ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ការប្រកួតកីឡាបាល់ទះ ដណ្តើមពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ នៅពហុកីឡដ្ឋាន ព្រីនស៍ រាជធានីភ្នំពេញ។

បើតាមការជូនដំណឹងរបស់ សហព័ន្ធកីឡាបាល់ទះកម្ពុជា ព្រឹត្តិការណ៍នេះ នឹងមានក្រុម បាល់ទះ ចំនួន ១២ ចូលរួម។ ក្លិបទាំង ១២ នោះ មានក្លិបកីឡាបាល់ទះវិសាខា, ក្លិបកីឡាបាល់ទះក្រសួងមហាផ្ទៃ, ក្លិបកីឡាបាល់ទះ កងពលធំអន្តាគមន៍លេខ៣, ក្លិបកីឡាបាល់ទះ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង, ក្លិបកីឡាក្លិបបាល់ទះ ស្នងការដ្ឋាននគរបាល ខេត្តសៀមរាប, ក្លិបកីឡាក្លិបបាល់ទះ ស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ, ក្លិបកីឡាក្លិបបាល់ទះ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង, ក្លិបកីឡាបាល់ទះ កូននាគឧត្តរ ខេត្តឧត្តរមានជ័យ, ក្លិបកីឡាក្លិបបាល់ទះ ស្នងការដ្ឋាន នគរបាលខេត្តតាកែវ, ក្លិបកីឡាបាល់ទះរដ្ឋបាលរាជធានីភ្នំពេញ, ក្លិបកីឡាក្លិបបាល់ទះ ខេត្តកំពង់ស្ពឺ និងក្លិបកីឡាបាល់ទះ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ហើយទំាង ១២ ក្រុមនេះ សុទ្ធសឹងជាក្រុមជើងខ្លាំង ប្រទេសដែលមានសិទ្ធិ ចូលរួមការប្រកួត កម្រិតកំពូល ។

ការដាក់ពាក្យចូលរួមប្រកួត នឹងប្រព្រឹត្តទៅ ចាប់ពីពេលនេះ រហូតដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២២ នៅទីស្នាក់ការសហព័ន្ធកីឡាបាលទះកម្ពុជា (ពហុកីឡដ្ឋានជាតិ អូឡាំពិក)។ ក្រុមចូលរួមទាំងអស់ ត្រូវតែចូលរួម ក្នុងសន្និសីទសារព័ត៌មាន ការប្រជុំបច្ចេកទេស និងការចាប់ឆ្នោតនា ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង៩ និង៣០ នាទីព្រឹក នៅសាលប្រជុំពហុកីឡដ្ឋានព្រីនស៍៕/V