​ប្រែ​សម្រួលៈ​បំណង​(​ឆា​ណែ​ល​ញូ​វ​អេ​សៀ​)៖​ប៉ូលិស​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​២៨​កញ្ញា​ថា ប៉ូលិស​សិង្ហ​បុរី​បាន​ចាប់ខ្លួន​បុរស​អាយុ​៣៧​ឆ្នាំ​ម្នាក់​ក្នុង​យន្តហោះ​ដឹក​អ្នកដំណើរ​មួយ​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​Singapore Airlines​បន្ទាប់ពី​ជន​នេះ​វាយ​បុគ្គលិក​ហោះហើរ​និង​អះអាងថា រូបគេ​មាន​គ្រាប់បែក​មួយ​ក្នុង​កាបូបយួរ ។​

​ក្នុង​ការឆ្លើយតប​ចំពោះ​សំណួរ​អ្នកសារព័ត៌មាន ប៉ូលិស​បាន​និយាយថា​ខ្លួន​ទទួលបាន​ការព្រមាន​នៅ​ម៉ោង​ប្រមាណ​២​និង​៤០​នាទី​រំលង​អធ្រាត​អំពី​ការគំរាម​បំផ្ទុះ​គ្រាប់បែក​នៅ​លើ​យន្តហោះ​នៃ​ជើង​ហោះ​​ហើរ​SQ33​ពី​ទីក្រុង​សាន់ ហ្វ្រា​ន​ស៊ី​ស្កូ មកកាន់​សិង្ហ​បុរី​។​

​ជន​នេះ​ត្រូវបាន​បុគ្គលិក​បំរើការ​លើ​យន្តហោះ​ចាប់​ទុក​និង​​ក្រោយ​មក​ប្រគល់អោយ​ប៉ូលិស​ចំពោះ​ការ​គំរាម​ភេរវកម្ម​ក្លែងក្លាយ​និង​សង្ស័យ​ប្រើ​ថ្នាំ​។​

Singapore Airlinesបាននិយាយថា អ្នកដំណើរ​គ្មាន​វិន័យ​ម្នាក់​បាន​វាយ​សមាជិក​អ្នកបើកបរ​ម្នាក់​។​យន្តហោះ​បាន​ចុះចត​ដោយ​សុវត្ថិភាព​នៅ​ម៉ោង​ប្រមាណ​៥​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ពុធ ក្រោម​ការ​អម​ដំណើរការ​​ពារ​ពី​សំណាក់​យន្តហោះ​F-16C/D របស់​កងទ័ពអាកាស​សិង្ហ​បុរី​។​បុគ្គលិក​ទៅ​ពី​ប៉ូលិស​អាកាសយាន ក្រុម​អាវុធ​គីមី ជីវសាស្ត្រ​និង​វិទ្យុ​សកម្ម​របស់​កងទ័ព ព្រមទាំង​ក្រុម​ការពារ​គ្រឿងផ្ទុះ​បាន​នៅ​ត្រៀម​​រង់ចាំ​ជាស្រេច ដើម្បី​ដោះស្រាយ​ការ​គំរាម​របស់​អ្នកដំណើរ​។​

​យន្តហោះ​កើតហេតុ​បន្ទាប់មក​ត្រូវបាន​អូស​ទៅ​ចុង​អាកាសយាន​ដើម្បី​ត្រួតពិនិត្យ​សន្តិសុខ​ហើយ​អ្នកដំណើរ​បង្កហេតុ​ត្រូវបាន​ប្រគល់អោយ​ប៉ូលិស​។​ក្រោយ​ការត្រួតពិនិត្យ​ចប់សព្វគ្រប់ ប៉ូលិស​បាន​បញ្ជាក់ថា​មិន​មាន​គ្រាប់បែក​ដូច​ការ​គំរាម​ទេ ហើយ​ក្រសួង​ការពារជាតិ​បញ្ជាក់ថា វា​ជា​ការ​គំរាម​ក្លែងក្លាយ​៕

​យន្តហោះ​F-16C/D របស់​កងទ័ពអាកាស​សិង្ហ​បុរី​ហោះ​អម​ការពារ​យន្តហោះ​ដឹក​អ្នកដំណើរ និង​ជនល្មើស​ត្រូវ​បាន​បុគ្គលិក​យន្តហោះ​ប្រគល់អោយ​ប៉ូលិស​

​ប៉ូលិស​និង​ផ្នែក​អាវុធជាតិផ្ទុះ​នៅ​រង់ចាំ​យន្តហោះ​រួចជាស្រេច​នៅ​អាកាសយានដ្ឋាន​ឆាង​ហ្គី​

​អ្នកដំណើរ​អាច​ចាក​ចេញ​នៅ​ម៉ោង​៩​និង​៤០​នាទី​ព្រឹក​ក្នុង​ថ្ងៃ​២៨​កញ្ញា​ដដែល​ក្រោយការត្រួតពិនិត្យចប់សព្វគ្រប់