ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នៅថ្ងៃទី១ តុលា ចុងសប្ដាហ៍នេះ បាល់ទាត់ក្របខណ្ឌ លីគកំពូលកម្ពុជា (CPL) នឹងត្រឡប់មកវិញហើយ។លីគ ត្រូវបានសម្រាកជាង ១ខែ ក្នុងឱកាស FIFA Day និងពិធីបុណ្យភ្ជុំបិណ្ឌ។ នេះជាការប្រកួតសម្រាប់សប្ដាហ៍ទី១៨ ដោយក្រុមភ្នំពេញក្រោន ត្រូវជួបក្រុមខ្លាំងវិសាខា ក្រុមណាហ្គាវើលដ៏ នឹងត្រូវបើកទ្វារផ្ទះថ្មី ពោលគឺ កីឡដ្ឋានខេត្តកំពង់ស្ពឺ ដើម្បីស្វាគមន៍ការប្រកួតផ្លូវការ លើកដំបូង ជាមួយក្រុមគិរីវង់សុខសែនជ័យ។

ជំនួបរវាងក្រុមភ្នំពេញក្រោន និងវិសាខា ត្រូវបានចាត់ទុក ជាគូឯកប្រចាំសប្ដាហ៍នេះ ដ្បិតក្រុមខ្លាំងទាំងពីរ កំពុងតែត្រូវការជ័យជម្នះរៀងៗខ្លួន ដើម្បីរក្សាឱកាសប្រជែងពាន ពិសេសភ្នំពេញក្រោន ដែលត្រូវការពិន្ទុបន្ថែម ដើម្បីរក្សាកៅអី Top-4 ។
កាលជួបគ្នា ២ ជើង កន្លងមក ក្រុមទាំងពីរ បានត្រឹមចែកគ្នា ១ពិន្ទុម្នាក់ ក្រោយប្រកួត ស្មើគ្នា ០-០ នៅទឹកដី Smart RSN មុនវិសាខា បានយកឈ្នះភ្នំពេញក្រោន ៣-១ ក្នុងជើងទី២នៅលើទឹកដីកីឡដ្ឋានព្រីនស៍។ដូច្នេះនៅជើងទី៣នេះក្រុមណានឹងទទួលបានជ័យជម្នះ?។

ចំពោះក្រុមណាហ្គាវើលដ៏វិញ បន្ទាប់ពីខ្ចីកីឡដ្ឋានរបស់ក្លិបដទៃ ជាច្រើនរដូវ កាលកន្លងមក ពេលនេះ ពួកគេមានមូលដ្ឋានផ្ទាល់ខ្លួនហើយ ដោយប្រើប្រាស់កីឡដ្ឋាន ខេត្តកំពង់ស្ពឺ ក្រោយកីឡដ្ឋាន ស្ដង់ដារអន្ដរជាតិនេះ បានសាងសង់រួចរាល់ជាស្ថាពរ ក្រោមគំនិតផ្ដួចផ្ដើម របស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ​និងជាតំណាងរាស្ដ្រខេត្តកំពង់ស្ពឺ ដែលទើបសម្ពោធដាក់ឲ្យ ប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ ។ តើណាហ្គាវើលដ៏ អាចស្វែងរក ៣ ពិន្ទុបានទេ ក្នុងជំនួបជើងទី៣ ដែលជាការប្រកួតបើកសម្ពោធផ្ទះថ្មីនេះ? សម្រាប់ជំនួប ២ ជើង កន្លងមក ណាហ្គាវើលដ៏ បានយកឈ្នះក្រុមគិរីវង់ ដោយលទ្ធផល ២ទល់១ ទាំង២ជើង ។

ចំពោះការប្រកួត ២ គូផ្សេងទៀត ក្នុងសប្ដាហ៍ទី១៨ រួមមាន ក្រុមកំពូលតារាងព្រះខ័នរាជ ស្វាយរៀង ជួបក្រុមម្ចាស់ផ្ទះកងយោពលខេមរភូមិន្ទ នៅកីឡដ្ឋានស្ដាតចាស់ និងក្រុមបឹងកេត បើកទ្វារផ្ទះទទួលក្រុមភ្ញៀវ អង្គរថាយហ្គឺរ ។

គិតត្រឹមសប្ដាហ៍ទី១៧ ក្រុមព្រះខ័នរាជស្វាយរៀង កំពុងឈរកំពូលតារាង មាន ៣៩ពិន្ទុ តាមពីក្រោយដោយក្រុមវិសាខា មាន ៣៤ពិន្ទុ ។ រីឯក្រុមបឹងកេត ឈរលេខ៣ មាន ៣១ពិន្ទុ ខណៈក្រុមភ្នំពេញក្រោន ឈរលេខ៤ មាន ២៦ពិន្ទុ និងក្រុមណាហ្គាវើលដ៏ ឈរលេខ៥ មាន ២០ពិន្ទុក្នុងដៃ៕ V / N