ដោយៈ​គូលែន​/​សៀមរាប​៖​នាយកដ្ឋាន​គ្រប់គ្រង​ទឹក ព្រៃឈើ និង​ហេដ្ឋារចនាសម្ព័ន្ធ នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​និង កំពុង​ខិតខំ​រំដោះ​ទឹក​តាម​ទ្វារ​ទឹក និង​តំបន់​ប្រាសាទ​មួយចំនួន បង្ការ​កុំឱ្យ​ជន់​លិច​ប្រាសាទ​។​

 

​ប្រភព​អាជ្ញាធរ​ជាតិ​អប្សរា​នៅ​ថ្ងៃ​ព្រឹក​ថ្ងៃទី​២៨​ខែកញ្ញា​ឆ្នាំ​២០២២​នេះ​បាន​បញ្ជាក់ថា ឥទ្ធិពល​នៃ​ព្យុះ ណូ​រុ​ពី ប្រទេស​ហ្វីលីពីន បណ្ដាលឱ្យ​កម្ពុជា​រង​សម្ពាធ​ទាប និង​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​ចាប់ពី​ពាក់កណ្ដាល​ខែកញ្ញា មក​។​ការណ៍​នេះ ធ្វើឱ្យមាន​ភ្លៀង​ធ្លាក់​ជាច្រើន​ដង និង​បណ្ដាលឱ្យ​ជន់​លិច​ស្រុក​មួយចំនួន​ក្នុង​ខេត្តសៀមរាប​។ នៅ​រមណីយដ្ឋាន​អង្គរ​ទឹកភ្លៀង​ច្រើនសន្ធឹក​ត្រូវបាន​ប្រមូល​ទុក​និង​ខ្លះ​ត្រូវបាន​រំដោះ​ចេញ​ផងដែរ​ដោយសារ​បរិមាណ​ហួស​កម្រិត​។

​ប្រភព​ដដែល​បន្តថា តាម​របាយការណ៍​សង្ខេប​ពី​នាយកដ្ឋាន​គ្រប់គ្រង​ទឹក ព្រៃឈើ​និង​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​អាជ្ញាធរ ជាតិ​អប្សរា ក្រុមការងារ​បាន​រំដោះ​ទឹក នៅ​ប្រាសាទ​មួយចំនួន​ដូចជា ប្រាសាទអង្គរវត្ត ព្រះខ័ន តា​ព្រហ្ម​និង បាយ័ន​ជាដើម​។​ល​។ បញ្ចៀស​ទឹក​តាម​ប្រព័ន្ធ​ប្រឡាយ​បុរាណ​ទៅតាម​ស្ទឹង​នានា ដូចជា​ស្ទឹង​សៀមរាប ស្ទឹង​រលួស ស្ទឹង​ពួក និង​ស្ទឹង​ព្រះ​ស្រុក ដើម្បី​កុំឱ្យ​មាន​ផលប៉ះពាល់​ជា​អវិជ្ជមាន​ដល់​តំបន់​ប្រាសាទ និង​ក្រុង​សៀមរាប​។

​អាជ្ញាធរ​ជាតិ​អប្សរា​បានបញ្ជាក់​ទៀតថា​ក្រៅពី​ការងារ​ខាងលើនេះ​ក្រុមការងារ​ក៏បាន​ប្រមូល​ទឹក​ដើម្បី​បំពេញ​ក្នុង​ប្រព័ន្ធ គ្រប់គ្រង​បុរាណ ដើម្បី​ធានា​ដល់​តុល្យភាព​នៃ​ការប្រើប្រាស់​ទឹក​ក្នុង​តំបន់​អង្គរ មានដូចជា បារាយណ៍​ខាងលិច បារាយណ៍​ខាងជើង ក​សិន្ធុ​អង្គរធំ ក​សិន្ធុ​អង្គរវត្ត ស្រះស្រង់ រួម​និង​ក​សិន្ធុ​ព្រះខ័ន​ជាដើម​៕​សរន​ / N

ក្រុមការងារ​អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​រំដោះ​ទឹក​ចេញពី​ប្រាសាទ​ដើម្បី​បញ្ជៀ​ស​ពី​ការ​ជន់​លិច​ ( នាយកដ្ឋាន​គ្រប់គ្រង​ទឹក ព្រៃឈើ និង​ហេដ្ឋារចនាសម្ព័ន្ធ​)​