ដោយៈវ៉ៃកូ / ស្វាយរៀងៈ លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាព្រឹកថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០២២ នេះ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២២ របស់រដ្ឋបាល ខេត្តស្វាយរៀង នៅសាលប្រជុំនន្ទី អគារ ឃ សាលាខេត្ត។

ក្នុងកិច្ចប្រជុំនេះ ក៏មានការត្រួតពិនិត្យ និងបូកសរុបលទ្ធផល នៃការអនុវត្តការងាររបស់ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំត្រីមាសទី៣ ឆ្នាំ២០២២ ផងដែរ។

នៅក្នុងឱកាសនោះ លោកអភិបាលខេត្ត បានថ្លែងនូវការកោតសរសើរ និងអរគុណ ចំពោះកងកម្លាំងមានសមត្ថកិច្ច ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ លើការងារពង្រឹងសន្តិសុខ សុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋ បានល្អប្រសើរ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាពិសេសការចូលរួមផ្សព្វផ្សាយ ក្នុងការបង្ការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាននានាក្នុងខេត្ត។

លោកអភិបាលខេត្ត បានដាក់ចេញនូវទិសដៅ និងចំណុចសំខាន់ៗ មួយចំនួន ដូចខាងក្រោម៖ ១- ត្រូវបន្តជម្រុញប្រជាពលរដ្ឋ កម្មករ ដែលមិនទាន់បានចាក់វ៉ាក់សាំង ឱ្យទៅទទួលការ ចាក់វ៉ាក់សាំង ឱ្យបានគ្រប់ៗគ្នា ពិសេសដូសទី៣ ដូសទី៤ និងដូសទី៥។ ២- គណៈបញ្ជាការឯកភាពរដ្ឋបាល ក្រុង ស្រុក ត្រូវត្រៀមលក្ខណៈរៀបចំទីទួល សុវត្ថិភាព និងត្រៀមសម្ភារគ្រប់បែបយ៉ាង ដើម្បីជម្លៀសប្រជាពលរដ្ឋ ពេលជួបគ្រោះ ធម្មជាតិ ដែលអាចកើតឡើងជាយថាហេតុ ដូចជាជំនន់ទឹកភ្លៀងជាដើម ក្នុងរដូវវស្សា ឆ្នាំនេះ។ ៣- មន្ទីរធនធានទឹក និងឧតុនិយម អាជ្ញាធរក្រុង ស្រុកទាំងអស់ ត្រូវបន្តតាម ដាន អំពីស្ថានភាពទឹកជំនន់ ដោយសារទឹកភ្លៀង និងផលប៉ះពាល់កសិផលរបស់ ប្រជាពលរដ្ឋ។ ៤-មន្ទីរកសិកម្មខេត្ត ត្រូវត្រៀមរៀបចំស្រូវពូជ សម្រាប់ចែកជូនគ្រួសារ រងគ្រោះដោយ រាំងស្ងួត និងរងគ្រោះ ដោយជំនន់ទឹកភ្លៀង។ ៥-គណៈបញ្ជាការឯកភាព រដ្ឋបាលក្រុង ស្រុក ត្រូវបន្តទប់ស្កាត់ និងបង្ក្រាប ចំពោះទីតាំងធ្វើអាជីវកម្មភ្នាល់ល្បែង ស៊ីសងគ្រប់ប្រភេទ ដែលខុសច្បាប់ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដែលគ្មានអាជ្ញាប័ណ្ណ ពីរាជរដ្ឋាភិបាល។ ៦-អាជ្ញាក្រុង ស្រុក ត្រូវពិនិត្យមើលការសាងសង់សំណង់ អនាធិបតេយ្យ ដែលគ្មានច្បាប់អនុញ្ញាត និងអាជីវកម្មពុះដីឡូតិ៍ អាជីវកម្មផ្ទះល្វែង សម្រាប់លក់ ត្រូវជំរុញឱ្យមកសុំច្បាប់ ឱ្យបានត្រឹមត្រូវ តាមប្រកាស ស្តីពីការគ្រប់គ្រង អាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុ មិនអនុញ្ញាតឱ្យលក់ដូរមុនសុំច្បាប់អនុញ្ញាតឡើយ ។ ៧.អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវពង្រឹងទប់ស្កាត់ ការជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋាន។ ៨.បន្តបង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងរឹតបន្តឹងការអនុវត្តច្បាប់ ជាពិសេសជម្រុញពាក់មួកសុវត្ថិភាព និងត្រួតពិនិត្យជាប្រចាំចំពោះរថយន្តដឹកកម្មករ ដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុ៕/V