ដោយៈ សុខ​សុ​ភ័​ណ្ឌ / កំពង់ស្ពឺ​: ស្ត្រី​ម្នាក់ បាន​យកប្តី​ពីរ មក​រួម​រស់នៅ​ជាមួយគ្នា ជាច្រើន​ឆ្នាំ​មកហើយ ទើបតែ​ពេលនេះ មានរឿង​រ៉ាវ ប្តី​ចុង បាន​វាយ​ប្តី​ដើម ជាមួយនឹង​ខ្នង កាំបិតផ្គាក់ បណ្តាល​ឲ្យ​របួស​បែកក្បាល​ធ្ងន់ធ្ងរ ។ ហេតុការណ៍​ប្តី​ចុង វាយ​ប្តី​ដើម​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល នៅ​ចំណុច​ក្នុង​ក្រុមហ៊ុន H L H ស្ថិតនៅ​ភូមិ​ច្រក​ទៀក ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ កាលពី​វេលា​ម៉ោង ៩​និង​៣០ នាទី យប់​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២២​។​

​លោក វរសេនីយ៍ឯក ប៊ុត ប៊ុនធឿន អធិការនគរបាល​ស្រុក​ឱ​រ៉ា​ល់ បាន​ឲ្យ​ដឹងថាៈ ជនរងគ្រោះ ជា​ប្តី​ដើម មានឈ្មោះ យ៉ាង សា​វន អាយុ ៥៤ ឆ្នាំ ។ ចំណែក​ប្តី​ចុង ជា​ជនដៃដល់ ឈ្មោះ ព្រិ​ន ផាន់​ណា អាយុ ៣៤ ឆ្នាំ ទាំងពីរ​នាក់ ស្នាក់នៅ​អាស្រម​គោល ស្ថិត​ក្នុងភូមិ ឃុំ កើតហេតុ​ខាងលើ​ជាមួយគ្នា​។​

​លោក​វរសេនីយ៍ឯក ប៊ុត ប៊ុនធឿន បានឱ្យដឹងថាៈ ប្តី​ចុង បាន​យក​កាំបិតផ្គាក់ ដោយ​ប្រើ​ខាង​ផ្នែក​ខ្នងកាំបិត វាយ​ទៅលើ​ជនរងគ្រោះ ជា​ប្ដី​ដើម ចំក្បាល បណ្ដាលឱ្យ រងរបួស​ធ្ងន់​។ ក្រោយ​កើតហេតុ​ភ្លាម ប្រពន្ធ​ឈ្មោះ កុល ខិ​ណា អាយុ ៣២ ឆ្នាំ បាន​ដឹកយក​ប្ដី​ដើម ទៅ​ព្យាបាល​របួស នៅឯ​មន្ទីរពេទ្យ ព្យា​ល​បាល​ដេរ ជាបន្ទាន់​។​

​លោក​បាន​បន្តទៀតថាៈ ក្រោយពី​ទទួលបាន​ព័ត៌មាន កម្លាំង​ជំនាញ បាន​ចុះ​ទៅដល់ កន្លែងកើតហេតុ ហើយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ យកមក​អធិការដ្ឋាន​នគរបាល ស្រុក​ឱ​រ៉ា​ល់ ដើម្បី​សាកសួរ​។ បើតាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ បាន​ឆ្លើយថា ខ្លួន​ពិតជា​បាន​យក​កាំបិតផ្គាក់ វាយ​ទៅលើ​ជនរងគ្រោះ ឈ្មោះ យ៉ុង សា​វន ត្រូវជា​ប្ដី​មុន របស់​ប្រពន្ធ​ខ្លួន ពិតប្រាកដ​មែន​។ មូលហេតុ ជនរងគ្រោះ បង្ករឿង​ក្នុង​គ្រួសារ និង​យក​កូន រត់​ចេញពី​អាស្រម កន្លែង​ស្នាក់នៅ ហើយ​ជនសង្ស័យ ខឹង​ទ្រាំ​មិនបាន ទើប​ឈានដល់ ថ្នាក់ យក​កាំបិតផ្គាក់ វាយ​ខាង​ខ្នង តែម្តងទៅ​។​

​ករណី​ខាងលើ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង និង បញ្ជូន​ជនសង្ស័យ ទៅ​ស្នងការដ្ឋាន នគរបាល ខេត្តកំពង់ស្ពឺ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕ V / N