ដោយៈ មេសា / ភ្នំពេញៈ សេចក្តីប្រកាស​បន្ទាន់រ​បស់​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​ក​សត្វ បានលើកឡើង​ថាៈ « ដើម្បី​ជំរុញ​ការនាំចេញ​សត្វ និង​ផលិតផល សត្វ ទៅកាន់​សាធារណរដ្ឋ​ប្រជាមានិត​ចិន សូម​លោក លោកស្រី ក្នុង​វិស័យ​ចិញ្ចឹមសត្វ និង​ផលិតផល​សត្វ ដែលមាន​បំណង​នាំចេញ​សត្វ និង​ផលិតផល​សត្វ ដូចជា​ជ្រូក​រស់ គោរស់ សាច់ជ្រូក សាច់គោ សាច់មាន់ ស្បែក​គោ ស្បែក​ជ្រូក និង​ផលិតផល​ផ្សេងៗ​ទៀត អាចដាក់​សំណើ​មកកាន់​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ដោយ​បញ្ជាក់ ពី​ប្រភេទ​សត្វ និង​ផលិតផល​សត្វ ឱ្យបាន​ច្បាស់លាស់ ទៅតាម​ប្រភេទ​នីមួយៗ ដើម្បី ឱ្យ​អគ្គនាយកដ្ឋាន មានលទ្ធភាព​រៀបចំ​បែបបទ​ពាក់ព័ន្ធ​ផ្សេងៗ សុំ​ការអនុញ្ញាត​ពី​ភាគី​ចិន ដើម្បី​ចុះមក​ត្រួតពិនិត្យ និង​វាយតម្លៃ​ហានិភ័យ និង​ឈានទៅរក​ការរៀបចំ​ពិធីសារ អនាម័យ និង​កិច្ចព្រមព្រៀង ក្នុងការ​នាំចេញ »​។​

រូបៈ មេសា​ ( លោក តាន់ ផាន់​ណា​រ៉ា ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា អគ្គនាយក នៃ អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​ក​សត្វ )

 

 

​លោក តាន់ ផាន់​ណា​រ៉ា ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក នៃ អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​ក​សត្វ បន្ទាប់ពី​បាន​ជួប​បន្ទាន់​ជាមួយ​ភាគី​ចិន កាលពី​អំឡុង​ថ្ងៃ​ឈប់សម្រាក​បុណ្យ​ភ្ជុំបិណ្ឌ កន្លងទៅ​ថ្មីៗ​នេះ បាន​ប្រាប់​រស្មី​កម្ពុជា តាម​ប្រព័ន្ធ​តេ​ឡេ​ហ្ក្រា​ម នៅ​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២២ ថាៈ « អ្វីដែល​សំខាន់ នៅ​ចំពោះមុខ​នេះ នៅពេល​អ្នក​ចិញ្ចឹមសត្វ ដាក់សំណើ​មក​នោះ អគ្គនាយកដ្ឋាន សុខភាព​ភាព​សត្វ និង​ផលិតកម្ម​សត្វ នឹង​ទំនាក់ទំនង​ទៅ​ពួកគាត់ រួចហើយ​ទំនាក់ទំនង ទៅ​ភាគី​ចិន ។ បន្ទាប់មក ភាគី​ចិន នឹង​បញ្ជូន​អ្នកជំនាញ មក​ពិនិត្យ​លក្ខណៈ​បច្ចេកទេស បន្ថែម ហើយ​ប្រសិនបើ​យើង អាចបំពេញ​តាម​លក្ខន្តិកៈ​របស់​ចិន បាន​នោះ នឹង​អនុវត្ត​ភ្លាមៗ ព្រោះ​ខាង​ភាគី​ចិន ក៏​ត្រូវការ​បន្ទាន់​ណាស់ដែរ » ។​

​ជាទូទៅ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ វិស័យ​ចិញ្ចឹមសត្វ​នៅ​កម្ពុជា មានការ​រីកចម្រើន គួរឱ្យកត់សម្គាល់ ហើយ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បាន​អះអាងថា ការចិញ្ចឹម​សត្វ​ជា​លក្ខណៈ​ពាណិជ្ជកម្ម បាន​កើនឡើង ៣៩ ភាគរយ នៅក្នុង​ឆ្នាំ​២០២១ ដោយមាន​ការវិនិយោគ ពី​ទ្រង់ទ្រាយ​មធ្យម ទៅ​ធំ ជាពិសេស​វិស័យ​ចិញ្ចឹម​ជ្រូក ដែល អាច​តម្រូវការ​ក្នុងប្រទេស បាន​ដោយ​ខ្លួនឯង និង​អាច​នាំ​ចេញទៅ​ក្រៅប្រទេស​បាន​។​

​ចំពោះ​ជ្រូក​វិញ ជិត ១ ឆ្នាំ​មកហើយ ដែល​កម្ពុជា មានលទ្ធភាព​ផ្គត់ផ្គង់​តម្រូវការ​ជ្រូក ដោយ​ខ្លួនឯង ដោយ​មិនចាំបាច់​នាំ​ជ្រូក​ចូល​ពី​ប្រទេសជិតខាង​ដូច​កាលពីមុន​ទៀតឡើយ ហើយ​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ កម្ពុជា ឈានដល់​ថ្នាក់​មាន​ជ្រូក​ច្រើន​លើស​សេចក្តីត្រូវការ ក្នុងប្រទេស ដែល​ប្រការនេះ មួយផ្នែក ក៏​ស្របទៅនឹង​គោលបំណង​របស់​ថ្នាក់ដឹកនាំ ក្នុង​វិស័យ​នេះដែរ ។ ហេតុនេះ ការដាក់ចេញ​នូវ​មធ្យោបាយ​នានា ក្នុងការ​នាំចេញ​សត្វ និង​ផលិតផល​សត្វ ទៅ​ក្រៅប្រទេស គឺជា​ដំណឹង​ល្អ សម្រាប់​កសិករ​ផង ក៏​ជា​ឆន្ទៈ​ដ៏ ច្បាស់លាស់​របស់​ថ្នាក់ដឹកនាំ ក្នុង​វិស័យ​នេះដែរ ហើយ​លោក តាន់ ផាន់​ណា​រ៉ា ក៏បាន​លើកឡើង ប្រកបដោយ​សុទិដ្ឋិនិយម​ផងដែរ​ថា បច្ចុប្បន្ននេះ កម្ពុជា មាន​កសិដ្ឋាន ចិញ្ចឹម​ល្អៗ​ជាច្រើន ។​

​លើសពីនេះ​ទៅ​លោក តាន់ ផាន់​ណា​រ៉ា បានឱ្យដឹង​បន្ថែមថាៈ ក្រៅតែពី​ប្រទេស​ចិន​ទៅ កម្ពុជា​ក៏បាន​និង​កំពុងធ្វើការ​ជាមួយ​ប្រទេស​ផ្សេងទៀត ដូចជា​កូរ៉េខាងត្បូង ជាដើម​ដែរ ដើម្បី​ឈានទៅដល់​ការនាំចេញ​សត្វ និង​ផលិតផល​សត្វ​ពី​កម្ពុជា ៕ V / N

រូបៈ ឯកសារ និង​ក្រសួងកសិកម្ម​ (ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ វិស័យ​ចិញ្ចឹម​ជ្រូក និង​មាន់​មាន​សម្ទុះ​ខ្លាំង​គួរឱ្យកត់សម្គាល់ នេះ​មិនទាន់​និយាយ​ដល់​វិស័យ​ចិញ្ចឹម​ជាដើម​ផង​ទេ )( រថយន្ត​ដឹក​ជ្រូក , កសិដ្ឋាន​មាន់​១, កសិដ្ឋាន​មាន់ ២)