត្ថុ​បន្ថែម​ទៀត​ដើម្បី​ការពារ​​អ៊ុ​យក្រែន “​ដូច្នេះ​ទើប​ពួក​ឈ្លានពាន​នឹង​ចាញ់​” និង “​ធានា​យ៉ាង​ច្បាស់លាស់​និង​ស្រប​ច្បាប់​អំពី​សន្តិសុខ​សមូហភាព​”​សម្រាប់​ប្រទេស​របស់​គាត់​ក្នុង​ការឆ្លើយតប​ទៅនឹង​រុស្ស៊ី​ច្រឹប​យក​ទឹកដី​អ៊ុយ​ក្រែន​ចុង​​ក្រោយ​បំផុត​នេះ​។​

​ការបោះឆ្នោត​ប្រជាមតិ ដែល​ត្រូវបាន​ថ្កោលទោស​ដោយ​រដ្ឋាភិបាល​ក្រុង​គៀវ​និង​សម្ពន្ធ​មិត្ត​លោកខាងលិច​របស់​ខ្លួន​ថា​ជាការ​ក្លែងបន្លំ បាន​ធ្វើឡើង​នៅក្នុង​តំបន់​លូ​ហាន​ស​ខ៍​(Luhansk) និង​ឃើ​សុន (Kherson) ដែល​គ្រប់គ្រង​ដោយ​រុស្ស៊ី និង​នៅក្នុង​តំបន់​កាន់កាប់ ដូណិត​ស​ខ៍ (Donetsk) និង ហ្សា​ប៉ូរី​ហ្ស៍​ហ្សា (Zaporizhzhia) ។ ការបោះ​ប្រជាមតិ​ទាំងនេះ​ត្រូវ​គេ​មើលឃើញយ៉ា​ទូលំ​ទូ​​លាយ​ថា​ជា​លេស​សម្រាប់​ការប្រកាស​ថា រុស្ស៊ី​នឹង​កាត់​យក​ទឹកដី ដូច​ដែល​ខ្លួន​បាន​កាត់​យក​គ្រីមេ​ក្នុង​ឆ្នាំ ២០១៤​។​

​ពួក​មន្ត្រី​គាំទ្រ​ទីក្រុង​មូ​ស្គូ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​២៧​កញ្ញា​ថា អ្នកស្រុក​នៅ​ក្នុង​តំបន់​កាន់កាប់​ទាំង​បួន​នៃ​អ៊ុយ​ក្រែន​បាន​បោះឆ្នោត​ដើម្បី​ចូលរួម​ជាមួយ​រុស្ស៊ី​ដែល​ទំនង​ជា​ការបើកផ្លូវ​ជាមុន​ចំពោះ​​ការដាក់​បញ្ចូល​ទៅក្នុង​ទឹកដី​រុស្ស៊ី​ក្នុង​ប៉ុន្មាន​ថ្ងៃ​ខាងមុខ ដែល​អាច​នឹង​បង្កើត​ដំណាក់កាល​ថ្មី​និង​គ្រោះថ្នាក់​បន្ថែមទៀត​នៅក្នុង​សង្គ្រាម​រយៈពេល​ប្រាំពីរ​ខែ​បន្ទាប់​ការឈ្លានពាន​របស់​រុស្ស៊ី​នៅ​ថ្ងៃទី ២៤ ខែ​កុម្ភៈ​លើ​ប្រទេសជិតខាង​តូច​ជាង​ខ្លួន​។​

​អ៊ុយ​ក្រែន​បាន​កោះហៅ​កិច្ចប្រជុំ​បន្ទាន់​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការធ្វើប្រជាមតិ​និង​លទ្ធភាព​ការប្រកាស​កាត់​យក​ទឹកដី​ពី​សំណាក់​រុស្ស៊ី​។​

​លោក​ហ្សេ​លេន​ស្គី​បាន​និយាយថា “​ការ​កាត់​យក​ទឹក​ដី​ណា​មួយ​នៅក្នុង​ពិភព​សម័យ​ទំនើប​គឺជា​ឧក្រិដ្ឋកម្ម​មួយ​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​រដ្ឋ​ទាំងអស់​ដែល​ចាត់ទុក​ការ​មិន​អាច​រំលោភ​បំពាន​បាន​នៃ​ព្រំដែន​​គឺ​មាន​សារៈសំខាន់​សម្រាប់​ខ្លួន​ពួក​គេ​”​។​

​លោក​បាន​ចោទប្រកាន់​រុស្ស៊ី​ថា​បាន​បំផ្លាញ “​ស្ថាប័ន​ច្បាប់​អន្តរជាតិ​ដ៏​សំខាន់​” និង​ឆ្លើយតប​ទៅនឹង “​សំណើ​ណាមួយ​សម្រាប់​ការពិភាក្សា​ជាមួយនឹង​ភាពឃោរឃៅ​ថ្មី​នៅលើ​សមរភូមិ​ត្បិត​មាន​វិបត្តិ​និង​​ការគំរាមកំហែង​កាន់តែ​ធំ​ដល់​អ៊ុយ​ក្រែ​ន​និង​ពិភពលោកក៏​ដោយ​”​។​

​លោក​ហ្សេ​លេន​ស្គី​បាន​និយាយថា “​ការទទួលស្គាល់​របស់​រុស្ស៊ី​លើ​ការធ្វើប្រជាមតិ​ក្លែងក្លាយ​ទាំងនេះ​ថា​ជា​រឿង​ធម្មតា​ពោលគឺ​ការអនុវត្ត​នូវ​អ្វី​ដែល​គេ​ហៅថា​សេណា​រី​យ៉ូ​គ្រីមេ​និង​ការប៉ុនប៉ង​មួយទៀត​ដើម្បី​​កាត់​យក​ទឹកដី​អ៊ុ​យក្រែន នឹង​មានន័យថា គ្មានអ្វី​ត្រូវ​និយាយ​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​រូប​នេះ​ទេ​”​។​

“​ការ​កាត់​យក​ទឹកដី​គឺ​ជា​ទង្វើ​ដែល​ដាក់​គាត់​ឱ្យ​នៅ​ឯកោ​ទល់នឹង​មនុស្សជាតិ​ទាំងមូល​”​។​

​សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ​ជាច្រើន​បាន​ថ្កោលទោស​ការបោះឆ្នោត​ប្រជាមតិ​នេះ ហើយ​បាន​សង្កត់ធ្ងន់ថា ការ​កាត់​យក​ទឹក​ដី​ណា​មួយ​នឹង​មិន​ត្រូវបាន​ទទួល​ស្គាល់​ឡើយ​៕

​លោក​ហ្សេ​លេន​ស្គី​នឹង​មិន​ចរចា​ជាមួយ​លោក​ពូ​ទីន​ដាច់ខាត បើ​ទឹក​ដី​អ៊ុយ​ក្រែន​ត្រូវបាន​កាត់​យក